FN ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើពិធីប្រគល់អំណោយជាអង្ករចំនួន១៨០តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ដោយអនុសាខានីមួយៗទទួលបានអង្ករចំនួន១៥តោន ។
នៅក្នុងឱកាស នៃពិធីប្រគល់អំណោយជាអង្ករនោះ លោកស្រីពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ ផ្តាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់អនុសាខាខណ្ឌទាំង១២ ដែលកន្លងមកតែងតែបានធ្វើសកម្មភាពមនុស្សធម៌ ជាបន្តបន្ទាប់ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយបានចុះជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នកដែលត្រូវការឱ្យជួយដល់លំនៅឋានដែលក្នុងនោះមាន ចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកមានជំងឺរ៉ាំរ៉ៃ អ្នករស់នៅជាមួយមេរោគអេដស៍។ ល និងល។ហើយថ្ងៃនេះដែលទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្តល់អង្ករចំនួន១៥តោន ដល់អនុសាខានីមួយៗ គឺសម្រាប់ឲ្យអនុសាខា យកទៅចាត់ចែងផ្តល់ជូនដល់អ្នកងាយរងគ្រោះបំផុតចំនួន៥០០គ្រួសារ នៅក្នុងដែនដីសមត្ថកិច្ចនៃខណ្ឌនីមួយៗឲ្យមានប្រសិទ្ធភាព ដោយគ្មានការរើសអើងការប្រកាន់វណ្ណៈពូជសាសន៍ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា ថ្នាក់កណ្ដាល បានផ្តល់អំណោយមនុស្សធម៌នេះដល់អនុសាខាទាំង ១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ បានចំនួន ៥លើករួចមកហើយ ហើយថ្ងៃនេះ គឺជាការផ្តល់ជូនលើកទី ៦ សម្រាប់ ខណ្ឌនីមួយៗ ៕