សង្កថា ក្នុងពិធីសម្ពោធស្ថានីយ៍អ្នកដំណើរថ្មី នៃ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

កម្ពុជាមានពីរ គឺពិត និងក្នុងសារព័ត៌មាន … តើពេលនេះ យើងកំពុងស្ថិតនៅកន្លែងណា? ព្រោះថា កម្ពុជាមានពីរ។ ទីមួយគឺកម្ពុជាពិត និងទីពីរ កម្ពុជា​លើ​ទំព័រសារព័ត៌មាន ដែលមនុស្សមួយចំនួនបានទៅបរិហាកេរ្ត៍ ឬនិយាយ​អាក្រក់ពីកម្ពុជា (ដែលប្រៀបបាន) សឹងតែជាឋាននរកលោកីយ៍។ ថ្ងៃនេះ ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី រួមទាំង ឯកឧត្តមអគ្គរដ្ឋទូតបារាំង និងអគ្គរដ្ឋទូតមកពីសហភាពអឺរ៉ុប ដែលបានអញ្ជើញចូលរួម​នាក្នុងឱកាសនេះ ពិត​ជា​កំ​ពុង​រួមជាមួយយើងខ្ញុំស្ថិតនៅលើកម្ពុជាពិត។ ខ្ញុំបញ្ជាក់ឡើងវិញ កម្ពុជាយើង​ខ្ញុំ ពិតជាមានពីរ៖ កម្ពុជាពិត និង​កម្ពុជាលើទំព័រសារព័ត៌មាន។ កម្ពុជាលើទំព័រសារព័ត៌មាននៅក្រៅប្រទេស តាមរយៈនៃការសរសេរផ្សាយ​របស់​មនុស្សមួយចំនួន រាប់ទាំងជនជាតិកម្ពុជាមួយចំនួនផង គឺកម្ពុជានោះមិនគួរឲ្យ​ចង់រស់នៅ មិនគួរឲ្យ​មាន​ការ​ចង់មកទស្សនកិច្ចនោះទេ ហើយប្រហែលជាមិនមានវត្តមានក្រុមហ៊ុន VINCI ដែលរួមគ្នា​សម្ពោធ​នៅថ្ងៃ​នេះ​នោះទេ។ ឥឡូវនេះ យើងពិតជាកំពុងឈរនៅទីនេះ សម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ថានីយអ្នកដំណើរថ្មី ដែលវិនិ​យោគដោយក្រុមហ៊ុនសម្បទានព្រលានយន្តហោះ​ ដែលក្រុមហ៊ុនមេ គឺក្រុមហ៊ុន VINCI។ គោលនយោបាយបើកចំហរជើងមេឃ អម្បាញ់មិញ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន បានធ្វើរបាយការណ៍ទាក់ទងនឹងវឌ្ឍនភាព នៃការសាង សង់នេះរួច​ហើយ។​…