ឯកឧត្តម ឧត្តមសេនីយ៍ ហ្វាន ចាងឡុង (Fan Changlong) អនុប្រធានគណៈកម្មការយោធាមជ្ឈឹមនៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម ឧត្តមសេនីយ៍ ចាង វ៉ាន់ឈាន់ (Chang Wanquan) ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម ឧត្តមនាវី ស៊ុន ជានគូ (Sun Jianguo) និង
ឯកឧត្តម ឧត្តមសេនីយ៍ កាវ ជីន (Gao Jin),
ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក,
សមាជិក, សមាជិកា នៃវេទិកាសៀងសានលើកទី ៦ ជាទីមេត្រី!
ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដោយបានចូលរួមក្នុងកម្មវិធីបើកវេទិកាសៀងសានលើកទី ៦ ក្រោមប្រធានបទ« សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ តថភាពជាក់ស្តែង និងចក្ខុវិស័យ» ដែលប្រារព្ធឡើងនៅទីក្រុងប៉េកំាងដ៏ស្រស់ស្អាត។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបខ្ញុំ និងគណៈប្រតិភូកម្ពុជា។
ជាកិច្ចចាប់ផ្តើម និងឆ្លៀតឱកាសនៃការចូលរួមជាលើកទីមួយរបស់ខ្ញុំ ដើម្បីថ្លែងនូវសុន្ទរកថាគន្លឹះសម្រាប់ «វេទិកាសៀងសានលើកទី ៦» នេះ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមសម្តែងនូវជំនឿយ៉ាងមុតមាំថា វេទិកាសៀងសាន នេះ គឺពិតជាមានសារៈសំខាន់ខ្លំាងណាស់ សម្រាប់ការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយវាក៏នឹងផ្តល់ឱកាសដ៏កម្រ ដើម្បីយើងទំាងអស់គ្នារៀបចំនូវចក្ខុវិស័យវែងឆ្ងាយ និងគូសវាសផែនទីចង្អុលផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាង បណ្តាប្រទេសក្នុងតំបន់ និងដៃគូពាក់ព័ន្ធសំខាន់ៗ សំដៅធានាសន្តិសុខ ស្ថិរភាព ភាពសុខដុមរមនា និងវិបុលភាព ព្រមទំាងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់របស់យើង។ ម្យ៉ាងទៀត វេទិកានេះពិតជានឹងចូលរួមវិភាគទានដ៏មានតម្លៃដល់ការបង្កើតឡើងនូវជំនឿ និងការបង្កើននូវទំនុកចិត្ត តាមរយៈការធ្វើឲ្យប្រសើរឡើងនូវការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសន្ទនាទាក់ទងនឹងផ្នែកសន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់យើង។ ក្នុងស្មារតីនេះ ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកចូលរួមទំាងអស់ រួមចំណែកផ្តល់មតិយោបល់ និងចែករំលែកបទពិសោធន៍ ដែលបានជួបប្រទះកន្លងមក ដើម្បីជាមូលដ្ឋានសម្រាប់រៀបចំការឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាពចំពោះបញ្ហាប្រឈមនានា ក៏ដូចជាដើម្បីបង្កើតឡើងនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត សម្រាប់ប្រជាជាតិរបស់យើងនីមួយៗ។
ក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ តំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់យើងបាន និងកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទំាងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ តាមរយៈកំណើនសេដ្ឋកិច្ចរបស់ចិន តំបន់របស់យើងមិនត្រឹមតែបានក្លាយជាមជ្ឈមណ្ឌល នៃកំណើនប៉ុណ្ណោះទេ ថែមទំាងបានក្លាយទៅជាតំបន់នំាមុខគេ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងជាកម្លំាងចលករដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយនៅក្នុងតំបន់។
