FN ៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយការជម្នះការលំបាក និងឧបសគ្គជាច្រើន។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖
- សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកចូលរួមក្នុងពិធីចែកសញ្ញាបត្រទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់កុមារា កុមារី ស្លាប់បាត់បង់ជីវិតដោយសារការលិចទូក។
- សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានប្រោសព្រះរាជទានព្រះរាជទ្រព្យរំលែកមរណទុក្ខជាមួយគ្រួសារសព។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ដែលបានប្រឹងប្រែងរួមគ្នាជួយដល់សង្គ្រោះ និងរុករកសពជនរងគ្រោះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលបានឈរជើងជាប់ប្រចាំក្នុងប្រតិបត្តិការរុករកសពជនរងគ្រោះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហេតុការណ៍គ្រោះលិចទូកនេះ បានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការ និងការរួមសាមគ្គីគ្នាក្នុងសង្គមខ្មែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះនិស្សិតដែលទទួលបានជ័យលាភី និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំពោះការប្រឹងប្រែងអភិវឌ្ឍន៍ និងពង្រឹងគុណភាពអប់រំ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ កម្ពុជាខ្វះខាតធនធានមនុស្សខ្លាំងណាស់ តែបច្ចុប្បន្នកម្ពុជាបណ្តុះបណ្តាលបានធនធានមនុស្សជាច្រើន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍជាតិ ត្រូវការជាចាំបាច់នូវធនធានមនុស្ស ដែលមិនអាចមើលរំលងបាននោះឡើយ។
- ដោយយោងលើទិន្នន័យសិក្សារបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គមខ្មែរបច្ចុប្បន្នអាណាព្យាបាលមិនផ្តេកផ្តួលលើជំនួយរបស់រដ្ឋទៀតនោះទេ គឺមានលទ្ធផលបង់ថ្លៃឱ្យកូនៗសិក្សារៀនសូត្រ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា រដ្ឋមន្ត្រីអប់រំរបស់កម្ពុជាក្រោយរំដោះឆ្នាំ១៩៧៩ មិនមានថ្នាក់ឧត្តមសិក្សានោះទេ។ នេះជាការបង្ហាញឱ្យឃើញនូវកង្វះធនធានមនុស្សក្រោយសម័យរំដោះ។
- សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅគ្រប់គណបក្សនយោបាយដែលជាប់ពាក់ព័ន្ធទណ្ឌិតរត់ចោលស្រុក នឹងត្រូវប្តឹងផ្តល់ទៅតុលាការ។ ការបញ្ជាក់នេះ បន្ទាប់ពីសម្តេចទទួលបានសេចក្តីថ្លែងការណ៍ និងគម្រោងថ្មី ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជោគជ័យរបស់ទណ្ឌិត សម រង្ស៉ី ក្នុងសំណុំរឿងបរិហាកេរ្តិ៍ គឺការមិនបានបង់មួយអឺរ៉ូ ប៉ុន្តែទណ្ឌិតរូបនេះ ត្រូវបានគេបកអាក្រាតពីពុតត្បុត និងការនិយាយមមិនពិតប្រាកដ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកពាក់ព័ន្ធទណ្ឌិត សម រង្ស៉ី ងើបមួយវ៉ៃមួយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសហៅទណ្ឌិត សម រង្ស៉ី ជាពូជក្បត់ជាតិ៣ជំនាន់។
- សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកនៅបារាំងគាំទ្រពូជក្បត់ជាតិ៣ជំនាន់ថា នៅថ្ងៃទី១២ ខែធ្នូ សម្តេចអញ្ជើញដល់ព្រុចសែល។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងប្រវត្តិសាស្ត្រខ្មែរប្រមាណជា ៥០០ឆ្នាំនេះ មិនមាននរណាខូចជាងជនពូជក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី នោះដែរ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅកែព័ត៌មានអត្តសញ្ញាណបណ្ណ ក្នុងបញ្ជីឈ្មោះបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់យុវជនដល់អាយុបោះឆ្នោត សូមនាំគ្នាទៅចុះឈ្មោះបោះឆ្នោត។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខេត្តបាត់ដំបង និងប៉ៃលិន ពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រវាងខេត្តទាំងពីរ។
- សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ការមិនអាចកំណត់ព្រំប្រទល់ដែនខេត្តទាំងពីរ ដោយសារមានអ្នកធំមានដីនៅកន្លែងនោះ មិនចង់ឱ្យមានការកាត់ទៅប៉ៃលិន ហើយព្យាយាមបង្កការរាំងស្ទះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងប្តូរផ្តាច់កម្ចាត់អ្នកដែលអនុវត្តន៍ផែនការរបស់ពូជក្បត់ជាតិ៣ជំនាន់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកភ្លេចកំណើតមានឡានជិះហើយ នៅជេរសម្តេចថាដឹកនាំមិនរីកចម្រើនទៀត។ សម្តេចចោទសួរថា ក្រោយថ្ងៃរំដោះតើមានឡាន មានម៉ូតូជិះទេ?
- សម្តេចតេជោ ហ៊ុន សែន រំលឹកខ្មែរនៅក្នុងស្រុកថា កុំជាប់ពាក់ព័ន្ធជាមួយពូជក្បត់ជាតិ៣ជំនាន់។
- សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកពាក់ព័ន្ធពន្លឿនការងារវាយតម្លៃផលប៉ះពាល់ និងផ្តល់ពូជស្រូវជូនកសិករ។
- សម្តេចតេជោ ហ៊ុន សែន ផ្តាំដល់មន្ត្រីកសិកម្មទាំងអស់ កុំជិះសិស្សមើលផ្កា។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជន និងកាកបាទក្រហមកម្ពុជា ដែលបាននាំជំនួយស្បៀងអាហារជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង ២លានដុល្លារ។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ យោគយល់ និងអនុគ្រោះដល់ជនរងគ្រោះដោយទឹកជំនន់។
- សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមប្រឆាំងថា ការដោះដូររដ្ឋមន្ត្រីជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី មិនបាច់សុំយោបល់ពីក្រុមប្រឆាំងនោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើលោកិយមានក្រុមក្បត់ជាតិ៣ជំនាន់ទេ ដែលចាញ់ឆ្នោតចង់ធ្វើប្រធានសភា។