ក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ,
គណៈចាងហ្វាងនៃសាសនាឥស្លាម ថ្នាក់ដឹកនាំនៃសាសនាគ្រឹស្ត និងសាសនាដទៃទៀតដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសុំជម្រាបជូនបងប្អូនជនរួមជាតិជាទីគោរពឲ្យបានជ្រាប!
(១)យកទំហំទីតាំងធំ ឬតូច ដើម្បីកំណត់ចំនួនមនុស្សចូលរួមពិធីអាពាហ៍ពិពាហ៍ បូកវិធានការសុខាភិបាល
បន្ទាប់ពីការពិនិត្យឡើងវិញ ហើយដែលបានពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ខ្ញុំព្រះករុណាខ្ញុំ សុំធ្វើការណែនាំទៅដល់គ្រប់ស្ថាប័ន គ្រប់អាជ្ញាធរដែនដី ក៏ដូចជាចំពោះប្រជាពលរដ្ឋកម្ពុជាយើង មានចំណុច ២ សំខាន់។
ទី ១ កាលពីប៉ុន្មានថ្ងៃមុននោះ ខ្ញុំព្រះករុណាខ្ញុំបានប្រកាសថា ឲ្យរៀបចំអាពាហ៍ពិពាហ៍ដោយកំណត់មនុស្សយ៉ាងច្រើន ២០០ នាក់ ដោយមិនគិតអ្នកផ្តល់សេវា។ ប៉ុន្តែក្រោយពីការពិនិត្យ បើការកំណត់បែបនេះគឺមិនសមស្របនោះទេ គឺយើងយកស្តង់ដានៃការអនុវត្តតាមវិធានសុខាភិបាល។ ឧទាហរណ៍ គម្លាតដែលត្រូវដាក់មួយតុចំនួន ៧ នាក់ ប្រសិនបើមានទីតាំងធំ អ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន។ គេអាចអញ្ជើញ ៥០០ នាក់ ៧០០ នាក់ ឬដូច ១.០០០ នាក់។ ប៉ុន្តែត្រូវតែធានាចាំបាច់នូវការរក្សានូវគម្លាតទៅតាមតុដែលត្រូវបានរៀបចំ។ ទីកន្លែងធ្វើពិធីទៀតសោត គ្នាតិច ឬគ្នាច្រើន ក៏អាស្រ័យទៅលើការរក្សាគម្លាត ដែលអាចធ្វើទៅបាន តាមវិធានការសុខាភិបាល ព្រោះបើសិនយើងកំណត់ ២០០ នាក់ស្មើៗគ្នា គឺមិនស្របទៅនឹងទីកន្លែង គឺអាចនឹងពិបាកអនុវត្ត។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ សុំផ្តល់ជូនបងប្អូនជនរួមជាតិ គឺសម្រេចចិត្តទៅតាមទីកន្លែងដែលមាន។
គួរអញ្ជើញតែភ្ញៀវណាដែលបានចាក់វ៉ាក់សាំង ២ ដូស
