សុន្ទរកថា និងសេចក្តីអធិប្បាយ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមក្នុង ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ ១០ តុលា ១៩៧៩- ១០ តុលា ២០១៩ ដែលប្រារព្ធឡើងយ៉ាងឱឡារិក នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអបអរសាទរចំពោះវឌ្ឍនភាព ជាពិសេសសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាននៅក្នុងវិស័យធនាគារ និងសូមថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជា គ្រប់ជំនាន់ ជាពិសេសឯកឧត្តម ចាន់ ភិន ឯកឧត្តម ចា រៀង ឯកឧត្តម ថោ ប៉េងលាត និង ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍប្រព័ន្ធធនាគារកណ្តាល ឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រទេសជាមិត្ត, ស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញការជាតិ-អន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍ ដែលបានផ្តល់ជំនួយបច្ចេកទេស, កិច្ចសហការ និងរាល់ការគាំទ្រនានា ក្នុងបុព្វហេតុ អភិវឌ្ឍវិស័យធនាគារនៅកម្ពុជាកន្លងមក។ ជាការពិត, ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩, ការងារឤទិភាពសំខាន់របស់រដ្ឋាភិបាលក្នុងវិស័យសេដ្ឋកិច្ច គឺការបង្កើតធនាគារកណ្តាល បន្ទាប់ពីរបប ប៉ុល ពត បានបំផ្លាញទាំងស្រុងនូវខឿន និងរចនាសម្ព័​ន្ធ​​សេដ្ឋកិច្ច និងសង្គមជាតិ។ ការបង្កើតធនាគារកណ្តាល តាមរយៈការបោះផ្សាយរូបិយវត្ថុជាតិ…