សម្រង់ប្រសាសន៍ឆ្លើយតបទៅអ្នកសារព័ត៌មាន នៅទីក្រុងប៉េកាំង ក្នុងពិធីបើកវេទិកា សៀងសាន លើកទី ៦ ក្រោមប្រធានបទ “សន្តិសុខ និងសហប្រតិបត្តិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក៖ តថភាព និងចក្ខុវិស័យ”

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន បន្ទាប់ពីការថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកា សៀងសាន លើក​ទី ៦ ក្រោមប្រធានបទ “សន្តិសុខ និងសហប្រតិបត្តិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក៖ តថភាព និងចក្ខុវិស័យ” នៅ​ទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពី (១) ការចាំបាច់ដែលកម្ពុជា ត្រូវចូលជា​សមា​ជិក​​ក្រុមប្រទេសអាស៊ាន (២) ការពង្រឹងការពិភាក្សាអំពីសន្តិសុខអន្តរតំបន់អាស៊ាន និង(៣)គោលនយោ​បាយ​​ការ​បរទេស​កម្ពុជា ដែល ព្រឹត្តិប័ត្រ កម្ពុជាទស្សន​ថ្មី​ សូមធ្វើការដកស្រង់ក្រៅផ្លូវការ ដូចតទៅ៖

សុន្ទរកថាគន្លឹះ ថ្លែងក្នុងពិធីបើក និងពិធីពិសារអាហារពេលល្ងាច នៃ”វេទិកាសៀងសានលើកទី ៦” ក្រោមប្រធានបទ “សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក: តថភាព និងចក្ខុវិស័យ”

ឯកឧត្តម ឧត្តមសេនីយ៍ ហ្វាន ចាងឡុង (Fan Changlong) អនុប្រធានគណៈកម្មការយោធា​មជ្ឈឹមនៃ​សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឧត្តមសេនីយ៍ ចាង វ៉ាន់ឈាន់ (Chang Wanquan) ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងការពារជាតិ​នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឧត្តមនាវី ស៊ុន ជានគូ (Sun Jianguo) និង ឯកឧត្តម ឧត្តមសេនីយ៍ កាវ ជីន (Gao Jin), ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, សមាជិក, សមាជិកា នៃវេទិកាសៀងសានលើកទី ៦ ជាទីមេត្រី! ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដោយបានចូលរួមក្នុងកម្មវិធីបើកវេទិកាសៀង​សាន​លើកទី ៦ ក្រោមប្រធានបទ« សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ តថភាព​ជាក់ស្តែង និង​ចក្ខុវិស័យ» ដែលប្រារព្ធឡើងនៅទីក្រុងប៉េកំាងដ៏ស្រស់ស្អាត។ ក្នុងនាមរាជរដ្ឋាភិបាល​ និងប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធា​រណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបខ្ញុំ និង​គណៈប្រតិភូកម្ពុជា។ ជាកិច្ចចាប់ផ្តើម និងឆ្លៀតឱកាសនៃការចូលរួមជាលើកទីមួយរបស់ខ្ញុំ ដើម្បីថ្លែងនូវសុន្ទរកថាគន្លឹះសម្រាប់…