សម្តេចតេជោ ហ៊ុន សែន ប្រកាសយកមៀនទិញពីកសិករ ទៅចែកកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័ក
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។ សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ថ្មីៗនេះខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារ ដើម្បីលក់មៀនបាន។ នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ទទួលទានដោយមិនគិតថ្លៃ»។ សម្តេចតេជោ បានបន្ថែមថា «នេះជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ»។ សម្តេចតេជោ បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង, លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។…