ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះអនុគណ ព្រះថេរានុថេរៈទាំងអស់គ្រប់ព្រះអង្គ
ឯកឧត្តម Kim Weon Jin អគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ
ឯកឧត្តម Hong Young Pyo អនុប្រធានមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋកូរ៉េ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
សូមគោរពចំពោះលោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!
ផ្លូវជាតិ ២១ ជាក់ស្តែងជាផ្លូវធ្វើថ្មីទាំងស្រុង ជាជំនួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមបើកការដ្ឋានសម្រាប់ការសាងសង់ផ្លូវជាតិលេខ ២១។ តាមពិត ការដ្ឋាននេះបាន និងកំពុងដំណើរការប្រមាណជាជិតមួយឆ្នាំរួចមកហើយ ហើយក៏កសាងបានមួយចំនួនរួចហើយដែរ។ ប៉ុន្តែ ថ្ងៃនេះ យើងបើកការដ្ឋានជាផ្លូវការ ដើម្បីការធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ ២១។ តាមពិត ពាក្យថាធ្វើឲ្យប្រសើរឡើងនេះ គ្រាន់តែជាភាសាដើម្បីសម្រួលថាពីដើម យើងមានផ្លូវជាតិលេខ ២១ ប៉ុន្តែ លើការជាក់ស្តែង ផ្លូវនេះគឺធ្វើថ្មីទាំងស្រុងតែម្តង គ្មានបន្សល់ទុកនូវអ្វីដែលជាផ្លូវចាស់ដែលយើងបានសាងសង់ពីមុន ហើយក៏បានជួសជុលជាបណ្តើរៗ មកដែរ(នោះទេ)។
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងនូវអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ប្រជាជនកូរ៉េ ដែលតែងផ្តល់នូវការជួយឧបត្ថម្ភសម្រាប់ប្រជាជនកម្ពុជា។ ទាក់ទងនឹងហិរញ្ញប្បទានសម្រាប់ស្ថាបនាផ្លូវនេះ អាចនិយាយបានថា មួយភាគនៃដំណើរការសម្រាប់ភាគខាងត្បូងរបស់កម្ពុជា រាប់ទាំងផ្លូវជាតិលេខ ៣ ផ្លូវលេខ ៣៣ ផ្លូវមួយចំនួនទៀត ហើយឥឡូវនេះ ក៏កំពុងតែធ្វើការចរចា និងសិក្សាទៅលើគម្រោងផ្លូវជាតិលេខ ២ ដែលធ្វើឲ្យប្រសើរឡើង ពីខេត្តកណ្តាល ទៅដល់ទីរួមខេត្តតាកែវ និងបន្តទៅផ្លូវជាតិលេខ ២២ ភ្ជាប់ទៅនឹងផ្លូវជាតិលេខ ៣។ ជាមួយនេះដែរ ក៏កំពុងដំណើរការទាក់ទងនឹងការសាងសង់ជាមួយនឹងផ្លូវជាតិលេខ ៤៨ ផងដែរ។
ផ្លូវជាតិ ២១ ពិបាករកលុយសាងសង់ជាងគេ ព្រោះត្រូវការស្ពានឆ្លងកាត់ព្រែកច្រើនកន្លែង
