សេចក្តីដកស្រង់សង្កថា ក្នុងពិធីបុណ្យសមុទ្រលើកទី ៥ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ក៏ដូចជាជនរួមជាតិ ដែលមើលតាមការផ្សាយបន្តផ្ទាល់ទាំងក្នុង និងក្រៅប្រទេស ជាទីគោរពរាប់អាន អរគុណស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យឯកជនផងដែរ ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការរីករាយដែលបានចូលរួមបើកពិធីបុណ្យសមុទ្រ លើកទី ៥ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំទាំងអស់របស់អាជ្ញាធរ គណៈអភិបាលខេត្តព្រះសីហនុ ក៏ដូចជាផ្នែកពាក់ព័ន្ធ ព្រមទាំងក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មការអន្តរក្រសួង នៅក្នុងការរៀបចំពិធីនេះ។ សូមសម្តែងនូវការអរគុណ និងកោតសរសើរចំពោះការចូលរួមនូវគ្រប់តួអង្គពាក់ព័ន្ធ ក្នុងនោះក៏មានវិស័យឯកជនផងដែរ ដែលបានចូលរួមឧបត្ថម្ភផង និងចូលរួមនៅក្នុងដំណើរការនៃបុណ្យសមុទ្រ ក្នុងរយៈពេល ៥ ឆ្នាំ កន្លងផុតទៅ។ តំណាងប្រជាជន ១៣០០ លាននាក់ ចូលរួមបុណ្យសមុទ្រ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដោយសារវាជាខួប ៥ ឆ្នាំ នៃបុណ្យសមុទ្ររបស់យើង ដែលក្នុងប៉ុន្មានឆ្នាំមុននេះ ខ្ញុំបានប្រគល់ឲ្យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ…