FN ៖ តើ «ទំនាស់» របស់ពិភពលោក «វិវត្តន៍និងប្រែប្រួល» ដូចម្តេច? តើអ្វីជា «ភ្នាក់ងារ» (Agent) នៃទំនាស់របស់ពិភពលោក? កម្ពុជា ឬបណ្តាប្រទេសតូចៗឯទៀត តិចឬច្រើនតែងរងឥទ្ធិពលពីការសាកល្បងទ្រឹស្តី និងទំនាស់របស់ពិភពលោកជានិច្ច។ ឥឡូវនេះ កម្ពុជា ក៏កំពុងរងឥទ្ធិពលនៃការសាកល្បងទ្រឹស្តី របស់ពិភពលោកនៅឡើយដែរ!។ «ទំនាស់» ធំៗរបស់ពិភពលោក «វិវត្តន៍&ប្រែប្រួល» តាមដំណាក់កាលដូចតទៅ៖
១៖ ទំនាស់ការប្រគួតឥទ្ធិពលរបស់អាណាចក្រ! Clash of Empires (ស.វទី ៣-៨)៖ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ខ្មែរក៏ជាអាណាចក្រ១ ហើយ អាណាម តុងកឹង ចំប៉ាគឺសុទ្ធតែជាអាណាចក្រ។ តែទីបំផុត អាណាចក្រ ចំប៉ា បាត់ពីផែនទីពិភពលោក។ តើពេលនោះ គេប្រើអ្វីធ្វើជាភ្នាក់ងារនៃទំនាស់? សូមសិក្សាបន្ថែម!
២៖ ទំនាស់នៃការប្រគួតឥទ្ធិពលសាសនា!Clash of Religious (ស.វទី៨-១៤)៖ ក្នុងបរិបទកម្ពុជា គឺអាចសិក្សាតាមរយៈប្រាង្គប្រាសាទ ដែលក្នុងអំឡុងសតវត្សរ៍ទី៨-១២ កើតឡើងនូវទំនាស់ប្រជែងឥទ្ធិពលរវាង ព្រហ្មញសាសនា និងព្រះពុទ្ធសាសនា គឺធំធេងណាស់។ ក្នុងពិភពលោកក៏មានសាសនាច្រើនណាស់ទៀតដែលប្រជែងគ្នា នូវទំនាស់រវាង នីកាយសាសនាផង និងរវាងសាសនា១នឹងសាសនា១ទៀតផង។ តើពេលនោះ គេប្រើអ្វីធ្វើជាភ្នាក់ងារនៃទំនាស់? សូមសិក្សាបន្ថែម!
៣៖ ទំនាស់នៃការប្រគួតឥទ្ធិពលមនោគមន៍វិជ្ជា! Clash of Ideology (ស.វទី១៩-២០)៖ ពិភពលោកប្រគួតគ្នារវាង លទ្ធិកុម្មុយនិស្ត និងពួកសេរីនិយម ឬហៅថា ប្រជាធិបតេយ្យ។ លទ្ធផលនៃការសាកល្បងទ្រឹស្តី និងការប្រគួតគ្នានេះ នាំឲ្យមាន «សង្គ្រាមត្រជាក់» កើតឡើង។ តើសង្គ្រាមត្រជាក់នៅឥណ្ឌូចិន ស្លាប់មនុស្សអស់ប៉ុន្មាន? គ្រាន់តែកម្ពុជា ស្លាប់ប្រជាជនអស់ ៨សែនាក់ដោយការទម្លាក់គ្រាប់បែក ជាង៣លាននាក់ដោយសារអំពើប្រល័យពូជសាសន៍។ នេះមិនរាប់អំពី ជនពិការ ទុក្ខសោករបស់ ប្រជាជនដែលត្រូវព្រាត់ប្រាស់បងប្អូន និងការអន្តរាយលើហេដ្ឋារចនាសម្ព័ន្ធសង្គមនោះផង។ ដោយសារការប្រគួតឥទ្ធិពលមនោគមន៍វិជ្ជានេះ គេបានធ្វើឲ្យប្រជាជាតិក្នុងឥណ្ឌូចិន «ក្លាយជាមិត្តផង និងជាសត្រូវនឹងគ្នា» ផង ហើយក៏បន្សល់ទុកមរតកជម្លោះទាំងខាងបូរណភាពអធិបតេយ្យ និងការរើសអើងពូជសាសន៍ មានមកទល់សព្វថ្ងៃ។ តើគេប្រើអ្វីធ្វើជាភ្នាក់ងារនៃទំនាស់? សូមសិក្សាបន្ថែម!
៤៖ ទំនាស់នៃការប្រគួតឥទ្ធិពលអារ្យធម៌! Clash of Civilizations (ស.វទី២០)៖ ទំនាស់នេះកើតឡើងដោយការឈឺចាប់នៃពិភពម៉ូស្លីម ប្រឆាំងវប្បធម៌ អារ្យធម៌ របស់លោកខាងលិច ជាពិសេសគោលដៅគឺពួកគេប្រឆាំងអាមេរិក។ សង្គ្រាមអាមេរិកនៅឈូងសមុទ្ទពែកក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បង្កើតការឈឺចាប់ខ្លាំងណាស់។ វប្បធម៌អាសអាភាសរបស់លោកខាងលិច ក៏ធ្វើឲ្យជនម៉ូស្លីមស្អប់ខ្លាំងណាស់ដែរ។ ដូច្នេះ ព្រឹត្តិការណ៍ 9/11 ឆ្នាំ២០១១ នៃការវាយប្រហារដោយប្រើយន្តហោះធ្វើអត្តឃាតបុកកម្ទេច មជ្ឈមណ្ឌលពាណិជ្ជកម្មអាមេរិក World Trade Center ការវាយលើមន្ទីរបង់តាហ្គោន ដែលជាទីបញ្ជាការយោធាអាមេរិក គឺជាផែនការ និងការលះបង់ក្នុងបុព្វហេតុដើម្បីរំលាយអាមេរិកឲ្យទៅជាផេះ។
សហរដ្ឋអាមេរិក ក៏បើកការវាយប្រហារលើប្រទេស អ៊ីរ៉ាក់ និងបង្ក្រាបប្រទេសម៉ូស្លីមជាច្រើនទៀតដែរ។ សួរថា តើនេះជា ប្រជាធិបតេយ្យឬ? បើប្រជាធិបតេយ្យប្រើកាំភ្លើង វាមិនមែនជាដំណើរឆ្ពោះទៅរកសេរីភាពទេ ប៉ុន្តែនិយាយឲ្យខ្លី គឺវាជា«ការសងសឹក!» សងសឹក! សងសឹក!។
ភ្នាក់ងារដ៏មុតស្រួចក្នុងទំនាស់អារ្យធម៌នេះ គឺក្រុម «អត្តឃាត» ដែលហ៊ានពលីកម្មជីវិតបើកយន្តហោះកម្ទេចអាមេរិក ឬឱបដាក់គ្រាប់បែករត់ចូលកម្ទេចគោលដៅណាមួយ (suicide bombers)។ នេះជាសោកនាដកម្មរបស់មនុស្សជាតិ និងពិភពលោក។
៥៖ ទំនាស់នៃការប្រគួតឥទ្ធិពលទំនើបកម្មនិងសម្ភារៈនិយម! Clash of Modernity ឬអាចហៅម្យ៉ាងទៀតថា Clash of Technology (ស.វទី២១)៖ «សម្ភារៈកំណត់មនសិការ» បានបង្កើតស្ថានភាពប្រេះស្រាំក្នុងប្រជាជាតិនីមួយៗយ៉ាងខ្លាំង ដែលសូម្បីប្រទេសអាមេរិកខ្លួនឯង ក៏បែកបាក់ស្មារតីជាតិធំធេង និងធ្លាក់ចុះនូវសីលធម៌ គុណធម៌ ដ៏អាក្រក់បំផុតដែរ។
តែទោះបីជាយ៉ាងណា ប្រទេសតូចៗ គឺរងផលប៉ះពាល់ច្រើនជាង។ទំនាស់នៃការប្រគួតឥទ្ធិពលទំនើបកម្មនិងសម្ភារៈនិយម វាធ្វើឲ្យទម្រង់នៃការដឹកនាំប្រែប្រួល ក៏ប៉ុន្តែផលប៉ះពាល់ធំរបស់វា គឺលើឥរិយាបទ និងសីលធម៌របស់មនុស្ស។ ភ្នាក់ងារដ៏សកម្មក្នុងទំនាស់របស់ពិភពលោកបែបថ្មីនេះ គឺបច្ចេកវិទ្យា IT & Social Media ដែលសំដៅដល់ Facebook ។ ភ្នាក់ងារនេះ មានមុខងារ២គឺ ជួយផង និងបំផ្លាញផង។
ជាការពិត រាល់ទំនាស់ ឬសង្គ្រាមដែលកើតឡើង ភ្នាក់ងាររបស់វា គឺមនុស្ស សព្វាវុធ មនោគមន៍វិជ្ជា និងបច្ចេកវិទ្យា គឺទៅជាមួយគ្នា គ្រាន់តែថា គេប្រើមួយណាច្រើនជាង។ ទាំងទ្រឹស្តីនិងភាពជាក់ស្តែង អ្វីដែលកើតមក គឺវានឹងវិវត្តន៍តទៅទៀត ទៅទម្រង់ទំនើបកម្មថ្មី ឬអន្តរាយ។ ប្រទេសតូចៗ តែងតែរងឥទ្ធិពលពីការបង្កើតទ្រឹស្តីថ្មីៗ របស់ពិភពលោក និងការដែលគេសាកល្បងទ្រឹស្តីនេះ។ ឥទ្ធិពលទំនាស់ពីខាងក្រៅ វាក៏បង្កើតឲ្យមានទំនាស់នៅខាងក្នុងផងដែរ។ ហេតុអ្វី? រឿងនេះសាមញ្ញនិងងាយយល់បំផុត។ ដំបូងឡើយគេបង្កើតនិងសាកល្បងលើ IPhone 4 និងអភិវឌ្ឍ បន្តបន្ទាប់ទៀតគឺ IPhone 5, 6 និងឥឡូវនេះ គឺ iPhone 7។ អ្នកទ្រស្តីបង្កើតថ្មីគេមិនឈប់ត្រឹមនេះទេ គេនឹងបង្កើតទ្រឹស្តីថ្មីៗជាស៊េរីបន្តទៀត។ ដូច្នេះ តើទំនាស់វានៅកន្លែងណាបើទូរស័ព្ទដូចតែគ្នា?៖
ទី១) ទំនាស់សម្ភារៈនិយមដោយលទ្ធភាព៖ ឪពុកអត់លុយ តែកូនបន្តទាមទារដូរម៉ូតទូរស័ព្ទ ឬម៉ូតរថយន្ត។ កូនមាន IPhone 4 ប្រើហើយ តើបើដូរ iPhone 5 អត់បាន វាទៅជាកើតទំនាស់! តើក្នុងទំនាស់នេះ១ណាខុស ១ណាត្រូវ? ត្រូវឬខុស គឺរកមិនឃើញទេ។ ក៏ប៉ុន្តែ ចូរយល់ថា ទាំងឪពុកនិងកូន គឺរងគ្រោះដូចគ្នាលើបញ្ហាសម្ភារៈនិយមនេះ។
ទី២) ទំនាស់លើបញ្ហាសម្ភារៈនិយមដោយការប្រៀបធៀប៖ មានរថយន្តប្រើដូចគ្នា គ្រាន់តែមួយស៊េរីឆ្នាំ២០១០ ហើយមួយទៀតស៊េរីឆ្នាំ២០១២ ក៏ប្រកួតគ្នា ដែលធ្វើឲ្យមានទំនាស់លើសីលធម៌ និងវណ្ណៈភាពសង្គមដែរ។ មានរថយន្តម៉ាក តូយូតា ដូចគ្នា តែមួយ Land cruiser ហើយមួយទៀត Lexus 2017 ក៏បង្កើតទំនាស់ប្រៀបធៀបដែរ។
ទំនាស់នៃការប្រគួតឥទ្ធិពលទំនើបកម្ម និងសម្ភារៈនិយម ក្នុងយុគ្គសម័យបច្ចេកវិទ្យា គឺមានលក្ខណៈសកលផង លក្ខណៈតំបន់ផង លក្ខណៈសង្គមផង និងកាន់តែតូចទៅទៀតគឺរវាងបុគ្គលនិងបុគ្គល។ ទំនាស់នេះពេលខ្លះមើលឃើញ ពេលខ្លះមើលមិនឃើញ។ អ្វីដែលជាចំណុចគ្រោះថ្នាក់បំផុតក្នុងទំនាស់សម្ភារៈនិយមក្នុងសម័យបច្ចេកវិទ្យា ទាំងក្នុងសង្គម និង នយោបាយ គឺនៅពេលដែល៖ទី១) ប្រជាជនខំរត់តាមទ្រឹស្តីគេ ដែលគេនឹងបន្តបង្កើតជាស៊េរីជារៀងរាល់ឆ្នាំមិនឈប់ឈរ និងទី២)គឺប្រជាជនមិនបានដឹងអ្វីជារបស់ពិត ឬការពិត! នោះនៅត្រង់អ្វី? សម័យឥឡូវ ទូរស័ព្ទ ឡើងស៊េរីមិនឈប់ឈរម រថយន្តចាស់អាចកែឡើងស៊េរីថ្មីបន្លំភ្នែកគេបាន។ រថយន្តផលិតឆ្នាំ២០១០ កែឡើងស៊េរីឆ្នាំ២០១៦។ រីឯអ្នកនយោបាយ ក៏កែឡើងស៊េរីដែរ។ អ្នកនយោបាយចាញ់ឆ្នោត៤អាណត្តិជាប់ៗគ្នា ឬអ្នកនយោបាយពួនស៊ុគ្រំ ក្នុងបន្ទប់ កែស៊េរី ដូរឈ្មោះបក្ស ដូរសារនយោបាយជារផងរាល់ពេល បោកបន្លំត្រចៀកប្រជាជនឥតឈប់ឈរ…។
នេះជាប្រវត្តិសាស្ត្រ ជាទ្រឹស្តី និងភាពជាក់ស្តែងផង ដែលយើងទាំងអស់គ្នា ត្រូវមានភាពប្រាកដនិយមក្នុងជំនឿនិងការសម្រេចចិត្ត។ អ្វីៗវានឹងប្រែប្រួល តែយើងត្រូវចេះសម្របនិងត្រូវគ្រប់គ្រងការប្រែប្រួលដោយខ្លួនយើង និងដោយម្ចាស់ការ។ ការធ្វើនយោបាយដោយងងិតងងុលបម្រើទ្រឹស្តីនិងមនោគមន៍វិជ្ជាបរទេស គឺស្មើនឹងបំផ្លាញជាតិ។ «ការធ្វើនយោបាយ បម្រើផលប្រយោជន៍ជាតិខ្មែរ គឺស្នេហាជាតិ»។
«សន្តិភាព» នៅកម្ពុជា ដែលបានមកហើយនេះមានតម្លៃខ្លាំងណាស់ហើយមិនមែនបានដោយងាយស្រួលនោះទេ។ សន្តិភាព ដែលកើតមានឡើងនៅលើដែនដីព្រះរាជាណាចក្រកម្ពុជានេះ គឺមានន័យថា៖ ទី១) យើងបន្ថយនិងបញ្ចប់បានឥទ្ធិពលទំនាស់ពីបរទេស ទី២)យើងបញ្ចប់បានការបែកបាក់ហែកហួរផ្ទៃក្នុងយើងផង។
ទោះបី Facebook វាស៊ីអារម្មណ៍ដែល ការពិត ក្លែងក្លាយ កាត់ ត បំភ្លៃ បំផ្លើស ប្រឌិត គេធ្វើបានក្នុងពេលតែមួយ។ ប៉ុន្តែ សូមកុំធ្វើនយោបាយស៊ីជោ តាមអារម្មណ៍ ដោយងងិតងងុល ដែលនាំគ្រោះថ្នាក់ដល់ជាតិនិងប្រជាជន។ សូមកុំស៊ីអារម្មណ៍ តាមអ្នកនយោបាយឡើងស៊េរី។ សូមក៉ំបន្លែងលេង ឈ្លក់វង្វេង រហូតពុល មនោគមន៍វិជ្ជាបរទេស ដោយមិនដឹងខ្លួន។ វិន័យ និង ច្បាប់ ត្រូវតែអនុវត្ត ដើម្បីចូលរួមថែរក្សាការពារ សន្តិភាព។
កម្ពុជា៖ យើងត្រូវមើលឲ្យឃើញពីគុណតម្លៃសន្តិភាព ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។ សន្តិភាព នេះផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាមានពេលវេលាជាមហាគ្រួសារខ្មែរ ឈរសំឡឹងមើលអនាគតកម្ពុជាក្នុងស្នាមញញឹមដ៏ប្រសើរ។ យើងនៅជាមួយគ្នាតទៅទៀត! សូមអរគុណ ស្ថាបនិកសន្តិភាព!៕