សុន្ទរកថា ក្នុងសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពី «អនាគតអាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ឯកឧត្ដម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ តំណាងស្ថាប័នអន្តរជាតិ និងវិស័យ​ឯកជន ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីរីករាយជាអនេក ដោយបានចូលរួមជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសក្នុងតំបន់នៅក្នុងសន្និសីទនេះ ដែលក៏ជាឱកាសដ៏កម្រសម្រាប់យើងពិភាក្សា និងផ្លាស់ប្ដូរទស្សនៈលើការវិវត្តន៍នៃស្ថានការណ៍តំបន់ និងសកលលោក។ ខ្ញុំសូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន នីកកេ (Nikkei) ដែលបានរៀបចំកម្មវិធីនេះឡើង និងអញ្ជើញចូលរួម ព្រមទាំងសូមសំដែងការអបអរសាទរចំពោះក្រុមហ៊ុននីកកេ សម្រាប់ខួបទី ២៥ នៃសន្និសីទនេះ ដែលបានចូលរួមចំណែកពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ីយើង។ ជាការពិត ប្រធានបទនៃវេទិកាសម្រាប់ឆ្នាំនេះ «ការស្វែងរកសណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការជម្នះលើភាពវឹកវរ» មានសារៈសំខាន់ និងសមស្របបំផុតនៅក្នុងបរិការណ៍បច្ចុប្បន្ន និងសម្រាប់អនាគតតំបន់យើង ដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមស្មុគស្មាញ និងនិន្នាការវិវត្តន៍ទៅមុខមិនប្រាកដប្រជា ដោយសារការគំរាមផ្សេងៗ និងភាពរង្គោះរង្គើនៃសណ្ដាប់ធ្នាប់ និងនិម្មាបនកម្មពិភពលោកបច្ចុប្បន្ន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំតំបន់យើង គប្បីគិតគូរនិងមានជំហររួមគ្នា ចំពោះដំណោះស្រាយលើបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមពិភពលោក និងតំបន់អាស៊ីយើង ក្នុងកាលៈទេសៈបច្ចុប្បន្ន ពិសេស ចរន្តគាំពារនិយម សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ និងវិបត្តិភូមិសាស្រ្តនយោបាយ។ បន្ថែមលើនេះ សម្រាប់រយៈពេលវែងទៅមុខ…