សុន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃ អង្គការសហប្រជាជាតិ ក្រោមមូលបទ៖ «អនាគតដែលយើងទាំងអស់គ្នាចង់បាន សហប្រជាជាតិដែលយើងត្រូវការ ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម»
ឯកឧត្តមប្រធាន ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាទីរាប់អាន! ខ្ញុំសូមចូលរួមជាមួយថ្នាក់ដឹកនាំទាំងអស់ អបអរសាទរខួបលើកទី ៧៥ នៃ អង្គការសហប្រជាជាតិ ។ ជាការពិត ការប្រារព្ធខួបលើកទី ៧៥ នេះ គឺស្ថិតនៅក្នុងកាលៈទេសៈនៃការបង្អាក់រំខានដ៏ខ្លាំងក្លាចំពោះពិភពលោក បង្កឡើងដោយវិបត្តិសុខភាពសកលពុំធ្លាប់មាន ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីភាពខ្ទេចខ្ទាំក្នុងភ្លើងសង្គ្រាមលោកលើកទី ២ នៅក្នុងបុព្វកថានៃធម្មនុញ្ញអង្គការសហប្រជាជាតិ មេដឹកនាំនៃពិភពលោកបានប្រកាសថា ការប្រើប្រាស់នូវ «យន្តការអន្តរជាតិសម្រាប់ការលើកស្ទួយសេដ្ឋកិច្ច និងការរីកចម្រើនក្នុងសង្គមសម្រាប់ប្រជាជនគ្រប់រូប » គឺជាមធ្យោបាយជាសារវន្តក្នុងការធានាសុខសន្តិភាព ការលើកកម្ពស់សិទ្ធិមនុស្ស និងធានានូវវឌ្ឍនភាពសង្គម។ ផ្ទុយពីទស្សនវិស័យនេះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលកំពុងតែស្ថិតនៅជាធរមាន យើងសងេ្កតឃើញថា «យន្តការអន្តរជាតិ» និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបុព្វហេតុនេះ កំពុងរងការបំផ្លិចបំផ្លាញ និងតម្រូវឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។ ជាក់សែ្តង យន្តការពហុភាគីនិយម កំពុងទទួលរងការវាយប្រហារយ៉ាងដំណំ ពិសេសគឺដោយសារទង្វើជាតិនិយមជ្រុល និងគាំពារនិយមរបស់ប្រទេសមហាអំណាចខ្លះលើសកលលោក។ ជំនួសការទទួលបានការគាំទ្រ ជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍តែងត្រូវបានបែ្រក្លាយជាមុខព្រួញនៃការដាក់ទណ្ឌកម្ម ចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈដែលសមត្ថភាពប្រទេសទន់ខ្សោយទាំងនោះនៅមានការខ្វះខាត ក្នុងកិច្ចការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជាសិទ្ធិទទួលបានសន្តិភាព សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារ ទីជម្រក និងការងារជាដើម។…