ការដកស្រង់សង្កថា ក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ ២១ (តាខ្មៅ-ជ្រៃធំ)

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះអនុគណ ព្រះថេរានុថេរៈទាំងអស់​គ្រប់ព្រះអង្គ ឯកឧត្តម Kim Weon Jin អគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម Hong Young Pyo អនុប្រធានមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមគោរពចំពោះលោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូល​រួមនាក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ផ្លូវជាតិ ២១ ជាក់ស្តែងជាផ្លូវធ្វើថ្មីទាំងស្រុង ជាជំនួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមបើកការដ្ឋានសម្រាប់ការសាងសង់ផ្លូវជាតិ​លេខ ២១។ តាមពិត ការដ្ឋាននេះបាន និងកំពុងដំណើរការប្រមាណជាជិតមួយឆ្នាំរួចមកហើយ ហើយក៏​កសាង​បានមួយចំនួនរួចហើយដែរ។ ប៉ុន្តែ ថ្ងៃនេះ យើងបើកការដ្ឋានជាផ្លូវការ ដើម្បីការធ្វើឲ្យប្រសើរឡើងនូវផ្លូវ​ជាតិលេខ ២១។ តាមពិត ពាក្យថាធ្វើឲ្យប្រសើរឡើងនេះ គ្រាន់តែជាភាសាដើម្បីសម្រួលថាពី​ដើម យើង​មាន​ផ្លូវ​ជាតិលេខ ២១ ប៉ុន្តែ លើការជាក់ស្តែង ផ្លូវនេះគឺធ្វើថ្មីទាំងស្រុងតែម្តង គ្មានបន្សល់ទុកនូវអ្វី​ដែលជាផ្លូវ​ចាស់​ដែល​យើងបានសាងសង់ពីមុន ហើយក៏បានជួសជុលជាបណ្តើរៗ…