សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាល និងពិសាបាយជាមួយសមាគមអ្នកឧកញ៉ា/ឧកញ៉

សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី! ជាដំបូង​ អនុញ្ញាតឱ្យខ្ញុំបានប្រសិទ្ធពរជូនសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រីទាំងអស់នូវពរសម្រាប់ការចូលឆ្នាំកន្លងទៅ សូមឱ្យអ្នកទាំងអស់គ្នាជូនប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជា​មួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមអរគុណសមាគមឧកញ៉ា ដែលបានអញ្ជើញខ្ញុំចូលរួមនៅក្នុងពិធីបិទសន្និបាត ជួបជុំទទួលទានអាហារសាមគ្គី។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរជាមួយនឹងការរៀបចំសន្និបាតលើកទី១ របស់សមាគមឧកញ៉ា បន្ទាប់ពីត្រូវបានបង្កើតកាលពីឆ្នាំទៅ។ ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះការរៀបចំទាំងឡាយ ដើម្បីធ្វើឱ្យសមាគមឧកញ៉ារបស់យើង មានលក្ខន្តិក មានបទបញ្ជាផ្ទៃក្នុង និងការពង្រឹងសមត្ថកិច្ច/កិច្ចការពាក់ព័ន្ធ ជាមួយនឹងសមាគមឧកញ៉ា។ ថ្ងៃនេះ យើងក៏បានឃើញការរៀបរយនូវឯកសណ្ឋានប្រកបដោយកិត្តិយស សក្ដិសមជា​សមាគមមួយដែលបានចូលរួមចំណែកធំធេង ជាមួយនឹងរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍប្រទេសជាតិ។ (១) ការផ្តល់តួនាទីប្រធានកិត្តិយសនៃសមាគមឧកញ៉ា គឺជាការជឿជាក់ទៅលើសមត្ថភាពនិងការដឹកនាំ ខ្ញុំមានសេចក្តីរីករាយដែលបានទទួលការអញ្ជើញឱ្យធ្វើជាប្រធានកិត្តិយស។ ខ្ញុំគួរតែបញ្ជាក់ថា ហេតុអ្វីបានជាខ្ញុំទទួលយកនូវតួនាទីជាប្រធានកិត្តិយសនៃសមាគមឧកញ៉ា។ ច្បាស់ណាស់ថា អ្នកទាំងអស់គ្នាបានផ្ដល់កិត្តិយសឱ្យខ្ញុំ ជាមួយនឹងការជឿជាក់ទៅលើសមត្ថភាព និងការដឹកនាំរបស់ខ្ញុំ ហើយដែលយើងរស់នៅជាមួយគ្នាអស់រយៈពេលជាង ៤៥ឆ្នាំ។…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធ និងប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា ផ្សារដារ

“… សូមថ្លែងការអរគុណចំពោះការឧបត្ថម្ភរបស់ប្រិយមិត្ត និង រដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ឱ្យកម្ពុជានូវផ្សារព្រំដែននេះ ដែលជាចំណុចដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ … ផ្សារព្រំដែននេះនឹងបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋរបស់យើងរកស៊ីជាមួយគ្នាដោយស្របច្បាប់ និងបង្កើតបាននូវស្ថានភាពឈ្នះឈ្នះនៃទំនាក់ទំនងរវាងពាណិជ្ជកម្មព្រំដែន … រវាងប្រទេសជិតខាង …”

“… សូមឯកឧត្តម ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ពិនិត្យមើល(ទំហំទំនិញ)ដែលវៀតណាមនាំចូលមកកម្ពុជា និងទំនិញដែលកម្ពុជានាំចូលទៅវៀតណាម … ខ្ញុំស្នើដោយទទូចឱ្យវៀតណាមបង្កើនការទិញពីកម្ពុជា ក្នុងនោះវៀតណាមបាន និងកំពុងទិញអង្ករពីកម្ពុជាចំនួន ៣០ ម៉ឺនតោន និងផលិតផលមួយចំនួនផ្សេងទៀត ដែលកម្ពុជាមាន …”

“… ពីមុននេះ ផ្លោងដាក់គ្នាទៅវិញទៅមកដោយគ្រាប់កាំភ្លើង ហើយទល់ដែនទាំងសងខាងសម្បូរគ្រាប់មីន។ ឥឡូវនេះ ផ្លោងទៅវិញទៅមកដោយទំនិញ ខាងវៀតណាមបញ្ជូនទំនិញមកលក់ឱ្យកម្ពុជា កម្ពុជាបញ្ជូនទំនិញទៅលក់ឱ្យវៀតណាម ហើយយើងខិតខំបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ … បន្តទៅទៀត ខ្ញុំចង់ចង្អុលបង្ហាញគ្រោងធ្វើ(ផ្សារ)នៅក្នុង ខេត្តកំពត និងស្វាយរៀង ២ ខេត្តនេះ គប្បីប្រើថវិកាជាតិធ្វើតែម្តងទៅ។ កាលពីមុនយើងអត់មាន(លទ្ធភាព) អញ្ចឹងយើងសុំមិត្ត …”

សម្ដេចតេជោ ហ៊ុន សែន, សម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារដារ) នៅខេត្តត្បូងឃ្មុំ, ២៤ ធ្នូ ២០១៩

សារសម្តេចតេជោ តាមហ្វេសប៊ុក ថ្ងៃ ១៩ មករា ២០១៧ ស្តីអំពី “ក្នុងជំនួបទ្វេភាគីជាមួយ លោកស្រី Doris Leuthard ប្រធានាធិបតី នៃសហព័ន្ធស្វីស សម្តេចតេជោ អរគុណរដ្ឋាភិបាលស្វីស ដែល បានជួយ និងផ្តល់ជំនួយដល់កម្ពុជាកន្លងមក និងស្នើអោយពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ”

សម្ដេចតេជោ ហ៊ុន សែន ជួបប្រធានាធិបតីស្វីស នៅរសៀលម៉ោង ៤:៣០ នាទី ថ្ងៃទី ១៩ មករា ឆ្នាំ ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Doris Leuthard ប្រធានាធិបតី នៃសហព័ន្ធស្វីស។ ទំនាក់ទំនងកម្ពុជាស្វីស គឺមានរយៈពេល ៤០ ឆ្នាំមក ហើយ ពេលនេះ គឺកាន់តែជិតស្និទ្ធជាងមុន។ លោកស្រីប្រធានាធិបតីស្វីសរីករាយស្វាគមន៍ សម្តេចតេជោ និងកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា។ លោកស្រីទទួលស្គាល់ អំពីការប្រឹងប្រែងរបស់សម្តេច តេជោ ដែលបានចេញជាលទ្ធផលផ្លែផ្កាល្អមកទល់សព្វថ្ងៃនេះ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី អរគុណរដ្ឋាភិបាលស្វីស ដែលបានជួយ និងផ្តល់ជំនួយដល់កម្ពុជាកន្លងមក រួមទាំងជំនួយផ្នែកដោះមីន សុខាភិបាល និងជំនួយផ្នែកតុលាការកាត់ក្តីខ្មែរក្រហម។ សម្តេចតេជោ បាន ស្នើអោយពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដែលសព្វថ្ងៃមានប្រមាណជាង ៣០ លានដុល្លា អោយមានទំហំធំឡើង។ ក្រុមការងារនៃប្រទេសទាំងពីរនឹងបន្តពិភាក្សាគ្នា…