សុន្ទរកថា និងសេចក្ដីអត្ថាធិប្បាយ ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ និងពិធីប្រកាសជាផ្លូវការ នៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ឆ្នាំ ២០២០

• […] ខ្ញុំមិនមែនយកវេទិកានេះ ដើម្បីនិយាយពីអ្វីសំដៅទៅលើការទិតៀនអឺរ៉ុបទេ ប៉ុន្តែ ខ្ញុំចង់ឱ្យបណ្តាប្រទេសអាស៊ាន ដែលកម្ពុជាជាតួអង្គមួយដ៏សំខាន់នៅក្នុងនោះដែរ ដកពិសោធន៍អំពីគោលការណ៍កុងសង់ស៊ីស និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា។ គោលការណ៍កុងសង់ស៊ីស គឺជាគោលការណ៍គ្រឹះដែលធ្វើឱ្យ អាស៊ានមានឯកភាព បើទោះបីមានការលំបាកបន្តិចក្នុងការឈានទៅរកការសម្រេចណាមួយ។ ប៉ុន្តែ វាមិនបាននាំមកការបែកបាក់នៅក្នុងក្របខណ្ឌអាស៊ាននោះទេ ដោយសារតែត្រូវរកវិធីសម្របសម្រួលគ្នាជាជាងតាមវិធីនៃការបោះឆ្នោត […]

• […] អាស៊ានក៏មានគំនិតផ្ដួចផ្ដើមរបស់ខ្លួន អំពីទស្សនទានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួនហើយដែរ។ យើងចង់ធ្វើសំយោគទាំងអស់ នូវគំនិតផ្ដួចផ្ដើមនៅក្នុងតំបន់នេះ រាប់ទាំង «ខ្សែក្រវាត់ និងផ្លូវ» និងបណ្ដាគំនិតផ្ដួចផ្ដើមដទៃទៀត ហើយក្នុងនោះ និយាយពីនយោបាយរបស់ឥណ្ឌាកាលពីពេលមុន នៅក្នុងរដ្ឋាភិបាលរបស់ Manmohan Singh ត្រឹមតែលើកឡើងទាក់ទិនជាមួយនឹងនយោបាយសម្លឹងមកទិសខាងកើត។ ប៉ុន្តែ ចូលមកដល់រដ្ឋាភិបាលរបស់ Narendra Modi គាត់បាននិយាយទៅដល់សកម្មភាពមកទិសខាងកើត នោះគឺជាផ្នែកមួយដែលយើងត្រូវឈោងចាប់យក។ ឯកូរ៉េខាងត្បូងក៏មាននយោបាយសម្លឹងមកទិសខាងត្បូង ដែលយើងត្រូវធ្វើសំយោគនូវនយោបាយ ដើម្បីអាស៊ានទទួលផលប្រយោជន៍ និងធ្វើជាមជ្ឈមណ្ឌលនៃសាមគ្គីភាពរវាងបណ្ដារដ្ឋ តាមរយៈនៃតួអង្គ ដែលខ្លួនមាន អាស៊ានបូកមួយ អាស៊ានបូកបី និងការប្រជុំអាស៊ីបូព៌ា […]

• […] នៅក្នុងផ្ទៃក្នុងរបស់យើង ប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ មានប្រទេសជាច្រើនដែលបានបង្កើតឡើងនូវ ក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា។ ដូច្នេះ ខ្ញុំបានសម្រេចឱ្យមានការតែតម្រូវក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ នឹងដឹកនាំធ្វើកិច្ចការងារនេះ ហើយនឹងកែប្រែច្បាប់នៅឯរដ្ឋសភា ជាមួយនឹងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងនោះ ដោយបង្កើតនូវអង្គភាពទាក់ទិននឹងការសិក្សា ស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកទេស និងប្រមូលផ្ដុំឱ្យបាន តាមឱ្យទាន់នូវសភាពការណ៍ ដែលកំពុងវិវឌ្ឍ និងប្រែប្រួល […] ដើរឱ្យទាន់សម័យកាលនៃបដិវត្តន៍ឧស្សាហកម្មទី ៤ […]

• […] ខ្ញុំនៅបន្តនិយាយថា មិនត្រូវឱ្យអ្នកណាមកដឹកច្រមុះរបស់យើង ហើយក៏មិនត្រូវយកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយនឹងការអនុគ្រោះ ឬជំនួយណាទាំងអស់។ ពិតជាគ្មានតម្លៃ ហើយថោកទាបផង ប្រសិនបើច្បាប់របស់យើងមិនអាចអនុវត្តបាន ហើយតម្រូវឱ្យធ្វើទៅតាមការបង្ខិតបង្ខំរបស់អ្នកដទៃ តើយើងជាប្រទេសមានឯករាជ្យ និងអធិបតេយ្យទេ? ជំនាន់មុន ការហ៊ុមព័ទ្ធសេដ្ឋកិច្ចមានគ្រប់ទិស នៅសល់តែសហភាពសូវៀត និងអឺរ៉ុបខាងកើត ដែលហៅថា COMECON នោះ បូកជាមួយ វៀតណាម ឡាវ ឥណ្ឌា តែប៉ុណ្ណោះ ដែលផ្តល់នូវការគាំទ្រសម្រាប់កម្ពុជារស់រានមានជីវិត។ ឥឡូវនេះ យើងមានដៃគូច្រើន ដែលរកស៊ីជាមួយគ្នា […]

សម្ដេចតេជោ ហ៊ុន សែន,
បិទសន្និបាតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ៣១ មករា ២០២០។

ប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយយុវជន សិស្ស និស្សិត ដែលកំពុងសិក្សានៅប្រទេសតួគី

អាចបោះបង់កម្មវិធីផ្សេងបាន ប៉ុន្តែមិនបោះបង់កម្មវិធីជួបនិស្សិត និងបងប្អូនខ្មែរនៅបរទេស ខ្ញុំពិតជាមានការរីករាយ ដែលបានជួបជាមួយនឹងក្មួយៗ ដែលបានទទួលការបណ្ដុះបណ្ដាលនៅសាធារ​ណ​រ​ដ្ឋតួគី។ ដូចដែលខ្ញុំធ្លាប់បានប្រកាសជារឿយៗថា​ បើទោះបីជាបោះបង់ចោលកម្មវិធីមួយចំនួនក៏អាចបោះបង់បាន ប៉ុន្តែការបោះបង់ចោលការជួបពលរដ្ឋខ្មែរនៅបរទេស រួមមានទាំងនិស្សិតផង គឺមិនបោះបង់ចោលទេ។ ដូច្នេះ នៅគ្រប់ទីកន្លែងដែលខ្ញុំធ្វើដំណើរទៅ ខ្ញុំតែងឆ្លៀតពេលជួបនិស្សិតរបស់យើង ដែលកំពុងសិក្សានៅឯក្រៅប្រទេស ហើយនៅប្រទេសដែលមានប្រជាពលរដ្ឋរបស់យើងរស់នៅ ក៏ឆ្លៀតជួបទាំងប្រជាពលរដ្ឋ និងទាំងនិស្សិត។ ២៤ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-តួកគី ១៩៩៤-២០១៨ ថ្ងៃនេះ ក្មួយៗបានជួបពូ យើងជួបគ្នានៅប្រទេសតួគី អាចចាត់ទុកថា នេះជាប្រវត្តិដ៏សំខាន់ … ដំបូងយើងត្រូវនិ​យាយថា ជាលើកទីមួយ ដែលមានការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់បែបនេះ។ ក្នុងប្រវត្តិនៃទំនាក់ទំនង បើយើងគិតពីការដាក់ទំនាក់ទំនងការទូត(ជាមួយតួគី)នៅឆ្នាំ ១៩៩៤ រហូតមកដល់ពេលនេះ គឺមានរយៈពេល ២៤ ឆ្នាំ។ ហើយឆ្នាំក្រោយ គឺខួបលើកទី ២៥ ឆ្នាំ នៃការដាក់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលនេះ គឺជារយៈពេលដែលនាយករដ្ឋមន្រ្តីឈ្មោះ ហ៊ុន សែន របស់កម្ពុជា ទស្សនកិច្ចនៅប្រទេសតួគី​ បន្ទាប់ពីទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន (មក)ទស្សនកិច្ចដើម្បីមកធ្វើការរៀប​ចំ​ទុកជាមុន។ ឆ្នាំក្រោយ នឹងមានការបើកស្ថានទូតនៅអង់ការ៉ា…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅបណ្តាប្រទេស ក្នុងតំបន់អឺរ៉ុបប្រមាណជាង ១ ពាន់នាក់

ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ, បងប្អូនជនរួមជាតិ, ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះជាទីគោរពនឹករលឹក! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយខ្លាំងណាស់ ដែលមានឱកាសបានជួបជាមួយព្រះតេជព្រះ​គុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាមួយបងប្អូនជនរួមជាតិ ដែលរស់នៅក្រៅប្រទេស ហើយដែលខ្ញុំព្រះករុណាខ្ញុំ ទទួលព័ត៌មានថា មួយផ្នែកនៅប៊ែលហ្ស៊ិកនេះ មួយផ្នែកអញ្ជើញមកពីបារាំង មួយផ្នែកអញ្ជើញមកពីអង់​គ្លេស មួយផ្នែកអញ្ជើញមកពីហូឡង់ ហើយក៏មាននិស្សិតអាហារូបករណ៍របស់យើងដែល​​កំពុងសិក្សា នៅក្រៅប្រទេសក៏មកដល់ទីនេះផងដែរ។ ថែមទាំងបងប្អូនមកពីកាណាដាថែមទៀត ដែលថ្ងៃមុនអត់បានជួប នៅអាមេរិក ឥឡូវហោះមកជួបដល់អឺរ៉ុបតែម្តង។ អរគុណជនរួមជាតិ ដែលមកពីឆ្ងាយ និងរង់ចាំយូរ ដើម្បីបានជួប ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ហើយហាក់ដូចជាមានអារម្មណ៍ជំពាក់គុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជំពាក់គុណចំពោះបងប្អូនទាំងអស់ ព្រោះថាមានហេតុផល ២ ដែលខ្ញុំព្រះករុណាខ្ញុំគិតថា គឺជាការជំពាក់គុណ ​… ទី ១ ការខិតខំធ្វើដំណើរពីចំងាយមកកាន់ទីនេះ។ អ្នកនៅប៊ែលហ្ស៊ិក បើទោះបីនៅក្នុងប្រ​ទេសប៊ែលហ្ស៊ិក ក៏មិនមែននៅក្នុងទីក្រុងនេះដែរទេ អាចថានៅឆ្ងាយក៏បានធ្វើដំណើរមក។ ប៉ុន្តែអ្នកខ្លះធ្វើដំ​ណើរឆ្ងាយណាស់ទម្រាំមកដល់ទីនេះ ដើម្បីស្កាត់មករកជួបចំពោះខ្ញុំ ថែមទាំងត្រូវទទួលនូវការគំរាមកំ​ហែង​ពីក្រុមប្រឆាំងទៀតផង។ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំនឹកស្មានមិនដល់ថា នៅពេលដែលគេមិនទាន់បានកាន់អំណាចផង គេហ៊ានគំរាមប្រជាពលរដ្ឋដែលគ្រាន់តែមកទទួលនាយករដ្ឋមន្ត្រីប្រទេសរបស់ខ្លួន ហើយ​ប្រ​​មាថទៅដល់ការបាញ់ថែមទៀត។ នេះមកនៅប្រទេសគេ ហើយប្រទេសប្រជាធិបតេយ្យថែមទៀត គេហ៊ានហាមាត់និយាយទៅដល់ការវាយតប់ ឬដល់បាញ់ប្រហារ ចុះបើគេមានអំណាចពិតប្រាកដ…