ជាការពិត ពាណិជ្ជកម្មក្នុងតំបន់បានរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ជាពិសេសបន្ទាប់ពីមានការបង្កើតឡើងនូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាននាឆ្នំា ១៩៩២ ។ ក្នុងរយៈពេលពីឆ្នំា ២០០៣ ដល់ ២០១៣ ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងចិន បានកើនឡើង ៥ ដង ពី ៧៨ ពាន់លានដុល្លារអាមេរិក ដល់ជាង ៤៤៣ ពាន់លានដុល្លារអាមេរិក។ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់អាស៊ានចាប់តំាងពីឆ្នំា ២០០៩ មក។ ក្នុងឆ្នំា ២០១៤ តំបន់អាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ៣ របស់ចិន ដែលមានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំប្រមាណជា ៤៨០ ពាន់លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជា ៨,២៣% បើប្រៀបធៀបនឹងឆ្នំា ២០១៣។ ទោះបីជាចំណងទាក់ទងរវាងចិន និងអាស៊ានមានការរីកចំរើនយ៉ាងលឿនក៏ដោយ ក៏ខ្ញុំជឿថា យើងនៅតែមានសក្តានុពលជាច្រើន សម្រាប់បន្តពង្រឹងកិច្ចសហប្រតិបតិ្តការបន្ថែមទៀត។ ជាក់ស្តែង តំបន់អាស៊ានកំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីបង្កើនការភ្ជាប់ទំនាក់ទំនងរបស់ខ្លួនក្នុងតំបន់អាស៊ីបូព៌ា តាមរយៈការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីជំរុញពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ ដែលនឹងក្លាយទៅជាកិច្ចព្រមព្រៀងធំបំផុតមួយក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗនានាក្នុងពិភពលោក។ លើមូលដ្ឋាននេះ តំបន់អាស៊ីបូព៌ានឹងបន្តដំណើរលើវិថី នៃសមាហរណកម្មកាន់តែជិតស្និទ្ធ និងទូលាយជាងមុន។ ដូច្នេះ ម៉ូដែលនៃកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មអាស៊ី អាចនឹងត្រូវបានបង្កើតឡើង ដោយឈរលើបទពិសោធន៍របស់អាស៊ាន ហើយជាបន្តបន្ទាប់នឹងរួមបញ្ចូលប្រទេសជាច្រើនទៀត ដែលកត្តានេះនឹងបង្កលក្ខណៈអំណោយផលដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយភាពរលូនពាសពេញតំបន់អាស៊ី។
ដោយសារការរីកចម្រើនយ៉ាងឆាប់ និងសក្តានុពលដែលនៅសេសសល់ដ៏ធំធេង តំបន់របស់យើងបាន និងកំពុងដើរតួនាទីកាន់តែសំខាន់ឡើងនៅក្នុងការអភិវឌ្ឍ និងកិច្ចការទំាងឡាយនៃសកលលោក។ ប្រការនេះបានចង្អុលបង្ហាញឲ្យឃើញអំពីសារៈសំខាន់កាន់តែខ្លំាងឡើងផងដែរ នៃភាពចំបាច់ក្នុងការថែរក្សាស្ថិរភាព សន្តិសុខ និងភាពសុខដុមរមនាក្នុងតំបន់។ ជាការពិតណាស់ ភាពរុងរឿងមិនអាចកើតមានបានទេ ប្រសិនបើគ្មានសន្តិភាព និងសន្តិសុខ ដែលកត្តាទំាងពីរនេះមានសារៈសំខាន់ណាស់សម្រាប់ភាពរុងរឿងដ៏យូរអង្វែងរបស់ពិភពលោក។ ម្យ៉ាងវិញទៀត ខណៈដែលតំបន់អាស៊ីកំពុងក្លាយទៅជាចំណុចស្នូលនៃសេដ្ឋកិច្ចសកលលោក ដំណើរការយ៉ាងរលូន ទំាងផ្នែកសេដ្ឋកិច្ចនយោបាយ និងសន្តិសុខនៃបណ្តាតំបន់ផ្សេងៗទៀតក្នុងពិភពលោក ក៏ជាប្រយោជន៍ដ៏សំខាន់សម្រាប់អាស៊ីផងដែរ។ អាស្រ័យហេតុនេះ តំបន់អាស៊ីត្រូវតែគ្រប់គ្រងឲ្យបាននូវការកើនឡើងយ៉ាងឆាប់រហ័សនៃតួនាទីរបស់ខ្លួន ក្នុងនាមជាតួអង្គមួយដ៏សំខាន់នៅក្នុងអភិបាលកិច្ចសកលប្រកបដោយភាពទន់ភ្លន់ និងក្នុងលក្ខណៈស្ថាបនា។ ក្នុងនាមជាអ្នកដឹកនំាសកលដែលទើបនឹងងើបលេចធ្លោឡើង និងមានតួនាទីកាន់តែសំខាន់ យើងគួរតែបង្ហាញឲ្យពិភពលោកឃើញថា អាស៊ីគឺជាតំបន់ដែលមានការទទួលខុសត្រូវ។
