សុន្ទរកថា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី ២៨

ឯកឧត្តម រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, ឯកឧត្តម អគ្គលេខាធិការអាស៊ាន, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងភ្ញៀវកិត្តិយសជាទីមេតី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែងដោយបានចូលរួមជាអធិបតី ក្នុងពិធីបើក កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី ២៨។ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមសម្ដែងនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់នៅទីនេះ។ ការជួបជុំដោយផ្ទាល់នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ពិតជាមានសារៈសំខាន់ សម្រាប់យើងក្នុងការវាយតម្លៃវឌ្ឍនភាព, កំណត់បញ្ហាប្រឈម, កាលានុវត្តភាព និងកិច្ចការពាក់ព័ន្ធនានា ដើម្បីស្ដារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសង្គម-វប្បធម៌អាស៊ានក្រោយពីវិបត្តិ នៃជំងឺកូវីដ-១៩។ ជាការពិត, អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យយើងត្រូវខិតខំរួបរួមគ្នាក្នុង ភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោម ប្រជាពលរដ្ឋរបស់យើង ជាពិសេស យុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និងការយោគយល់គ្នាទៅវិញទៅមក ស្របតាមស្មារតីស្នូលរបស់អាស៊ាន «ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍មួយ»។ ដើម្បីសម្រេចបាននូវគោលដៅនេះ, ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២, កម្ពុជាបានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ ដោយមានការខិតខំប្រឹងប្រែងធ្វើការរួមគ្នាក្នុងការអនុវត្តផែនការមេ ២០២៥…