អរគុណណាស់ជាមួយនឹងមិត្តភក្តិ ជាពិសេស សាធារណរដ្ឋកូរ៉េ ដែលបានផ្តល់នូវជំនួយឧបត្ថម្ភ តាមរយៈការផ្តល់ជំនួយឥតសំណងផង និងហិរញ្ញប្បទានសម្បទាន សម្រាប់ការសាងសង់។ អាចនិយាយបានថា ផ្លូវលេខ២១ នេះ ជាផ្លូវដែលពិបាករកលុយសាងសង់ជាងគេ ដោយសារបញ្ហាវាមិនសាមញ្ញទេបើគិតពីថ្លៃ។ ព្រោះអ្វី? ផ្លូវរបស់យើងនេះ កាលពីដើម មានទំហំកន្លែងខ្លះ ៧ ម៉ែត្រ កន្លែងខ្លះ បាន ៦ ម៉ែត្រ កន្លែងខ្លះក៏ធំជាងនោះបន្តិចទៅ។ កាលពីឆ្នាំ ២០០០ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ធំ ហើយក៏បានប៉ះពាល់នូវផ្លូវនេះ យើងក៏បានធ្វើផ្នែកខាងក្រោមមួយកំណាត់ដោយប្រើប្រាស់ថវិកាជាតិដើម្បីស្តារឡើងវិញដោយកងវិស្វកម្មរបស់លោក គង់ អៀង។ បើនិយាយពីចម្ងាយ ផ្លូវនេះមិនឆ្ងាយពីទីក្រុងភ្នំពេញទេ ក៏ប៉ុន្តែ វាហាក់ដូចជាលំបាកណាស់។ តាមចំនួនព្រែកដែលយើងមាន គឺរហូតទៅដល់ជាង ៥០ ឯណោះ។ ក្នុងចំនួនព្រែកទាំងអស់នេះ កន្លែងខ្លះមានស្ពានឈើ កន្លែងខ្លះមានស្ពានបេតុង កន្លែងខ្លះមានស្ពានដែក។ កាលពីទសវត្សរ៍ ៩០ ឬក៏ដើមសតវត្សរ៍ទី ២១ ការបានស្ពានដែកបាឡេ គឺចាត់ទុកថាល្អហើយ តែឥឡូវសភាពការណ៍វិវត្ត ដែលមិនគ្រាន់តែដើម្បីការតភ្ជាប់ផ្ទៃក្នុងទេ ក៏ប៉ុន្តែក៏ត្រូវមានការតភ្ជាប់ជាមួយខាងក្រៅ។
តែអ្វីដែលសំខាន់ គឺការរីកចម្រើននៅក្នុងដំណាក់កាលនេះ។ ផ្លូវដែលមុននេះ យើងថា ៧ ម៉ែត្រធំ ឥឡូវពង្រីក ១១ ម៉ែត្រ ស្ទើរតែគ្រប់ផ្លូវ (ហើយ)នៅតែតូចដដែល។ កំណើនកើនឡើងនៃយានយន្តគ្រប់ប្រភេទ បានដាក់ឲ្យប្រទេសរបស់យើងស្ថិតនៅក្នុងសភាពការណ៍មួយលំបាកអំពីបញ្ហាផ្លូវស្ពាននេះឯង។ ដូច្នេះ ទាមទារឲ្យរកថវិកាដើម្បីសាងសង់។ ការចំណាយលើការសាងសង់ផ្លូវមួយនេះ (មាន)រហូតទៅដល់ជាង ៦១ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េចំនួន ៥២ លាន ហើយខាងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល គឺប្រមាណជាជាង ១០ លាន។ នេះគ្រាន់តែផុតដំណាក់កាលទី ១ តែប៉ុណ្ណោះ នៅដំណាក់កាលទី ២ ជាង ៨ គីឡូម៉ែត្រទៀត។ បើយើងពិនិត្យអំពីចំនួនផ្លូវដែលត្រូវសាងសង់នេះ វាចំនួន ៦៣,៦ គីឡូម៉ែត្រ គិតពីរង្វង់មូលតាខ្មៅមក ប៉ុន្តែដល់ទៅយើងចំណាយថវិកា ត្រូវចំណាយដល់ជាង ៦១ លានដុល្លារ អញ្ចឹងបានសេចក្តីថា ១ គីឡូម៉ែត្រ ត្រូវចាយប្រាក់អស់ប្រហាក់ប្រហែល ១ លានដុល្លារ។
(បញ្ហា)នៅត្រង់ថា យើងត្រូវចំណាយដោះស្រាយនូវផលប៉ះពាល់ជាមួយនឹងប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ និងការចំណាយរបស់យើងទៅលើស្ពានយ៉ាងច្រើន។ បើសិនជាផ្លូវនេះ មិនមានព្រែកច្រើននោះទេ ប្រហែលជាការចំណាយនេះមិនដល់កម្រិតប៉ុណ្ណោះទេ។ នៅប្រទេសរបស់យើង មានព្រែកច្រើន មានទន្លេច្រើន វាល្អសម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែវាក៏លំបាកទាក់ទងនឹងផ្លូវដឹកជញ្ជូន គមនាគមន៍ ដែលតម្រូវឲ្យយើងចំណាយប្រាក់យ៉ាងច្រើន សម្រាប់ការសាងសង់ទៅលើស្ពាន ដែលត្រូវឆ្លងកាត់ទាំងនោះ។ អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឃី តាំងលឹម បានលើកឡើងថា ទឹកគឺជាសត្រូវនឹងផ្លូវថ្នល់។ នេះជាការពិត។ យើងត្រូវការទាំងទឹក យើងត្រូវការទាំងផ្លូវថ្នល់ ដូច្នេះ យើងត្រូវហ៊ានចំណាយដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឲ្យតម្រូវការរបស់ប្រជាពលរដ្ឋរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះជាថ្មីម្តងទៀត ថ្លែងនូវការអរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលតាំងពីការចាប់ផ្តើមភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ រវាងប្រទេសទាំង ២ នៅឆ្នាំ ១៩៩៦/១៩៩៧ រហូតមកដល់ពេលនេះ គឺមានការវិនិយោគ និងមានការផ្តល់ជំនួយឥតសំណង និងកម្ចីសម្រាប់ប្រទេសកម្ពុជាយើងយ៉ាងច្រើន ចំនួនទេសចរកូរ៉េក៏មានការកើនឡើង។
កម្ពុជា និងកូរ៉េខាងត្បូងមានកូនកាត់កម្ពុជា-កូរ៉េ ជិត ១ ម៉ឺននាក់
… កំណាត់ផ្លូវដ៏លំបាកក្នុងការរកទុនសម្រាប់ការសាងសង់ ត្រូវបានសាធារណរដ្ឋកូរ៉េយកចិត្តទុកដាក់ផ្តល់នៅថ្ងៃនេះ។ សង្ឃឹមថា ឯកឧត្តម អគ្គរដ្ឋទូត ជម្រាបទៅលោកជំទាវប្រធានាធិបតី Park Guen-hye (ផងថា)លុយដែលផ្តល់លើកមុនហ្នឹងមិនទាន់គ្រប់ទេ ត្រូវបន្ថែម ហើយសុំកុំកាត់លុយចេញពីគម្រោងផ្លូវដទៃទៀត ដូចជាផ្លូវលេខ ៤៨ ជាដើម។ ហើយលោកអនុប្រធាន Hong Young Pyo សូមបញ្ជាក់ថាសុំបន្ថែមឥណទាន (ដែល)យើងនៅខ្វះប្រាក់ប្រហែលជា ១០ លានដុល្លារទៀត ដើម្បីកសាងដំណាក់កាលទី ២ (ដែល)នៅសល់ជាង ៨ គីឡូម៉ែត ជិត ១០ គីឡូម៉ែត្រ។ ខ្ញុំគិតថាឥណទានប៉ុណ្ណឹង ប្រហែលជាកូរ៉េមិនពិបាកទេ ព្រោះហ៊ានឲ្យដល់រាប់រយលានហើយ ត្រឹមតែ ១០ លាន រឿងអី ដែលត្រូវពិបាក។
ខ្ញុំព្រះករុណាខ្ញុំ អាចនិយាយបានថា ខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពជាមួយនឹងនយោបាយការបរទេស ដែលខ្ញុំព្រះករុណាខ្ញុំ ប្តូរផ្តាច់ដើម្បីនឹងបង្កើតឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលហៅថាកូរ៉េខាងត្បូង …។ កាលពីអតីតកាលនោះ យើងមានទំនាក់ទំនងតែជាមួយកូរ៉េខាងជើងទេ។ អត់មានទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូងទេ។ ខ្ញុំព្រះករុណាខ្ញុំ ត្រូវធ្វើកិច្ចការមួយនេះ ឲ្យខានតែបាន។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីដាក់ទំនាក់ទំនងឡើងវិញ។ ខ្ញុំព្រះករុណាខ្ញុំ ក៏បានធ្វើដំណើរភ្លាមទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ (ដែល)កាលពេលនោះ ឯកឧត្តម Kim Young-sam ជាប្រធានាធិបតី។ ជាដំណើរទស្សនកិច្ចមួយជាលើកដំបូងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ។ តាំងពីពេលនោះ ឯកឧត្តម Roh Moo-hyun ឯកឧត្តម Lee Myung-bak ធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជា។ សង្ឃឹមថាលោកជំទាវ Park Geun-hye នឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ក្នុងឋានៈជាប្រទេសដែលមានទំនាក់ទំនងល្អ ហើយក៏ជាប្រទេសអាចនិយាយបានថាយើងជាប្រទេសដន្លងទៅហើយ ឥឡូវនេះ ដោយថាកូនកាត់ច្រើនណាស់។ ស្រ្តីកម្ពុជាយើង រៀបការជាមួយនឹងជនជាតិកូរ៉េច្រើន។ ឆ្នាំទៅ ក្នុងការប្រជុំរវាងអាស៊ាន-កូរ៉េ ខ្ញុំព្រះករុណាខ្ញុំ ក៏បានទស្សនកិច្ចនៅប្រទេសកូរ៉េ បើយើងពិនិត្យពីចំនួនកូនកាត់ ឥឡូវប្រហែលជាមានជិត ១ ម៉ឺន អញ្ចឹងបានជារដ្ឋមន្រ្តីអប់រំរបស់កូរ៉េ គាត់ថា ត្រូវរកវិធីយ៉ាងណា ដើម្បីឲ្យកូនកាត់នេះ ចេះភាសាកូរ៉េផង ចេះភាសាខ្មែរផង។
សូមប្រជាពលរដ្ឋយោគយល់រឿងដីហុយពេលមានការដ្ឋាន / អំពាវនាវស្រោចទឹកផ្លូវកុំឲ្យហុយខ្លាំង
… សូមងាកមកផ្លូវថ្នល់របស់យើងនេះ ដែលទាមទារនូវការពង្រីក ការអភិវឌ្ឍ ដើម្បីជម្រុញការតភ្ជាប់ និងសម្រួលទំនាក់ទំនងរបស់ប្រជាពលរដ្ឋរបស់យើង។ នៅពេលនេះ ប្រទេសកម្ពុជាយើង មិនដូចពីពេលមុនទេ មុនទេ។ (កាលមុន)យើងមានត្រឹមតែកង់ ត្រឹមតែម៉ូតូតែប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះ ចំនួនកង់ថយចុះ ចំនួនម៉ូតូ និងរថយន្តមានការកើនឡើង។ បន្តិចស្ទះៗ បើនៅទីក្រុងភ្នំពេញផង គឺស្ទះយកតែមែនទែន។ អញ្ចឹងទាមទារនូវការពង្រីក ហើយក៏សូមការយោគយល់ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ដែលរស់នៅសងខាងផ្លូវ ដែលទន្ទឹមនឹងមានផលប៉ះពាល់ ដែលត្រូវរើរុះផ្ទះសំបែងខ្លះ ក៏ត្រូវទទួលនូវការលំបាកបន្ថែមទៀត នៅពេលដែលផ្លូវថ្នល់បានសាងសង់ នៅត្រង់ថា សម្លេងគ្រឿងចក្រនៅខាងមុខផ្ទះ ហើយដីក៏ហុយ។ តាមខ្ញុំព្រះករុណាខ្ញុំ ឮការអំពាវនាវរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួន សូមឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកចិត្តទុកដាក់ផងដែរ ជាមួយនឹងការដ្ឋានខ្លះដែលកាត់តាមភូមិរបស់ប្រជាពលរដ្ឋ ហើយដីវាហុយខ្លាំងពេក។ គាត់អំពាវនាវសុំឲ្យមានការបាញ់ទឹក …។
មានផ្លូវនេះ នឹងលែងមានបញ្ហាប្រកួតប្រជែងមិនឈ្នះប្រទេសជិតខាងហើយ