ក្នុងន័យនេះ ការកើនឡើងនូវឥទ្ធិពលរបស់អាស៊ី នឹងនាំមកនូវបញ្ហាប្រឈម និងការទទួលខុសត្រូវថ្មី។ អាស៊ីដែលនាំមុខដោយចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន និងសាធារណរដ្ឋកូរ៉េ នឹងរឹតតែត្រូវបង្កើនភាពម្ចាស់ការ និងការទទួលខុសត្រូវជាសកលខ្លាំងជាងមុន ពោលគឺចាំបាច់ត្រូវប្រែក្លាយខ្លួនបន្តិចម្តងៗពីអ្នកឃ្លាំមើលអសកម្ម ក្នុងការជជែកពិភាក្សាលើការបង្កើតវិធានសកល និងជាអ្នកដើរតាមវិធានទាំងនោះ ទៅជាអ្នកចូលរួមយ៉ាងសកម្ម ជាអ្នកបង្កើតវិធានក្នុងលក្ខណៈស្ថាបនា និងអ្នកអនុវត្តប្រកបដោយឥទ្ធិពល។ ក្នុងន័យនេះ ការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ គឺជាចំណុចស្នូលដ៏សំខាន់សម្រាប់ដំណើរការឆ្ពោះទៅកាន់វិបុលភាព និងឥទ្ធិពលកាន់តែខ្លាំងក្លាឡើងរបស់អាស៊ី។
ជាមួយនឹងជោគជ័យគួរឲ្យមោទនៈ ដែលយើងសម្រេចបានក្នុងទិសដៅបន្តធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ច សហប្រតិបត្តិការរបស់យើង វេទិកានេះត្រូវបានរៀបចំឡើងក្នុងខណៈដែលប្រទេសមួយចំនួននៅក្នុងតំបន់ កំពុងពើបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ទាំងក្នុងផ្នែកសង្គម-សេដ្ឋកិច្ច និងសន្តិសុខរួមមានដូចជា ភេវរកម្ម សន្តិសុខស្បៀង និងថាមពល ឧក្រិដ្ឋកម្មឆ្លងដែន សុវត្ថិភាពផ្នែកអាកាសចរណ៍ ការជួញដូរមនុស្ស ក៏ដូចជាការប្រែប្រួលនៃវិបត្តិភូមិសាស្រ្តនយោបាយ។ល។ ដូច្នេះ ជម្រើសជាក់ស្តែងដែលយើងមាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនោះ គឺគ្មានអ្វីក្រៅពីការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាក្នុងរូបភាពចម្រុះ ទាំងតាមយន្តការទ្វេភាគី និងពហុភាគី និងទាំងក្របខណ្ឌតំបន់ និងជាសកលនោះទេ។
ក្នុងបរិការណ៍នេះ ខ្ញុំសូមអនុញ្ញាតចែករំលែកយោបល់មួយចំនួន ពាក់ព័ន្ធនឹងប្រធានបទពិភាក្សានៃវេទិកា សៀងសានលើកទី ៦ នេះ ដូចខាងក្រោម៖
ទី ១ បញ្ហាប្រឈមរបស់អាស៊ាន៖
ខណៈដែលយើងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសហគមន៍សេដ្ឋកិច្ចអាស៊ាននៅដំណាច់ឆ្នាំ ២០១៥ នេះ យើងក៏សង្កេតឃើញថា អាស៊ានកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដែរ ក្នុងនេះមានជា អាទិ៍គឺ ការពឹងអាស្រ័យនៃកំណើនសេដ្ឋកិច្ចអាស៊ាន ទៅលើការកើនឡើងនៃសេចក្តីត្រូវការក្នុងប្រទេស មានសេដ្ឋកិច្ចជឿនលឿន ពិសេសលើការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន។ ក្នុងន័យនេះ វិបត្តិហិរញ្ញវត្ថុក្នុងតំបន់អឺរ៉ុបកន្លងទៅ ក៏ជាមូលហេតុចំបងនៃការផ្លាស់ប្តូរតុល្យភាពពាណិជ្ជ កម្មរវាងប្រទេសក្នុងតំបន់អឺរ៉ុប ជាមួយនឹងប្រទេសក្នុងតំបន់អាស៊ានផងដែរ។ ដោយសារកម្រិតនៃសេចក្តី ត្រូវការប្រើប្រាស់ទាប និងការធ្លាក់ចុះនៃការបញ្ជាទិញ វិបត្តិនេះបានធ្វើឲ្យការនាំចេញរបស់អាស៊ានទៅ តំបន់អឺរ៉ុបមានការថយចុះ ហើយកាត់បន្ថយល្បឿននៃការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ អាស៊ី។ ម្យ៉ាងវិញទៀត ការធ្លាក់ចុះនៃថ្លៃប្រេងជាសកលយ៉ាងគំហុក ក៏បានប៉ះពាល់ជាអវិជ្ជមានដល់ចំណូលពីការនាំចេញប្រេងឥន្ទនៈរបស់ប្រទេសសមាជិកអាស៊ានមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំយល់ឃើញថា ផលប៉ះពាល់នេះអាចនឹងត្រូវបានដោះស្រាយជាវិជ្ជមាន ប៉ុន្តែវាទាមទារឲ្យមានការខិតខំ ប្រឹងប្រែងដោះស្រាយរួមគ្នា ជាពិសេសតាមរយៈការបណ្តុះគំនិតច្នៃប្រឌិតថ្មីៗ និងការពង្រឹងខ្លួនឯង ដើម្បី បន្តធានាបាននូវភាពប្រកួតប្រជែង និងភាពផ្សារភ្ជាប់គ្នាខាងសេដ្ឋកិច្ចនៃបណ្តាប្រទេស និងតំបន់ដែល មានការពាក់ព័ន្ធ។ នៅក្នុងបរិការណ៍នេះ ខ្ញុំសូមគូសបញ្ជាក់នូវការគាំទ្រ និងការវាយតម្លៃខ្ពស់ចំពោះ តួនាទីដ៏សំខាន់របស់ចិន នៅក្នុងកិច្ចការអភិវឌ្ឍតំបន់ តាមរយៈការបង្កើតធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank-AIIB) និង «គំនិតផ្តួចផ្តើមវិថីសូត្រសតវត្សរ៍ទី ២១»។ ដោយឡែកសម្រាប់អាស៊ាន យើងពិតជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឲ្យបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ាននាដំណាច់ឆ្នាំ ២០១៥ នេះ ក៏ដូចជាការរៀបចំ និងអនុវត្តនូវចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីធ្វើឲ្យសមាហរណកម្មអាស៊ានមានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ សំដៅប្រែក្លាយអាស៊ានឲ្យទៅជាសហគមន៍មួយផ្តោតការយកចិត្តទុកដាក់លើប្រជាពលរដ្ឋប្រកបដោយស្ថិរភាព សន្តិភាព ភាពសុខដុមរមនា និងវិបុលភាព ហើយបន្តដើរតួនាទីស្នូលមិនអាចខ្វះបាននៅក្នុងរាល់កិច្ចការសំខាន់ៗក្នុងតំបន់។
ទី ២ និន្នាការនៃសន្តិសុខនៅតំបន់អាស៊ី–ប៉ាស៊ីហ្វិក៖
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសដែលមានឥទ្ធិពលក្នុងតំបន់ និងពិភព លោកបានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើការវិវត្តថ្មីៗក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជា ពិសេសលើផ្នែកសន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ វ៉ាស៊ីនតោន និងប៉េកាំងសុទ្ធតែបានដឹងអំពីការពឹងផ្អែកគ្នាទៅវិញទៅមក និងអន្តរអាស្រ័យ ដែលមានលក្ខណៈស្មុគស្មាញ ហើយ កំពុងតែបង្កើតនូវយន្តការជាមួយនឹងដៃគូទ្វេភាគីរបស់ខ្លួន ដើម្បីគ្រប់គ្រងទំនាក់ទំនងនេះ។
ក្រោយពីសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិកបានក្លាយជាមហាអំណាចអាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីការដួលរលំ នៃសហភាពសូវៀត។ បច្ចុប្បន្នការវិវត្តថ្មីៗក្នុងតំបន់ ជាពិសេសការងើបឡើងរបស់សាធារណរដ្ឋប្រជាមា និតចិន ទាំងផ្នែកសេដ្ឋកិច្ច និងយោធា បាននាំមកនូវតុល្យភាពយុទ្ធសាស្ត្រថ្មីមួយ។ លើផ្នែកសេដ្ឋកិច្ច ចិន បានទទួលនូវកំណើនយ៉ាងខ្ពស់ក្នុងប៉ុន្មានទស្សវត្សរ៍នេះ ហើយបានក្លាយជាប្រទេសមហាអំណាចទី ២ នៃសេដ្ឋកិច្ចពិភពលោក ព្រមទាំងបានក្លាយជាដៃគូសេដ្ឋកិច្ចដ៏ធំ និងដ៏សំខាន់មួយជាមួយស្ទើរគ្រប់ ប្រទេសទាំងអស់ក្នុងសកលលោក រួមបញ្ចូលទាំងសហរដ្ឋអាមេរិកផងដែរ។ លើវិស័យយោធា ចិនបាន និងកំពុងពង្រឹង ព្រមទាំងធ្វើទំនើបកម្មមូលដ្ឋានយោធា ទាំងផ្នែកទន់ និងផ្នែករឹង ដើម្បីធានានូវអធិបតេយ្យ ភាព និងបូរណភាពរបស់ខ្លួន។
