សុន្ទរកថា ក្នុងពិធី ប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (COVISHIELD) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
លោកជំទាវបណ្ឌិត ដេវីយ៉ានី ខូប្រាហ្គដ ( Devyani Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា; សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាមួយ លោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋទូត ដេវីយ៉ានី ខូបហ្គេដ ដើម្បីទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទកូវីស្យែល (COVISHIELD) ចំនួន ៣២៥ ០០០ (បីសែនពីរម៉ឺនប្រាំពាន់) ដូស ដែលជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមចតុភាគី (QUAD Initiative) ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។អំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព និងសាមគ្គីភាពរវាង កម្ពុជា ឥណ្ឌា និងសមាជិកដទៃទៀតនៃគំនិតផ្តួចផ្តើមនេះ ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន និង អូស្ត្រាលី។ កម្ពុជាសូមសម្ដែងនូវអំណរគុណ និងការកោតសរសើរ ជូនដល់សមាជិកនៃគំនិតផ្តួចផ្តើមចតុភាគី ក៏ដូចជាបណ្ដាប្រទេសនានានៅជុំវិញសកលលោក ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទាំងក្នុងប្រទេស តំបន់…