… កាលពីមុនជួបការលំបាកនៅក្នុងការអត់មានផ្លូវ ចេញតែពីផ្ទះមក គឺជើងជាប់ភក់។ ប៉ុន្តែបន្ទាប់ពីសាងសង់ហើយនោះ វាសម្រួលទៅដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវនោះតែម្តង។ ចំណូលរបស់ប្រជាពលរដ្ឋ ក៏នឹងត្រូវកើនឡើង បន្ថែមលើនោះ បញ្ហាការដឹកជញ្ជូនរបស់យើង ដែលកំពុងតែមានចំណោទប្រកួតប្រជែងនឹងប្រទេសជិតខាង ដែលមានតម្លៃដឹកជញ្ជូនទាបជាងយើង ក៏បានស្រាក ដោយ(វា)នឹងទម្លាក់ថ្លៃដឹកជញ្ជូន តាមរយៈនៃការប្រឹងប្រែងកសាងផ្លូវស្ពានរបស់យើងឲ្យបានល្អប្រសើរឡើង។ សូមជម្រាបជូនដែរថា នៅក្នុងការធ្វើពាណិជ្ជកម្ម មិនថាពាណិជ្ជកម្មក្នុងប្រទេស ឬក្រៅប្រទេសទេ គឺពិតជាមានការពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូននេះឯង។ ឧទាហរណ៍ យើងចង់ដឹកជញ្ជូនផលិតផលរបស់យើងពីស្រុកស្អាង ពីកោះធំ ទៅកាន់ទីក្រុងភ្នំពេញ បើសិនជាផ្លូវលំបាក តម្លៃដឹកជញ្ជូនរបស់យើងខ្ពស់ (វានឹង)ធ្វើឲ្យផលិតផលអ្នកស្រុកកោះធំ ឬស្រុកស្អាង មិនអាចប្រកួតប្រជែងបានជាមួយនឹងផលិតផលដែលមកពីកៀនស្វាយ ឬមកពីពញាឮ ឬមកពីតំបន់ផ្សេងទេ។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ សូមការយោគយល់ចំពោះប្រជាពលរដ្ឋដែលនៅសងខាងផ្លូវ ដែលជួបប្រទះជាមួយនឹងបញ្ហាទាក់ទងជាមួយនឹងការរើរុះផ្ទះសម្បែង ដីធ្លី ហើយនិងការលំបាកនៅក្នុងដំណាក់កាលនៃការសាងសង់ផ្លូវនេះ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលបានផ្តល់ថវិកាទាន់ពេលវេលា។ ផ្លូវមួយនេះ ចាយលុយដោះស្រាយផលប៉ះពាល់ធំជាងគេ។ ក្នុងកំណាត់ផ្លូវត្រឹមតែប្រមាណ ៦០ គីឡូម៉ែត្រប៉ុណ្ណោះ យើងប្រើប្រាស់លុយយ៉ាងច្រើន ដើម្បីដោះស្រាយផលប៉ះពាល់។ បើមិនមានការដោះស្រាយទេ យើងមិនអាចមានលទ្ធភាពក្នុងការសាងសង់នេះដែរ។
២០១៧ ផ្លូវជាតិ ២១ នេះ ស្ពានជ្រៃធំ និងស្ពានឆ្លងទន្លេបាសាក់ នឹងបញ្ចប់ជាស្ថាពរ
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ ទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក ហើយក៏ដូចជាមូលដ្ឋានភូមិឃុំនៅតាមដែលត្រូវឆ្លងកាត់។ ថ្ងៃនេះ យើងបើកការដ្ឋានសាងសង់នៅទីនេះ ហើយស្ពានមួយ ដែលតភ្ជាប់រវាងកម្ពុជា និងវៀតណាម គឺស្ពានជ្រៃធំ និងឡុកប៊ិញក៏ត្រូវបញ្ចប់ក្នុងឆ្នាំ ២០១៧ (ព្រមជាមួយនឹង)ស្ពានឆ្លងកាត់ទន្លេបាសាក់ផង ក៏រួចរាល់ក្នុងឆ្នាំ ២០១៧ ដែរ បូកផ្សំនឹងផ្លូវនេះ ក៏ត្រូវផ្សារភ្ជាប់ជាមួយគ្នា។ សង្ឃឹមថា បន្ទាប់ពីមានផ្លូវនេះហើយ ប្រជាពលរដ្ឋនឹងងាយស្រួលធ្វើដំណើរជាង ហើយពេលនោះចំនួនទេសចរ និងការដឹកជញ្ជូនពាណិជ្ជកម្មដទៃៗទៀតវា នឹងងាយបានប្រសើរឡើង។ ថ្ងៃនេះ ធាតុអាកាសដូចជាចាប់ផ្តើមត្រជាក់។ ម្សិលមិញ ក៏ត្រជាក់ដែរ។ ខ្ញុំព្រះករុណាខ្ញុំ នាំផ្តាសាយពីស្រុកខ្មែរទៅស្រុកចិន នាំពីស្រុកចិនមកស្រុកខ្មែរវិញ។ វាមិនព្រមជា។ ម្សិលមិញ ទៅដាក់កូនគោលថា ឲ្យបែកញើស។ វាបែកញើសស្ទើរទៀត ព្រោះវាត្រជាក់។
អម្បាញ់មិញហ្នឹងបានជួបជាមួយនឹងអ្នកក្រាំងយ៉ូវ។ នៅម្តុំណាអ្នកក្រាំងយ៉ូវ? យ៉ាងម៉េច ហើយអ្នកក្រាំងយ៉ូវរបស់យើង។ ក្រាំងយ៉ូវពីដើម គឺជាក្រាំងយ៉ូវដែលនៅដាច់ពីគេតែម្តង។ ប៉ុន្តែ ឥឡូវនេះ ក្រាំងយ៉ូវមានទាំងវិទ្យាល័យនៅទីនោះ ក្លាយទៅជាតំបន់តភ្ជាប់មួយរវាងស្រុកស្អាង ខេត្តកណ្តាល និងស្រុកព្រៃកប្បាសរបស់ខេត្តតាកែវ ហើយសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំនឹងទៅលេងនៅក្រាំងយ៉ូវ ដើម្បីមើលសមិទ្ធផលដែលបានចាប់ផ្តើមអភិវឌ្ឍនៅដើមឆ្នាំ ១៩៩៥ រហូតមកដល់បច្ចុប្បន្ន តើមានការប្រែប្រួលយ៉ាងណា? (សម្តេចសួរអភិបាលស្រុកអំពីការអភិវឌ្ឍ និងការធ្វើផ្លូវថ្នល់នៅក្រាំងយ៉ូវ។) បើសិនជាផ្លូវជាតិលេខ ២១ ហ្នឹងកាន់តែល្អ គាត់មកតាមហ្នឹង ពង្រឹងស្ថានភាពនៃការតភ្ជាប់ពីតំបន់(ចង្អុលរកទិសក្រាំងយ៉ូវ)។
អរគុណណាស់ ហើយសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលថ្ងៃនេះ ជួបជុំគ្នា ហើយសង្ឃឹមថា នៅតែប៉ុន្មានថ្ងៃទៀតទេ ថ្ងៃនេះ ២៨ ហើយ ថ្ងៃ ១៣ ចូលឆ្នាំ ល្ងាចម៉ោង ៨ យប់ ទេវតាចុះ។ បើចុះម៉ោង ៨ យប់ គឺជាទេវតាដែលនាំសំណាងមកហើយ បើទេវតាចុះម៉ោង ២ យប់ គ្មាននរណាទទួលទេ ទាំងគេទាំងខ្ញុំ សុំដេកសិនហើយ។ ប៉ុន្តែ បើម៉ោង ៨ ច្បាស់ជាមានមនុស្សកកកុញហើយ ទទួលទេវតា។ តែឆ្នាំនេះ ខ្ញុំព្រះករុណាខ្ញុំ ទៅទទួលទេវតានៅខេត្តសៀមរាប ដើម្បីចូលរួមអង្គរសង្ក្រាននៅទីនោះប្រចាំឆ្នាំ។
សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង ជាមួយនឹងការរីកចម្រើននៅក្នុងឆ្នាំចាស់ ឆ្នាំថ្មី និងបន្តការរីកចម្រើន តទៅទៀត តាមរយៈនៃការខិតខំទាំងអស់គ្នា។ គ្មានការមានបានណាមួយដែលបានពីការដែលយើងមិនធ្វើសកម្មភាពនោះទេ។ ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ហើយចាប់ផ្តើមពីប្រជាពលរដ្ឋដែលមានតែបាតដៃទទេ បែកពី ប៉ុល ពត មក តើប្រទេសយើងមានអ្វីខ្លះ? ហើយមកដល់ពេលនេះ តើយើងមានអ្វីខ្លះ? សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹកឃើញ និងចងចាំនូវអ្វីដែលជាអតីតកាលដ៏លំបាករបស់យើង ហើយឈានឆ្ពោះមកកាន់ដំណាក់កាលថ្មី ដែលជាដំណាក់កាលនៃការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន។