ក្រៅពីសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចពីរដ៏មានឥទ្ធិពល លើនិន្នាការនៃសន្តិសុខតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏នៅមានប្រទេសសំខាន់ៗមួយចំនួនទៀតផងដែរ ដែល បាន និងកំពុងចូលរួមចំណែកក្នុងនិម្មាបនកម្មតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ជាក់ស្តែង ជប៉ុនបាន និងកំពុង ពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួនក្នុងតំបន់ ដោយផ្តោតលើប្រទេសជាសមាជិកអាស៊ាន ឥណ្ឌា និងអូស្ត្រាលី រួមជាមួយនឹងគោលនយោបាយបុរេសកម្មក្នុងការរួមចំណែកដល់សន្តិភាពរបស់ខ្លួន (Japanese Policy of Proactive Contribution to Peace)។ ការកែសម្រួលរដ្ឋធម្មនុញ្ញរបស់ជប៉ុននា ពេលថ្មីៗនេះ គឺជាចំណុចដែលប្រទេសជាច្រើននៅក្នុងតំបន់ និងលើសកលលោកកំពុងតាមដាន។ ចំណែកឥណ្ឌាវិញ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី មូឌី (Modi) ក៏កំពុងតែប្តូរចក្ខុវិស័យ របស់ខ្លួនពីគោលនយោបាយសម្លឹងមើលទិសខាងកើត (Look East Policy) មកជាគោលនយោបាយធ្វើ សកម្មភាពទៅទិសខាងកើត (Act East Policy) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ ដើម្បីទទួលបានឥទ្ធិពលជាយុទ្ធសាស្រ្តក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រុស្ស៊ីក៏ជាមហាអំណាច ជាប្រពៃណីមួយនៅក្នុងតំបន់ និងលើសកលលោក ដែលយើងមិនអាចមើលរំលងបាន ហើយក៏កំពុងតែខិតខំពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់ឡើងវិញដែរ។
ជារួមប្រទេសនៅអាស៊ី រួមទាំងព្រះរាជាណាចក្រកម្ពុជាផង សុទ្ធតែបានចូលរួមចំណែកក្នុងដំណើរវិវត្តន៍ របស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយប្រាថ្នាចង់ឃើញទំនាក់ទំនងជាវិជ្ជមានរវាងមហាអំណាចធំៗទាំងអស់ ក្នុងន័យស្ថាបនា និងកិច្ចសហការប្រកបដោយជំនឿ និងទំនុកចិត្ត ដើម្បីដោះស្រាយបញ្ហាតំបន់ និងសកលសំខាន់ៗ ពិសេសគឺ ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ទី ៣ សន្តិសុខលំហសមុទ្រ និងភេរវកម្មក្នុងតំបន់៖
ទាក់ទងនឹងសន្តិសុខលំហសមុទ្រ ខ្ញុំយល់ឃើញថា យើងត្រូវបន្តប្រកាន់ភ្ជាប់ឥតងាករេនូវអភិក្រមនៃការដោះស្រាយបញ្ហា ដោយឈរលើមូលដ្ឋាននៃកិច្ចសន្ទនា ការពិភាក្សា និងការកសាងទំនុកចិត្ត។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង គួរតែត្រូវបានបន្តដោះស្រាយដោយផ្អែកលើយន្តការដែលមានស្រាប់ ក្នុងក្របខណ្ឌអាស៊ាន-ចិន រួមមាន សេចក្តីថ្លែងការណ៍សមុទ្រចិនខាងត្បូង (DOC) គោលការណ៍ទាំងប្រាំមួយចំណុចរបស់អាស៊ានស្តីពីសមុទ្រចិនខាងត្បូង (Six-Point Principles on South China Sea) និងការខិតខំដើម្បីឈានទៅសម្រេចបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ពិសេសគឺការពិភាក្សាគ្នា ដោះស្រាយបញ្ហារវាងភាគីដែលមានការពាក់ព័ន្ធដោយត្រង់ ក្នុងករណីវិវាទទឹកដីនៅក្នុងតំបន់នេះ។ ការ បន្តអនុវត្តសកម្មភាពរួម រវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិតជានឹងជួយលើកកម្ពស់ការកសាងទំនុកចិត្តរវាងគ្នាទៅវិញទៅមក។ ជារួម ការប្រកាន់ខ្ជាប់នូវអភិក្រមស្រាយបញ្ហា ដោយសន្តិវិធី និងដោយសមស្របតាមគោលការណ៍ច្បាប់អន្តរជាតិ គឺជាដំណោះស្រាយយូរអង្វែង ដែលជួយធានាបាននូវសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ។ ក្នុងន័យនេះ ខ្ញុំយល់ថា ភាគីពាក់ព័ន្ធគួរតែបន្តជំរុញធ្វើអ្វីៗដែលអាចធ្វើបានភ្លាមៗ តាមអភិក្រម ប្រមូលផលដើមរដូវ (Early Harvest) ដើម្បីកសាងជំនឿ និងទំនុកចិត្ត។
ជាមួយនឹងសុន្ទរកថាដែលបានព្រៀងទុក អនុញ្ញាតឲ្យខ្ញុំបានលើកឡើងទៅលើចំណុចពាក់ព័ន្ធជាមួយបញ្ហាសមុទ្រចិនខាងត្បូង។ យន្តការមានស្រាប់ គឺនៅពេលដែលកម្ពុជាបានធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០0២ ពេលនោះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំឲ្យមានការចុះហត្ថលេខាទៅលើសេចក្តីថ្លែង ការណ៍ភាគីសមុទ្រចិនខាងត្បូង ហៅថា DOC។ ឥឡូវ DOC កំពុងតែឈានឆ្ពោះទៅសម្រេចនូវ COC ប៉ុន្តែ ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំគិតថា បើទោះបីជាមាន COC ដែលយើងកំពុងប្រឹងប្រែងក៏ដោយ តែការចរចាទ្វេភាគី រវាងបណ្តាប្រទេសដែលមានការពាក់ព័ន្ធ ទើបជាបញ្ហាសម្រេចកំណត់។ អាស៊ានមិនអាចកាត់សេចក្តីឲ្យប្រទេសដែលមានការពាក់ព័ន្ធបានទេ រវាងបណ្តាប្រទេសដែលមានការពាក់ព័ន្ធ ត្រូវដោះស្រាយទ្វេភាគីជាមួយគ្នា មិនមែនអាស៊ានមកវាស់ដី វាស់សមុទ្រ ចែកបណ្តាប្រទេសនានាទេ។ រឿងនេះ វាជារឿងស្មុគស្មាញណាស់ នៅក្នុងបណ្តាប្រទេសជាដៃគូរបស់យើង។ ខ្ញុំសូមនិយាយដោយត្រង់ថា មានហេតុផលពិតប្រាកដ អាស៊ានពិតជាប្រឹងប្រែង ដើម្បីបន្តអនុវត្ត DOC និងបន្តឈានទៅ COC ប៉ុន្តែ អាស៊ានគ្មានលទ្ធភាពទៅវាស់ដីចែកឲ្យប្រទេស ដែលមានការពាក់ព័ន្ធនោះទេ។ ដូច្នេះ សង្ឃឹមថា ប្រទេសដែលមានការពាក់ព័ន្ធ ត្រូវតែកសាងទំនុកទុកចិត្ត និងដោះស្រាយជាមួយគ្នា ដោយសមហេតុ សមផល នោះទើបជាដំណោះស្រាយពិតប្រាកដ។
ចំពោះសភាពការណ៍នៅសមុទ្រចិនខាងកើត និងនៅអ៊ុយក្រែន យើងសង្កេតឃើញថា វាមានលក្ខណៈ ប្រវត្តិសាស្រ្តស្មុគស្មាញ។ ជារួម រាជរដ្ឋាភិបាលកម្ពុជា សូមលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ប្រកាន់យកនូវភាពអត់ធ្មត់ និងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់ អន្តរជាតិ ចៀសវាងការប្រើកម្លាំងយោធាដោះស្រាយជម្លោះ។ ផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ក្នុងនេះ គឺការថែរក្សាស្ថិរភាព សន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនយើង។
