សុន្ទរកថា នៅក្នុងពិធីបើកពិព័រណ៍ចិន-ឤស៊ាន លើកទី ១៥ ក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី ២១៖ បង្កើតសហគមន៍ចិន-ឤស៊ានប្រកបដោយនវានុវត្តន៍»
– ឯកឧត្តម ហាន ហ្សេង (Han Zheng) ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន; – ឯកឧត្តម, លោកជំទាវ, ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល; – ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ថ្ងៃនេះ, ខ្ញុំពិតជាមានក្តីសោមនស្សជាអនេក ដោយបានមកចូលរួមជាថ្មីម្តងទៀត ក្នុងពិធីបើកពិព័រណ៍ចិន- ឤស៊ាន លើកទី ១៥ ក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី ២១៖ បង្កើតសហគមន៍ចិន-ឤស៊ានប្រកបដោយនវានុវត្តន៍»។ ទន្ទឹមនេះ, ខ្ញុំ និងប្រជាជនកម្ពុជាទាំងមូល ពិតជាមានសេចក្តីរំភើប និងមានមោទនភាពឥតឧបមា ដោយកម្ពុជាទទួលបាននូវកិត្តិយសដ៏ធំធេង ដែលត្រូវបានជ្រើសរើសជាប្រទេសកិត្តិយសជាលើកទី ២ នៅក្នុងឱកាសដ៏វិសេស ដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក៏ដូចជាខួបលើកទី ១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងឤស៊ាន និងចិន។ នៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទី និងសារសំខាន់នៃពិព័រណ៍ចិន-ឤស៊ាន ដែលបានក្លាយជាវេទិកានយោបាយ ការទូត និងពាណិជ្ជកម្ម ប្រចាំឆ្នាំដ៏សំខាន់ និងមានប្រសិទ្ធភាព សម្រាប់ប្រមុខរដ្ឋ,…