រួមគ្នាគោរពច្បាប់ចរាចរណ៍
ខ្ញុំព្រះករុណាខ្ញុំ មិនយកពេលបន្ថែមនោះទេ គ្រាន់តែសូមអំពាវនាវដូចឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អម្បាញ់មិញ សូមប្រជាពលរដ្ឋរបស់យើង មេត្តាគោរពច្បាប់ចរាចរណ៍ ហើយបើសិនជាមិននឹកទៅដល់ច្បាប់ចរាចរណ៍ទេ ក៏សូមគិតថា គោរពជីវិតរបស់ខ្លួន ទុកជីវិតរបស់ខ្លួនកុំឲ្យស្លាប់ដោយសារការបើកបរ ការធ្វើដំណើរដោយយានយន្ត ដោយមិនគោរពច្បាប់ចរាចរណ៍។ ត្រូវនឹកគិតថា មិនគួរត្រូវក្លាយខ្លួនជាជនពិការ ឬរបួសស្នាម ដោយសារតែការជិះម៉ូតូ ឬបើកឡាននោះទេ។ សូមមេត្តាគោរពជីវិតខ្លួនឯង និងជីវិតរបស់អ្នកដទៃ។ បើធ្វើដូច្នេះបាន ការសាងសង់ផ្លូវកាន់តែច្រើន នឹងមិនបង្កើតនូវការគ្រោះថ្នាក់សម្រាប់ប្រជាជននោះទេ។ វានឹងកាត់បន្ថយនូវការគ្រោះថ្នាក់ទាំងនោះ។ សូមអរគុណចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អរគុណឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងប្រជាពលរដ្ឋរបស់យើង ដែលបានចូលរួមនៅក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ផ្លូវលេខ ២១ របស់យើងនាពេលនេះ …។
ក្រោយរំដោះ ៧ មករា អត្រាប្រជាជនកើនឡើងខ្ពស់
អម្បាញ់មិញ អាយុ ២៤ ឆ្នាំ មានកូន ៣ នាក់។ (កូនមួយ)ដែលខ្ញុំយកមកពរអម្បាញ់មិញ (ខ្ញុំសួរ)ថា កូនច្បងអាយុប៉ុន្មាន? ថាកូនច្បងអាយុ ៦ ឆ្នាំ។ អញ្ចឹងបានសេចក្ដីថា (រៀបការ)តាំងពីអាយុ ១៨ ឆ្នាំ មានកូនបាត់ហើយ។ កើតនោះកើត។ ក្រោយរំដោះ ៧ មករា ១៩៧៩ ប្រជាជនយើងមានប្រមាណជា ៥ លាននាក់ តែប៉ុណ្ណោះ។ ឥឡូវ ១៥ លាននាក់។ អត្រាកំណើនប្រជាពលរដ្ឋរបស់យើងនៅតែខ្ពស់ ហើយខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា អាចនឹងមានចៅបន្ថែមទៀត ព្រោះឥឡូវនេះ ចង់ខ្សត់ទៅហើយ។ ពីមុន ជួនកាល ១ ខែ កើតមួយ ឥឡូវអត់។ ខ្វះប្រុសមួយសម្រាប់បាល់ទាត់។ ចុងបញ្ចប់ ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២១ ដែលជាហិរញ្ញប្បទានដោយសាធារណរដ្ឋកូរ៉េ ជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សូមជូនពរ ប្រគេនពរ ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសបងប្អូនជនរួមជាតិនៅក្នុងឱកាសដាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី, ឆ្នាំចាស់ ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ចូលឆ្នាំវក អដ្ឋសក ពុទ្ធសករាជ ២៥៦០ សូមនាំមកនូវសេរីសួរស្ដីជ័យមង្គល និងអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