នោះគឺទាក់ទិនជាមួយនឹងការរៀបចំអាពាហ៍ពិពាហ៍ ហើយដែលត្រូវអញ្ជើញមនុស្សតិច ឬមនុស្សច្រើន គឺអាស្រ័យទៅលើទំហំនៃទីកន្លែង។ ហើយក៏ត្រូវពិនិត្យឲ្យបានច្បាស់ ចំនួនអ្នកចូលរួមពិធីអាពាហ៍ពិពាហ៍ អញ្ជើញតែមនុស្សណាដែលបានចាក់វ៉ាក់សាំងបាន ២ ដូស។ ក្នុងករណីអ្នកដែលមិនបានចាក់ ដោយសារការហាមឃាត់របស់គ្រូពេទ្យ គឺមិនជាបញ្ហានោះទេ ក៏ប៉ុន្តែអ្នកដែលគេចវេះពីការចាក់វ៉ាក់សាំង មិនគួរគប្បីបានលើកទឹកចិត្ត ឲ្យមានការអញ្ជើញចូលរួមនៅក្នុងអាពាហ៍ពិពាហ៍នេះទេ ដែលវាអាចទៅជាភ្នាក់ងារចម្លងនៅក្នុងអាពាហ៍ពិពាហ៍ដែលត្រូវរៀបការ។ ដូច្នេះបងប្អូនជនរួមជាតិ មានលទ្ធភាពដើម្បីអញ្ជើញភ្ញៀវមិនមែនត្រឹម ២០០ នាក់ទៀតទេ គឺមានលទ្ធភាព រាប់រយ ច្រើនរយ រហូតដល់រាប់ពាន់នាក់ ទៅតាមទីតាំងដែលសមស្របតាមការកំណត់របស់ក្រសួងសុខាភិបាល។ ឧទាហរណ៍ ក្រសួងសុខាភិបាលកំណត់ឲ្យ ៧ នាក់ ក្នុងមួយតុ បើនៅកន្លែងនោះអាចដាក់បាន ១០០ តុ គេអាចដាក់បានដល់ទៅ ៧០០ នាក់តែម្តង។ ហើយគេមិនគិតទៅដល់អ្នកភ្លេង អ្នកបម្រើ និងអ្នកផ្តល់សេវាដទៃទៀត ដូចជាអ្នកថតរូប អ្នកលើកម្ហូប ចុងភៅជាដើម។ នេះជាការបើកទូលាយបន្ថែមទៀត សម្រាប់ការបើកប្រទេសឡើងវិញ ហើយក៏ដូចជាការរៀបចំនូវពិធីឲ្យបានសមរម្យ ក្នុងពេលដែលយើងបានចាក់វ៉ាក់សាំងគ្រប់គ្រាន់។
នៅតែរក្សាគម្លាត បូកវ៉ាក់សាំង និងប្រកាន់វិធានការសុខាភិបាល នៅតាមកន្លែងពិធី
ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ នៅតែអំពាវនាវ ឲ្យរក្សានូវគម្លាត បន្ថែមទៅដោយការទទួលវ៉ាក់សាំង បូកបន្ថែមទៅដោយវិធានការសុខាភិបាលដែលត្រូវប្រកាន់យក នៅពេលចូលទៅដល់កន្លែងពិធី ទាំងពិធីតាមប្រពៃណី និងតាមពិធីដែលត្រូវរៀបចំអាពាហ៍ពិពាហ៍នៅទីកន្លែង ដែលគេហៅថា ស៊ីការ។ ការប្រើអាល់កុលលាងដៃ ការពិនិត្យកំដៅ នៅតែចាំបាច់សម្រាប់ឲ្យបងប្អូនមានសុវត្ថិភាព នៅក្នុងពេលរៀបអាពាហ៍ពិពាហ៍ សម្រាប់គូស្រករថ្មីរបស់យើង ដែលសុំជូនពរឲ្យគូស្រករថ្មី ដែលប្រុងនឹងរៀបការ ហើយដែលនឹងរៀបការហើយ កុំឲ្យមានបញ្ហា។ នេះជាចំណុចទី ១ ដែលអាចដោះស្រាយបាននូវកង្វល់របស់បងប្អូន ដែលថាហៅភ្ញៀវមិនគ្រប់ ហើយបន្ថែមលើនោះ គឺដាក់បន្ទុកទៅលើការលំបាករបស់បងប្អូន។ នេះទៅតាមទីកន្លែង ទៅតាមលទ្ធភាពរបស់បងប្អូនប៉ុណ្ណោះ សម្រាប់អ្នកក្រីក្រ កុំថាឡើយភ្ញៀវដល់ទៅ ៥០០ នាក់ ៣០០ នាក់ សូម្បីតែ ១០០ នាក់ គឺសមរម្យសម្រាប់ពួកគាត់។ ប៉ុន្តែឥឡូវនេះគឺថាលទ្ធភាពទៅតាមលទ្ធភាពរបស់គ្រួសារនីមួយៗ និងទៅតាមទំហំ។
(២)ពិធីសាសនា ក៏យកទំហំទីកន្លែងដើម្បីកំណត់ចំនូនអ្នកចូលរួម ជាមួយការរក្សាគម្លាត ១ ម៉ែត្រកន្លះ
(ទី ២) សម្រាប់ខាងវិស័យសាសនាវិញ ក៏យើងមិនកំណត់នូវចំនួនមនុស្សនៃការចូលរួមនោះទេ។ សុំឲ្យក្រសួងសុខាភិបាល ហើយកិច្ចការងារនេះ ក្រសួងសុខាភិបាលត្រូវធ្វើការជាមួយក្រសួងធម្មការ និងសាសនា ដោយកំណត់យកការរក្សាគម្លាតធ្វើជាមូលដ្ឋាន។ ការកំណត់មនុស្សគឺមិនត្រូវទេ បើសិនជាយើងកំណត់ថា ២០០ នាក់ ក្នុងមួយកម្មវិធី ឧទាហរណ៍ ក្នុងព្រះវិហារឥស្លាមមាន(ទំហំ)តូច ប្រសិនបើយើងឱ្យចូលទាំង ២០០ នាក់ គឺវាប៉ះពាល់។ វិហារព្រះពុទ្ធក៏អញ្ចឹង វិហារគ្រឹស្តក៏អញ្ចឹង។ ដូច្នេះត្រូវយកស្ដង់ដារក្សាគម្លាតមួយម៉ែត្រកន្លះ។ បើដាក់បានច្រើនលើសពី ២០០ នាក់ រហូតដល់ ៥០០ នាក់ ក៏អត់បញ្ហាអ្វីដែរ ឱ្យតែមានទីកន្លែង អញ្ចឹងសូមឱ្យបងប្អូនទាំងពុទ្ធសាសនិក ទាំងសាសនិកឥស្លាម ក៏ដូចជាគ្រឹស្តបរិស័ទ និងសាសនាដទៃទៀត អនុវត្តយកគោលការណ៍ផ្ដើមចេញពីវិធានការសុខាភិបាលរក្សាគម្លាតមួយម៉ែត្រកន្លះ ធ្វើជាមូលដ្ឋាននៃការជួបជុំ គឺយើងមិនបានកំណត់មនុស្សនោះទេ។ ទីកន្លែងធំអាចមានភ្ញៀវច្រើន ទីកន្លែងតូចអាចមានភ្ញៀវតិច។ អញ្ចឹងទេ បងប្អូនដោះស្រាយបញ្ហានេះដោយភាពម្ចាស់ការ។
ពិនិត្យមើលអ្នកចូលរួមពិធីបានទទួលការចាក់វ៉ាក់សាំងឬនៅ
ក្នុងពេលជាមួយគ្នា ក៏ត្រូវពិនិត្យអំពីអ្នកចូលរួមដែលបានទទួលវ៉ាក់សាំង ឬមិនបានទទួលវ៉ាក់សាំង គឺជាការខិតខំ ព្រោះយើងមិនឱ្យអ្នកដែលមិនបានចាក់វ៉ាក់សាំង ក្លាយទៅភ្នាក់ងារចម្លង ទៅដល់អ្នកដែលបានទទួលវ៉ាក់សាំងរួចមកហើយទេ។ ព្រះសង្ឃគ្រប់ព្រះអង្គ សាសនិកឥស្លាមគ្រប់មនុស្ស ក៏ដូចជាគ្រឹស្តបរិស័ទគ្រប់មនុស្សទាំងអស់ ត្រូវពិនិត្យទៅលើរឿងនេះ។ ហើយត្រូវមានម៉ាស់ មានអាល់កុល រក្សាគម្លាតសុវត្ថិភាពជាការចាំបាច់។
ក្លឹប ខារ៉ាអូខេ ឌីស្កូតែក មិនទាន់ឲ្យបើក រង់ចាំមើលក្រោយថ្ងៃ ៣០ វិច្ឆិកា
