តបទៅសំណេររបស់ លោក David Hutt លើទស្សនាវត្តី The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ លោក ហ៊ុន សែន, សម្តេចតេជោ បានសរសេរថា "ខ្ញុំគួរតែនិយាយដោយចំ ហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ [...] ករណីមិនមានការជួបគ្នាផ្ទាល់ ខ្ញុំក៏បញ្ជូនតំណាងរបស់ខ្ញុំទៅជួបថ្នាក់ដឹកនាំ CIA នៅទីក្រុងវ៉ាស៉ីនតោន [...] ដោយកិច្ចសហការសំខាន់របស់យើង គឺប្រឆាំងភេវរកម្ម មិនមែនជាកិច្ចសហការប្រឆាំងប្រទេសមួយណាឡើយ។ ជាមួយគ្នានេះ កម្ពុជាក៏មានកិច្ចសហការផ្នែកចារកម្មជាមួយប្រទេសផ្សេងទៀត ព្រោះនេះជាដំណើរធម្មតានៃរដ្ឋមួយដែលមានអធិបតេយ្យភាព"៕
វិមានព្រឹទ្ធសភា, ១២ មិថុនា ២៤៖ ទទួលជួបឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថ្លែងថា "កម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំងចំពោះការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប និងអរគុណសហភាពនេះដែលបានជួយក្នុងការស្ដារប្រទេសកម្ពុជាឡើងវិញក្រោយវិបត្តិផ្សេងៗ ដូចជាការកាសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ធនធានមនុស្ស និងការបោសសម្អាតមីន"។
វិមានព្រឹទ្ធសភា, ០៦ មិថុនា ២០២៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងប្រាប់ឯកឧត្តម Park Jung-wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាថា សម្តេចសង្ឃឹមនឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗ ខាងមុខនូវស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេទាំងពីរ ជាគម្រោងដែលសម្តេចបានស្នើដោយផ្ទាល់កាលពីឆ្នាំ២០២២។
វិមានព្រឹទ្ធសភា, ០៦ មិថុនា ២០២៤៖ ទទួលជួបឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសូមអោយឯកឧត្តមឯកអគ្គរដ្ឋទូតអោយជួយជំរុញការបង្កើតជើងហោះហើរត្រង់មកកម្ពុជា និងជួយពន្លឿនការដោះស្រាយបំណុលដែលកម្ពុជាបានរង់ចាំជាយូរមកហើយ។
វិមានព្រឹទ្ធសភា, ០៥ មិថុនា ២០២៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ដល់អនុសាសន៍ដល់ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីថា ”កម្ពុជាជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព ដែលសូមអោយឥណ្ឌូនេស៊ីពិចារណាក្នុងការវិនិយោគដោយផ្ទាល់លើការរៀបចំប្រព័ន្ធផលិត ស្ដុកទុក កិន និងវេចខ្ចប់ដើម្បីនាំចេញទៅឥណ្ឌូណេស៊ី និងបណ្ដាប្រទេសផ្សេងទៀត”។
វិមានព្រឹទ្ធសភា, ០៤ មិថុនា ២៤៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ជូនរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ឯកឧត្តម LIoyd James Austin ថា ”កម្ពុជាអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួនផ្អែកលើច្បាប់ សូមកុំដាក់កម្ពុជាក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ ធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលរវាងគ្នានិងគ្នា” ហើយគប្បីបន្តធ្វើកិច្ចសន្ទនានានា និងសមយុទ្ធជាមួយគ្នា រវាងក្រសួងការពារជាតិប្រទេសទាំងពីរតទៅទៀត។
វិមានព្រឹទ្ធសភា, ៣១ ឧសភា ២៤៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នីតិកាលទី៥ ដើម្បី (១) ពិនិត្យនិងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាជាមួយព្រឹទ្ធសភា-រដ្ឋសភានៃបណ្តាប្រទេសជាមិត្ត, (២) ពិនិត្យនិងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា, (៣) ពិនិត្យនិងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាសម្រាប់ត្រៀមសហការនិងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភា, និង(៤) បញ្ហាផ្សេងៗ៕
វិមានព្រឹទ្ធសភា, ២៧ ឧសភា ២៤៖ ជាមួយការសោកស្ដាយចំពោះការចប់អាណត្តិរបស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា ”ទំនាក់ទំនងកម្ពុជា-ចិនជាប្រវត្តិសាស្ត្រយូរអង្វែង រីកចម្រើនមិនអាចបំបែកបាន ស័ក្តិសមនិងគុណតម្លៃនៃការទុកចិត្តគ្នាជាពិសេសខាងនយោបាយ ទោះបីមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មីក៏ដោយ”។
វិមានព្រឹទ្ធសភា, ២៧ ឧសភា ២៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ ឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំកម្ពុជាចប់អាណត្តិថា "បង់ក្លាដែស ដែលមានប្រជាជនច្រើនជិត ១៧០លាននាក់ ស្មើប្រមាណ ១០ដងនៃប្រជាជនកម្ពុជា និងនៅក្នុងផ្ទៃដីតូចជាងកម្ពុជា តែបានខិតខំអភិវឌ្ឍប្រទេសអោយសម្រេចបាននូវស្ថិរភាពដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច"។