FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារចូលរួម អបអរសាទរខួបទី១៨ នៃទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ លើកទី៣៤ (៣ ធ្នូ ១៩៨២- ៣ ធ្នូ ២០១៦)។
សម្តេចតេជោ ហ៊ុន សែន បានបន្តឲ្យដឹងថា ទិវាដ៏សំខាន់ថ្ងៃនេះ គឺដើម្បីលើកកម្ពស់នូវសិទ្ធិសេរីភាព និង សុខុមាលភាពជនពិការ ព្រមទាំងផ្តល់នូវការគាំទ្រ ដោយគ្មានការរើសអើង ចំពោះជនពិការដែលជាធនធានដ៏សំខាន់ មិនអាចមើលរំលងបានក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការរបស់សម្តេចតេថា «ទាំងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជនគឺយើងរួម គ្នាជួយជនពិការ និងក្រុមគ្រួសារឱ្យទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង និងទទួលបាននូវសេវាសង្គម និងសេវាសាធារណៈស្មើៗគ្នា ដើម្បីជនពិការមានឱកាសក្នុងការចូលរួមគ្រប់សកម្ម ភាពសង្គម»។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមចូលរួមកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការទាំងអស់ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង ស្ថាប័ននានា អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងមូលនិធិជនពិការ ជាពិសេសបងប្អូនជនពិការដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម និងជំរុញឲ្យមានការដាក់បញ្ចូលជនពិការ ក្នុងការអភិវឌ្ឍប្រទេស។សូមជូនពរបងប្អូនជនពិការទូទាំងប្រទេសទទួលបានសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។
គួរបញ្ជាក់ថា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ជាថ្ងៃទិវាជនពិការកម្ពុជាកលើកទី១៨ និងទិវាជនពិការអន្តរជាតិ លើកទី៣៤ ក្រោមប្រធានបទ «ផ្តល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការ ក្នុងគ្រប់វិស័យដើម្បីសង្គមមួយគ្មានពិការភាព»។ ទិវានេះរៀបចំដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានា លើគ្រប់វិស័យពិការភាព៕