កម្ពុជាមានពីរ គឺពិត និងក្នុងសារព័ត៌មាន
… តើពេលនេះ យើងកំពុងស្ថិតនៅកន្លែងណា? ព្រោះថា កម្ពុជាមានពីរ។ ទីមួយគឺកម្ពុជាពិត និងទីពីរ កម្ពុជាលើទំព័រសារព័ត៌មាន ដែលមនុស្សមួយចំនួនបានទៅបរិហាកេរ្ត៍ ឬនិយាយអាក្រក់ពីកម្ពុជា (ដែលប្រៀបបាន) សឹងតែជាឋាននរកលោកីយ៍។ ថ្ងៃនេះ ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី រួមទាំង ឯកឧត្តមអគ្គរដ្ឋទូតបារាំង និងអគ្គរដ្ឋទូតមកពីសហភាពអឺរ៉ុប ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ ពិតជាកំពុងរួមជាមួយយើងខ្ញុំស្ថិតនៅលើកម្ពុជាពិត។ ខ្ញុំបញ្ជាក់ឡើងវិញ កម្ពុជាយើងខ្ញុំ ពិតជាមានពីរ៖ កម្ពុជាពិត និងកម្ពុជាលើទំព័រសារព័ត៌មាន។ កម្ពុជាលើទំព័រសារព័ត៌មាននៅក្រៅប្រទេស តាមរយៈនៃការសរសេរផ្សាយរបស់មនុស្សមួយចំនួន រាប់ទាំងជនជាតិកម្ពុជាមួយចំនួនផង គឺកម្ពុជានោះមិនគួរឲ្យចង់រស់នៅ មិនគួរឲ្យមានការចង់មកទស្សនកិច្ចនោះទេ ហើយប្រហែលជាមិនមានវត្តមានក្រុមហ៊ុន VINCI ដែលរួមគ្នាសម្ពោធនៅថ្ងៃនេះនោះទេ។ ឥឡូវនេះ យើងពិតជាកំពុងឈរនៅទីនេះ សម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ថានីយអ្នកដំណើរថ្មី ដែលវិនិយោគដោយក្រុមហ៊ុនសម្បទានព្រលានយន្តហោះ ដែលក្រុមហ៊ុនមេ គឺក្រុមហ៊ុន VINCI។
គោលនយោបាយបើកចំហរជើងមេឃ
អម្បាញ់មិញ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន បានធ្វើរបាយការណ៍ទាក់ទងនឹងវឌ្ឍនភាព នៃការសាង សង់នេះរួចហើយ។ (លោក) Xavier Huillard អគ្គនាយក VINCI ក៏បានធ្វើបទអន្តរាគមន៍ បញ្ជាក់ជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី រួចហើយ។ នៅក្នុងក្របខណ្ឌនយោបាយបើកចំហរជើងមេឃ បើកចំហរជើងគោក និងបើកចំហរជើងទឹក យើងពិតជាមានតម្រូវការហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍរបស់ប្រទេស។ ខ្ញុំអាចនិយាយបានថា តាមរយៈការអនុវត្តនូវគោលនយោបាយបើកចំហរជើងមេឃនោះហើយ ដែលតម្រូវឲ្យយើងបានកែសម្រួលកិច្ចព្រមព្រៀងជាបន្តបន្ទាប់។ បើខ្ញុំមិនច្រឡំទេ យើងបានកែសម្រួលកិច្ចព្រមព្រៀងរហូតទៅដល់ ៦ ដងរួចទៅហើយ។ នោះវាផ្តើមចេញពីអ្វី? ផ្តើមចេញពីការអនុវត្តនូវនយោបាយនៃការបើកចំហរជើងមេឃរបស់យើង។ មុននេះ (មាន)តម្រូវ(ការ)ត្រឹមតែមានព្រលានយន្តហោះមួយនៅទីក្រុងភ្នំពេញ និងមិនមានព្រលានយន្តហោះអន្តរជាតិដទៃទៀត។ ប៉ុន្តែ នៅឆ្នាំ ១៩៩៧ យើងក៏សម្រេចឲ្យមានការហោះហើរត្រង់ចុះទៅព្រលានយន្តហោះសៀមរាប។ យើងមិនបានគិតអំពីបញ្ហាតើក្រុមហ៊ុនអាកាសចរណ៍ណាចំណេញ ឬខាតទេ ក៏ប៉ុន្តែ យើងគិតទៅដល់បញ្ហាសេដ្ឋកិច្ចជាតិទាំងមូលតែម្តង។ ពេលនោះ ខ្ញុំនៅចាំបានថា អ្នករកស៊ីសេវាទេសចរណ៍នៅទីក្រុងភ្នំពេញមានប្រតិកម្មយ៉ាងខ្លាំង ជាមួយនឹងការបើកចំហរអោយមានការចុះចតនៅសៀមរាប។ ប៉ុន្តែក្រោយមក គេបានឃើញច្បាស់ថា របៀបដែលយើងបានធ្វើនោះ ពិតជាត្រឹមត្រូវ។ ដូច្នេះហើយបានជា VINCI ត្រូវពង្រីកខ្លួនពីពោធិ៍ចិនតុង ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅកាន់សៀមរាប ហើយក៏ពង្រីកខ្លួនទៅកាន់ក្រុងព្រះសីហនុផងដែរ។ នេះគឺជាប្រវត្តិដែលទាក់ទិនថា ហេតុអ្វីបានជាក្រុមហ៊ុន VINCI របស់បារាំងពង្រីកខ្លួនចេញពីទីក្រុងភ្នំពេញ ទៅទីក្រុងសៀមរាប និងទៅកាន់ក្រុងព្រះសីហនុ។ គឺចាប់ផ្តើមចេញពីគោលនយោបាយរបស់យើង ដែលទាក់ទិនជាមួយនឹងការបើកចំហរជើងមេឃឲ្យមានការហោះហើរត្រង់ទៅសៀមរាប និងការហោះហើរត្រង់ទៅឯក្រុងព្រះសីហនុ …។
ថ្លែងការកោតសរសើរដល់ក្រុមហ៊ុន VINCI របស់បារាំង
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុន VINCI។ នៅពេលវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកលបានមកដល់ កម្ពុជាពិតជាមានការបារម្ភពីការអាក់ខានគម្រោងវិនិយោគមួយចំនួនពីបរទេសដែលមានការខ្វះខាតទុននៅក្នុងការវិនិយោគ ក្នុងហ្នឹងក៏មានការព្រួយបារម្ភចំពោះក្រុមហ៊ុន VINCI ផងដែរ តើអាចអនុវត្តទៅតាមគម្រោងការដែលបានគ្រោងទុកឬអត់? ប៉ុន្តែ ក្រុមហ៊ុន VINCI មិនបានធ្វើឲ្យយើង មានការអាក់អន់ចិត្ត ឬក៏ខកចិត្តទេ ដោយវិបត្តិសេដ្ឋកិច្ចសកលនោះ មិនបានរារាំងសកម្មភាពរបស់ VINCI នៅក្នុងការអភិវឌ្ឍ និងគម្រោងវិនិយោគដែលត្រូវបានផ្តល់សម្រាប់ព្រលានយន្តហោះទាំងបី ទាំងនៅទីក្រុងភ្នំពេញ ទាំងនៅសៀមរាប និងទាំងនៅឯក្រុងព្រះសីហនុ។ … ព្រលានយន្តហោះទីក្រុងភ្នំពេញ ដែលជាភ្នំពេញពិត ហើយជាកម្ពុជាពិតក៏បានសាកល្បង រួចទៅហើយនូវការទទួលយន្តហោះធំៗ ដែលមកចុះចតនៅទីក្រុងភ្នំពេញ ជាពិសេសក្នុងឆ្នាំ ២០១២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន យន្តហោះដែលដឹកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានមកចុះចត និងសំចតនៅក្នុងទីក្រុងភ្នំពេញនេះរួចទៅហើយ។ បើគ្មានសុវត្ថិភាពទេ គ្មានមេដឹកនាំបរទេសណា ប្រើយន្តហោះធុនធ្ងន់មកចុះចតនៅព្រលានយន្តហោះនៅទីក្រុងភ្នំពេញនោះទេ។ នេះគឺជាកម្ពុជាពិត មិនមែនជាកម្ពុជាលើសារព័ត៌មានទេ។ រយៈពេលចុងក្រោយនេះ មុនពេលខ្ញុំទៅប្រជុំនៅសហរដ្ឋអាមេរិកក៏មានយន្តហោះធុនធ្ងន់របស់រដ្ឋមន្រ្តីការបរទេសរបស់អាមេរិក John Kerry មកចុះចត និងធ្វើទស្សនកិច្ចនៅទីនេះ។ ទោះបីថាព្រលានយន្តហោះរបស់យើងនៅខ្វះខាតនូវចំនួនផ្លូវ ប៉ុន្តែនេះមិនមែនជាកំហុសរបស់ VINCI ទេ។ វាជាកំហុសរបស់រាជរដ្ឋាភិបាល ដែលមិនអាចផ្តល់ដីឲ្យបាន។ ខ្ញុំបានធ្វើនាយករដ្ឋមន្រ្តីតាំងពីឆ្នាំ ១៩៨៥ ដែលកាលពេលនោះនៅក្នុងតំបន់នេះ អត់សូវមានមនុស្សនៅទេ។ កម្ពុជាកំពុងជាប់ក្នុងទណ្ឌកម្មសេដ្ឋកិច្ចទៀតផង ដោយសារតែអង្គការសហប្រជាជាតិទទួលស្គាល់ខ្មែរក្រហម អោយអង្គុយនៅអង្គការសហប្រជាជាតិ។ កម្ពុជាពិតជាអភ័ព្វ។ បន្ទាប់ពីរបបប្រល័យពូជសាសន៍ហើយ យើងត្រូវទទួលនូវទណ្ឌកម្មសេដ្ឋកិច្ច។ គ្មានអ្នកណាមកគិតគូរវិនិយោគនៅកម្ពុជាទេ។ (ពេលនោះ) ទីនេះជាតំបន់ដែលងាយដោះស្រាយដីធ្លីណាស់។ ប៉ុន្តែយើងបែរជាទុកឲ្យប្រជាពលរដ្ឋរស់នៅអញ្ចឹងទៅ។ … នេះជារឿងពិតដែលបានកើតឡើង ប៉ុន្តែបើទោះបីថាវាមិនទាន់គ្រប់ នៅខ្វះបន្តិចបន្តួច ប៉ុន្តែវាមិនមែនជាឧបសគ្គរារាំងនៃដំណើរចុះចតយន្តហោះធំៗ រាប់ទាំងយន្តហោះដែលដឹកថ្នាក់ដឹកនាំនៃប្រទេសជាប្រធានាធិបតី ជានាយករដ្ឋមន្ត្រី មកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន …។
ទេសចរចាប់ពីសូន្យមក ៤ លានជាងនាក់
ថ្ងៃនេះយើងសម្ពោធនូវសមិទ្ធិផលមួយ ដែលវិនិយោគដោយក្រុមហ៊ុនសម្បទានព្រលានយន្តហោះ។ យើងពិត ជាមានមោទនភាពជាមួយនឹងការកើនឡើងនៃចំនួនទេសចរ។ បើអត់មានទេសចរ គ្មានតម្រូវការសម្រាប់ សាងសង់អគារនោះទេ។ ខ្ញុំមិននិយាយពីចំនួនប៉ុន្មានសិបម៉ឺននាក់ ខ្ញុំនិយាយពីកម្ពុជាសូន្យទេសចរ និង រហូតមកដល់ ៤ លាន ៧ សែននាក់ នៅឆ្នាំ ២០១៥ កន្លងទៅ។ ហេតុអីបានខ្ញុំនិយាយពីសូន្យទេសចរ? សម័យនោះ ទីក្រុងភ្នំពេញអត់មានមនុស្សនៅទេ។ ព្រលានយន្តហោះទៅទីក្រុងភ្នំពេញនេះ បានទទួលរងវិនាសកម្ម តាំងពីពេលរដ្ឋប្រហារ ថ្ងៃ ១៨ មីនា។ នៅសល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបរដ្ឋប្រហារខុសច្បាប់ដោយពួក លន់ នល់ ទម្លាក់ព្រះនរោត្តមសីហនុ។ នោះជាការចាប់ផ្តើមនៃភ្លើងវិនាសកម្មនៅកម្ពុជា។ ខ្ញុំទើបមានអាយុ ១៨ ឆ្នាំ មិនទាន់គ្រប់ ១៨ ឆ្នាំស្រួលបួលផង សង្គ្រាមបានចាប់ផ្តើមពីពេលនោះ។ យ៉ាងណាក៏ដោយ នៅមានយន្តហោះហោះហើរនៅឡើយ។ ប៉ុន្តែទេសចររបស់យើងមិនមែនដូចកាលពីសម័យមុនរដ្ឋប្រហារ ១៩៧០ នោះទេ ដោយសារតំបន់ជាច្រើន ត្រូវមានសង្គ្រាមរួចស្រេចទៅហើយ។ នៅឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩ ព្រលានយន្តហោះនេះ ស្ទើរតែបិទទាំងស្រុងទៅហើយ។ យន្តហោះដែលមកពីប្រទេសនេះប្រទេសនោះ បានមកចុះចតស្ងាត់ៗ នៅទីក្រុងភ្នំពេញនេះ។ ពេលនោះមានយន្តហោះតែ ២ ប្រទេសប៉ុណ្ណោះ ដែលបានមកចុះចតនៅទីក្រុងភ្នំពេញ មួយមកពីប្រទេសវៀតណាម និងមួយទៀត Aeroflot ហោះពីមូស្គូ មកចុះចតនៅទីក្រុងភ្នំពេញនេះ។ អញ្ចឹងទេ បានជាពេលនោះ អត់បានលៃលកទុកនូវដីសម្រាប់ពង្រីកព្រលានយន្តហោះទេ។ សូម្បីអគារតូចតាចក៏គ្មានភ្ញៀវគ្រប់គ្រាន់ ដើម្បីនឹងទទួលដែរ។ មួយអាទិត្យមានយន្តហោះមួយ ឬពីរចុះ (អញ្ចឹង)គ្មានការចាំបាច់ដើម្បីសាងសង់ទេ។ ប៉ុន្តែ ឥឡូវនេះប៉ុន្មាននាទីចុះមួយគ្រឿងៗ ខ្ញុំទៅវាយកូនហ្គោល វាហោះកាត់ពីលើ ដែលប៉ុន្មាននាទីចុះមួយគ្រឿងអញ្ចឹងៗ។ ទៅសៀមរាបក៏ដូចគ្នា ប៉ុន្មាននាទីមកមួយគ្រឿងៗអញ្ចឹងទៅ។
ដោយសារតែសន្តិភាព មិនមានសង្គ្រាមតទៅទៀត តាមនយោបាយឈ្នះ/ឈ្នះ ធ្វើឲ្យកម្ពុជាមានតំបន់ទេសចរណ៍ច្រើន ហើយភ្ញៀវទេសចរបានកើនពីសូន្យទេសចរណ៍ដល់ ៤ លាន ៧ សែននាក់ជាង។ អញ្ចឹង បានជាមានតម្រូវការក្នុងការពង្រីកនូវព្រលានយន្តហោះ នូវស្ថានីយដឹកអ្នកដំណើរ។ ស្ថានីយដឹកអ្នកដំណើរនេះទៀតមិនមែនជាស្ថានីយបាំងស័ង្កសីទេ។ បន្តិចទៀតយើងចូលទៅខាងក្នុងទាំងអស់គ្នា។ អម្បាញ់មិញ លោក Xavier Huillard បាននិយាយពី Wifi ឥតគិតថ្លៃ។ ខ្ញុំស្វាគមន៍ អារឿង Wifi អត់គិតថ្លៃ។ សូមធ្វើការនេះឲ្យជោគជ័យ។ កុំឲ្យមាន Wifi តែវាអត់ដើរ។ ទាំងគេទាំងខ្ញុំ ពិសេសតម្រូវការដំបូង ពេលចុះពីលើយន្តហោះ យើងរកបណ្តាញអាំងទែរណែត ហើយបើមាន 3G យើងបញ្ជូនដំណឹង។ ដំបូងបំផុតយើងបញ្ជូនអោយអ្នកណា? ច្បាស់ណាស់ បញ្ជូន(ភរិយា) … «ខ្ញុំបានមកដល់ហើយ»។ ប៉ុន្តែនៅពេលដែលគ្មាន 3G ពេលដែលចុះគេចូលក្នុងអគោរមាន Wifi ដោយមិនចាំរក password រួចហើយគេត្រូវការបញ្ជូនព័ត៌មាន ភ្លាមទៅប្រពន្ធរបស់គេ រាប់ទាំងរូបភាព។ សូមធ្វើអាហ្នឹងទាំងនៅភ្នំពេញ ទាំងនៅសៀមរាប ទាំងនៅកំពង់សោម ក្រុងព្រះសីហនុ។ សូមឧស្សាហ៍ពិនិត្យ កុំអោយ Wifi ខ្លះ ដូចនៅសភាជាតិកម្ពុជា Wifi លោតសញ្ញាពេញទាំងអស់ ប៉ុន្តែស្រេចតែវាមិនដើរ …។
ការសម្ពោធព្រលានយន្ដហោះ ជាសារថា កម្ពុជាមានព្រលានយន្ដហោះកម្រិតអន្តរជាតិ
