ប្រជាពលរដ្ឋអាចទាក់ទងត្រង់ជាមួយសម្តេចតេជោ

នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកថា ប្រជាពលរដ្ឋ និងយុវជន អាចទំនាក់ទំនងជាមួយសម្តេចផ្ទាល់ តាមរយៈការផ្ញើជាព័ត៌មាន រូបភាព សម្លេង និងរបាយការណ៍មកកាន់ប្រអប់សំបុត្រ (Inbox) និងតាមសារឆ្លើយឆ្លងភ្លាមៗ (Messenger)។ សម្តេចតេជោនឹងបន្តដោះស្រាយជូននូវរឿងអយុត្តិធម៌ ដែលបង្កឡើងដោយមន្រ្តីខិលខូចមួយចំនួន។ បន្ថែមពីលើនោះ សម្តេចក៏បានណែនាំទៅដល់មន្ត្រីដឹកនាំតាមភូមិ ឃុំ ស្រុក ខេត្ត ឲ្យបម្រើប្រជាពលរដ្ឋឲ្យបានល្អ បើមិនដូច្នោះទេ នឹងពុំមានឱកាសបានបម្រើប្រជាពលរដ្ឋទៀតទេ នៅអាណត្តិក្រោយ។

ក្រុមហ៊ុនត្រូវគោរពច្បាប់ មន្ត្រីត្រូវអនុវត្តច្បាប់

ឆ្លៀតឱកាសពិនិត្យការដ្ឋានសាងសង់អគារពាណិជ្ជកម្ម Naga World & Casino ដែលបានរំលោភលើដី ចិញ្ចើមផ្លូវរបស់រដ្ឋ និងប៉ះពាល់ដល់អាគារពុទ្ធសាសនបណ្ឌិត្យ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ ក្រុមហ៊ុនវិនិយោគទាំងអស់ ឲ្យគោរពតាមច្បាប់ និងគោលការណ៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។ ក្នុងករណីមានការរំលោភលើចំណីផ្លូវ ឬសួនច្បារសាធារណៈ ត្រូវរុះរើចេញជាបន្ទាន់ ហើយបើកើតមាននៅទីតាំងណា អាជ្ញាធរមានសមត្ថកិច្ចទីតាំងនោះ និងក្រសួងពាក់ព័ន្ឋត្រូវតែទទួលខុសត្រូវ។

សេចក្តីព្រៀងច្បាប់ពីរ ដើម្បីសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ៦ វិច្ឆិកា ២០១៥ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍សេចក្តីព្រៀង ច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដោយចាត់ទុកថា មានសារៈ​សំ​ខាន់​ក្នុងការធានាការគ្រប់គ្រង និងអភិវឌ្ឍសុខភាព ក៏ដូចជាដំណើរការផលិតកម្មនានាទាក់​ទងនឹងសត្វ។ សម្តេច​តេជោ បានគូសបញ្ជាក់ថា សេចក្តីព្រៀងច្បាប់ នឹងពង្រឹងថែមទៀត នូវប្រព័ន្ធជាតិការពារ​សុខភាពមនុស្ស និងសត្វ ព្រមទាំងសុខុមាលភាពសត្វ និងបរិស្ថាន ហើយបានទាញអារម្មណ៍គណៈរដ្ឋមន្ត្រីថា ដោយសារ​ការ​រីក​ចម្រើននៃសេដ្ឋកិច្ច រួមទាំងការកើនឡើងនូវចំនួនទេសចរ កម្ពុជាចាំបាច់ត្រូវប្រឈមមុខនឹងការ​បន្តកើនឡើង​នៃតម្រូវការសាច់ក្នុងស្រុក ដែលការចិញ្ចឹមសត្វ និងសេវាបសុព្យាបាល ជាកត្តាសំខាន់មិនអាច​មើលរំលងបាន។