រីឯបញ្ហាភេរវកម្មវិញ យើងសង្កេតឃើញថា បច្ចុប្បន្ននេះក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ និងស៊ីរី (ISIS) បាន និងកំពុងរីករាលដាល និងបន្តគំរាមគំហែងយ៉ាងធ្ងន់ធ្ងរចំពោះស្ថិរភាព និងសន្តិសុខក្នុងតំបន់មួយចំនួន និងលើពិភពលោក។ ការរីកចម្រើនដ៏ឆាប់រហ័សក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន បានក្លាយទៅជាមធ្យោបាយដ៏មានប្រសិទ្ធិភាពមួយ សម្រាប់ការបញ្ជូនព័ត៌មានមនោគមវិជ្ជាជ្រុលនិយម និងសម្រាប់ការកសាងខ្សែបណ្តាញទំនាក់ទំនងភេរវករ។ ថ្វីបើក្រុមជ្រុលនិយម ISIS មានទីតាំងឆ្ងាយពីតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែវានៅតែជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ។ ថ្មីៗនេះ ក្រុមជ្រុលនិយម ISIS បានធ្វើការផ្សព្វផ្សាយបញ្ចុះបញ្ចូលយុវជនវ័យក្មេងនៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជ្រើសរើសធ្វើជាសមាជិករបស់ខ្លួន។ រាជរដ្ឋា ភិបាលកម្ពុជាយកចិត្តទុកដាក់តាមដានរាល់ព្រឹត្តិការណ៍ ដែលកំពុងកើតឡើងយ៉ាងដិតដល់ ហើយឆ្លៀត ឱកាសនេះ ខ្ញុំសូមចូលរួមជាមួយនឹងបណ្តាប្រទេសក្នុងពិភពលោក សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការអន្តរជាតិប្រឆាំងនឹងក្រុមជ្រុលនិយម ISIS ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិ បុរេសកម្មការចែករំលែកព័ត៌មាន និងការកសាងសមត្ថភាព។
ទី ៤ ការជួយសង្រ្គោះ និងការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធិភាព៖
យើងទាំងអស់គ្នាដឹងហើយថា ការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ គឺជាបញ្ហាយូរអង្វែង និងមានលក្ខណៈស្មុញស្មាញ ដែលតម្រូវឱ្យប្រទេសយើងទាំងអស់រួមគ្នាដោះស្រាយ ក្នុងនោះមានការពង្រឹងស្ថាប័ន ការបង្កើតក្របខណ្ឌគតិយុត្តិ យន្តការគ្រប់គ្រងគ្រោះមហន្តរាយដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗក្នុងតំបន់ ក៏ដូចជាការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសការផ្លាស់ប្តូរព័ត៌មាន និងការអនុវត្តកម្មវិធីចែករំលែកចំណេះដឹងទាក់ទងនឹងការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យ ពីគ្រោះមហន្តរាយ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។
សម្រាប់រយៈពេលមធ្យមខាងមុខ ការបន្តស្វែងរកបង្កើតនិម្នាបនកម្មថ្មីសម្រាប់តំបន់អាស៊ីប្រហែលជាមិន អាចចៀសផុតនោះទេ។ អាស៊ីត្រូវតែអភិវឌ្ឍម៉ូដែលផ្ទាល់ខ្លួនមួយសម្រាប់កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មតំបន់ ដែលកើតចេញពីបទពិសោធន៍វិជ្ជមានពីអតីតកាល ដើម្បីលើកកម្ពស់ភាពធន់ សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍនៃតំបន់។ ក្នុងន័យនេះ អាស៊ានដែលបច្ចុប្បន្នជានិម្នាបនកម្មនាំមុខនៃកិច្ចសហប្រតិបត្តិការតំបន់ ច្បាស់ជាត្រូវពង្រឹងខ្លួនឱ្យមានប្រសិទ្ធិភាពជាងមុន ដើម្បីរក្សាបាននូវតួនាទីជាស្នូលនៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងជាអ្នកសម្របសម្រួលចម្បងមួយក្នុងតំបន់អាស៊ី។