សារនេះបញ្ជូនសម្រាប់ខាងផ្នែកសាសនាគ្រប់សាសនាទាំងអស់ ដើម្បីអនុវត្តនៅទូទាំងប្រទេស។ អ្វីដែលជាចំណុចពិសេស ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំបានដឹងថា ក្មួយៗ ចៅៗ ដែលកំពុងរៀបចំការកំពុងកក់អ្នកចំរៀង កក់អាចារ្យ (អញ្ជើញ)អ្នកចូលរួម ដែលត្រូវបានចូលរួមនៅក្នុងអាពាហ៍ពិពាហ៍របស់ខ្លួន។ សង្ឃឹមថាក្មួយៗ ចៅៗ នឹងទទួលបាននូវព័ត៌មានដ៏ល្អនេះ។ អាចារ្យ អ្នកភ្លេង អ្នកចំរៀង ក៏នឹងបានទទួលព័ត៌មានដ៏ល្អនេះ សម្រាប់ការចូលរួមនៅពេលខាងមុខ ដែលមុខរបរទាំងឡាយនឹងបានត្រឡប់មកវិញ។ ប៉ុន្តែ សុំអង្វរកររង់ចាំជាមួយនឹងអ្នកដែលត្រូវ ខារ៉ាអូខេ ក្លឹបកំសាន្ត ឌីស្កូតែក គឺត្រូវរង់ចាំក្រោយថ្ងៃ ៣០ ខែវិច្ឆិកា ព្រោះនោះគឺជាតំបន់ដែលងាយរងគ្រោះ ហើយប្រហែលជាយើងក៏ត្រូវរកវិធានការ ដើម្បីរៀបចំបើកឱ្យបានសុវត្ថិភាពចំពោះទីកន្លែងអស់ទាំងនោះ។
ខ្ញុំព្រះករុណាខ្ញុំ វិលត្រឡប់មកកាន់បញ្ហារៀបអាពាហ៍ពិពាហ៍ ជូនសារមិនកំណត់ចំនួនមនុស្សទេ តែកំណត់អំពីទីតាំងធំ ឬតូច ដើម្បីកំណត់ចំនួនមនុស្ស ជាមួយនឹងវិធានការដែលក្រសួងសុខាភិបាលដាក់ចេញ។ ដូច្នេះបងប្អូនអាចអញ្ជើញភ្ញៀវច្រើន ឬតិច ទៅតាមទំហំនៃទីកន្លែង បូកជាមួយនឹងវិធានការសុខាភិបាលដែលត្រូវប្រកាន់យក។ ផ្នែកសាសនាគ្រប់សាសនាក៏មិនកំណត់ចំនួនមនុស្សដែរ តែកំណត់ចំនួន(មនុស្សទៅតាមទំហំ)ទីតាំងទៅវិញទេ។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមទីអារាម ក៏ដូចជាបងប្អូនសាសនិកឥស្លាម នៅតាមព្រះវិហារ និងវិហារសាសនាគ្រឹស្ត ក៏ដូចជាបងប្អូនជនរួមជាតិដែលមានធុរៈត្រូវរៀបអាពាហ៍ពិពាហ៍កូនប្រុស/ស្រី ចៅប្រុស/ស្រីរបស់ខ្លួន នឹងទទួលបាននូវព័ត៌មាននេះ ដើម្បីរៀបចំទៅតាមទីកន្លែងរៀងៗខ្លួន។
សូមប្រគេនពរចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះសាសនិកឥស្លាម គ្រឹស្តសាសនិក ក៏ដូចជាជូនពរចំពោះបងប្អូនជនរួមជាតិ សុំប្រកបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន នៅក្នុងឱកាសនៃការបើកប្រទេសឡើងវិញ សម្រាប់សេចក្ដីត្រូវការនៃរស់នៅតាមគន្លងថ្មីរបស់ជាតិយើង សុំអរព្រះគុណ សុំអរគុណ៕