ខ្ញុំសូមកោតសរសើរជាមួយនឹងការខិតខំ ហើយខ្ញុំបានអនុវត្តនូវការសន្យារបស់ខ្ញុំនៅពេលដែលហូបបាយជាមួយ VINCI គ្នានៅប៉ារីស អមដោយអគ្គរដ្ឋទូតបារាំង នៅយប់នៅថ្ងៃទី ២៥ តុលា។ ពេលហ្នឹង ខ្ញុំបានទទួលថា (នឹងមក)សម្ពោធ។ ឥឡូវខ្ញុំបានសងបំណុលដែលខ្ញុំបានជំពាក់ហើយ។ នេះមិនមែនជាបំណុលទេ។ ប៉ុន្តែ ជាកាតព្វកិច្ចរបស់នាយករដ្ឋមន្រ្តី ដែលត្រូវមកសម្ពោធដាក់ឲ្យប្រើប្រាស់ ដើម្បីប្រាប់សារព័ត៌មាន និងជូនសារមួយទៅទេសចរបរទេសថា សូមអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា។ កម្ពុជាពេលនេះ ក៏មានអាកាសយានដ្ឋានកម្រិតអន្តរជាតិល្អៗ ហើយដោយមានការវិនិយោគពីប្រទេសបារាំង និងដៃគូពីប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន VINCI and Muhibbah ដែលបានធ្វើការរួមគ្នានៅទីនេះ។ អរគុណចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន និងជំនួយការទាំងឡាយ។ អរគុណជាមួយនឹងការខិតខំរបស់ក្រុមហ៊ុនសម្បទានផលិតយន្ដហោះ ក្រុមហ៊ុន VINCI ក៏ដូចជាការជួយគាំទ្រពីសំណាក់រដ្ឋាភិបាលបារាំង និងពីសំណាក់បណ្ដាស្ថាប័នរបស់កម្ពុជា ក្នុងនោះ មានអាកាសចរស៊ីវិលកម្ពុជា។
ខ្ញុំសង្ឃឹមថា អ្វីដែលយើងត្រូវដោះស្រាយជាបន្ដនោះ គឺសុវត្ថិភាពនៃព្រលានយន្ដហោះរបស់យើង។ … ខ្ញុំសូមជម្រាប ពីដើមរបងនេះ … នៅខាងក្រៅនោះ គឺមានអូរមួយធំណាស់ … កាលពីមុន ក្របីដេកនៅហ្នឹងតើ។ (ខ្ញុំគិតថា)មិនទំនង ក៏ឲ្យព្រលានយន្ដហោះពង្រីកដីថែមបានមួយចំនួនទៀតក្នុងព្រលានយន្ដហោះ ដើម្បីសុវត្ថិភាព(ការចុះចត)។ ចម្ងាយពីផ្លូវនេះ ជាមួយនឹងព្រលានយន្ដហោះ ផ្លូវចុះចតឲ្យវាឆ្ងាយបន្តិច ហើយយើងក៏បានសោភ័ណភាពនៅខាងក្រៅ ដែលពីដើម មានមួយចំនួនលក់ទឹកត្នោតជូរនៅខាងក្រៅនោះ គេមកផឹកទឹកត្នោតជូរ ក្លែមនៅហ្នឹង ហើយក៏មានក្របីមកផឹក(អូរ)នៅហ្នឹងផងដែរ។
ខ្ញុំសូមអំពាវនាវឲ្យមន្រ្តីបុគ្គលិក ធ្វើការនៅក្នុងព្រលានយន្ដហោះរាប់ទាំងនគរបាលអន្តោប្រវេសន៍ រាប់ទាំងគយ និយាយរួមផ្នែកពាក់ព័ន្ធទាំងអស់ ធ្វើកិច្ចការឲ្យបានល្អ ឲ្យកម្ពុជាក្លាយជាមួយចំណុចទាក់ទងនៃវិស័យទេសចរណ៍ ឲ្យគេមកហើយ គេត្រឡប់មកវិញ ដោយនាំមកជាមួយនូវភ្ញៀវទេសចរ។ (ដែល)លើកទីមួយគេមកម្នាក់ឯង គេមកហើយ គេចង់មកទៀត មិនមែនមកម្នាក់ឯងទេ គាត់នឹងនាំភរិយាគាត់ ឬបងប្អូនគាត់ មិត្តភក្ដិគាត់។ អញ្ចឹងទេសចរម្នាក់ដែលមកដំបូង នឹងអូសទាញបានទេសចរ ៤ ទៅ ៥ នាក់ មកបន្ថែមទៀត។ សូមកុំធ្វើឲ្យទេសចររាងចាល ពេលត្រឡប់ទៅវិញ (គាត់ប្រាប់គ្នាគាត់) ថាកុំមកកម្ពុជា លំបាកណាស់ ចាប់ផ្ដើមចុះពីយន្ដហោះចូលមក គឺមានបញ្ហារឿងនេះរឿងនោះមិនចេះចប់ រហូតទៅដល់តំបន់ទេសចរណ៍។ ធ្វើយ៉ាងដូច្នេះ វាមានប្រសិទ្ធិភាពឃោសនាជាងការឃោសនាតាម CNN ទៅទៀត …៕