ការបង្កើតយន្តការអាស៊ាន+១ អាស៊ាន+៣ វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានជួយលើកកម្ពស់សន្តិភាព និងស្ថិរភាពតំបន់។ វេទិកា និងកិច្ចប្រជុំទាំងនោះបានផ្តល់យន្តការនានាសម្រាប់ការពិភាក្សាជាយុទ្ធសាស្រ្ត និងការផ្លាស់ប្តូរយោបល់ប្រកបដោយផ្លែផ្កាទាក់ទងនឹងបញ្ហានានាដែលមានផលប៉ះពាល់ដល់តំបន់។ ជាក់ស្តែង វេទិកាតំបន់អាស៊ាន (ASEAN Reginal Forum) កិច្ចប្រជុំកំពូលអាស៊ីខាងកើត(East Asia Submit) បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងជំនឿ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ និងសន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងន័យនេះ ខ្ញុំជឿជាក់ថា វេទិកា និងកិច្ចប្រជុំកំពូលទាំងអស់នោះ នៅតែមានសក្តានុពលក្នុងការកសាងជំនឿ និងទំនុកចិត្ត ព្រមទាំងក្នុងការដាក់ចេញនូវវិធានការការទូតបង្ការ និងដោះស្រាយជម្លោះ។
ជារួម យើងមានហេតុផលប្រកបដោយសុទិដ្ឋិនិយមជាច្រើន សម្រាប់សន្តិភាព ស្ថិរភាព និងកិច្ចសហ ប្រតិបត្តិការក្នុងតំបន់។ កំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែងនៃតំបន់អាស៊ី ដែលបានពង្រីកសេដ្ឋកិច្ចដល់ ទំហំធំមួយ ដែលមិនធ្លាប់មានពីមុនមក គឺជាចំណុចខ្លាំងដ៏សំខាន់បំផុតមួយរបស់យើង។ ច្បាស់ណាស់ថា ហានិភ័យនៃការគណនាមិនត្រឹមត្រូវ និងកំហុសគោលនយោបាយតែងអាចកើតឡើងនៅក្នុងកាលៈ ទេសៈមួយចំនួន។ ប៉ុន្តែ កំណើននៃកម្លាំង និងទំហំសេដ្ឋកិច្ច ព្រមទាំងការតភ្ជាប់គ្នា និងសមាហរណកម្មកាន់តែជិតសិទ្ធនៃទំនាក់ទំនងនៅក្នុងតំបន់បានផ្តល់នូវជំនឿថា ការផ្លាស់ប្ដូរប៉ូលអំណាចក្នុងតំបន់ និងពិភពលោក ប្រាកដជាអាចគ្រប់គ្រងបាន ប្រកបដោយការស្ថាបនា សម្រាប់ស្ថិរភាព សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។ ក្នុងន័យនេះ ដំណោះស្រាយប្រកបដោយភាពវិជ្ជមាន និងស្ថិរភាព នៅក្នុងចំណោមប្រទេសនានា ពិសេសប្រទេសធំៗជាអាទិ៍ ចិន រុស្ស៊ី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក នឹងក្លាយទៅជាមូលដ្ឋានសម្រាប់ចីរភាព សន្តិភាព និងសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំ ថា ចិន និងអាស៊ាន ព្រមទាំងប្រទេសពាក់ព័ន្ធផ្សេងៗទៀតទាំងអស់ នៅក្នុងតំបន់ នឹងខិតខំធ្វើការរួមគ្នាក្នុងស្មារតីនេះ សំដៅឆ្លើយតបទៅនឹងហានិភ័យ និងបញ្ហានានា ដើម្បីផលប្រយោជន៍រួម និងសម្រេចបាននូវស្ថានភាពឈ្នះ-ឈ្នះ សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំក៏សូមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសង្កត់ធ្ងន់លើកិច្ចសហ ប្រតិបតិ្តការលើគ្រប់វិស័យ តាមរយៈសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ការសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសវិនិយោគឥតឈប់ឈរ ដើម្បីធានាបរិស្ថានអំណោយផល សម្រាប់ការកាត់បន្ថយគម្លាត និងសម្រាប់អនុវត្តប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងតំបន់អាស៊ី-ប៉ា ស៊ីហ្វិកនេះ។
នៅទីបញ្ចប់ ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីម្តងទៀតថា វេទិកាសៀនសានលើកទី ៦ នៅពេលនេះ ពិតជានឹង រួមចំណែកផ្តល់នូវវិភាគទានដ៏មានតម្លៃ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួមរបស់ប្រជាជាតិយើង ដែល ចង់បានសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាការកសាងតំបន់មួយ ដែលគ្រប់ប្រទេស និងគ្រប់ជាតិសាសន៍ អាចរស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា វឌ្ឍនភាព និង វិបុលភាព។