សេចក្តីដកស្រង់ប្រសាសន៍ សួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់ ទីតាំងទី ២ ក្រុងប៉ោយប៉ែត

រយៈពេល ៨ ខែ បានមកជួបគ្នាម្ដងទៀត ថ្ងៃនេះ​ ខ្ញុំពិតជាមានការរីករាយ បើទោះបីថាមានការលំបាកដោយសារទឹកជំនន់យាយី ប៉ុន្តែការរីករាយរបស់ខ្ញុំ គឺបានមកជួបជុំជាមួយបងប្អូនជនរួមជាតិកំពុងទទួលរងនូវផលប៉ះពាល់ ដើម្បីបានបំពេញកាតព្វ​កិច្ចក្នុងឋានៈជាអ្នកទទួលខុសត្រូវ និងក្នុងឋានៈជាអ្នករួមសុខរួមទុក្ខជាមួយនឹងប្រជាជនកម្ពុជារយៈពេលជាង ៤១ ឆ្នាំរួចមកហើយ។ ខ្ញុំសុំអភ័យទោសពីសំណាក់បងប្អូនទាំងអស់ចំពោះការរង់ចាំយូរ ដោយ​សារមុនពេលដែលខ្ញុំមកដល់ទីនេះ ខ្ញុំត្រូវទៅស្រុកថ្មពួក ដើម្បីចែកជូនប្រជាពលរដ្ឋនៅស្រុកថ្មពួកចំនួន ៥០០០ គ្រួសារ។ ដូច្នេះ ធ្វើឱ្យបងប្អូនដែលរង់ចាំនៅទីនេះមានការលំបាក។ ខ្ញុំគិតថា ការលំបាកនេះប្រហែលជាមិនលំបាកដូចទឹកលិចពេលកន្លងទៅនោះទេ។ ម្ខាងទៀត យើងបានជួបគ្នាឡើងវិញ បន្ទាប់ពីខែកុម្ភៈ កាលពីពេលនោះខ្ញុំមកសម្ពោធផ្លូវលេខ ៥៨ ប្រហែលជាមានបងប្អូនមួយចំនួនក៏បានជួបជុំចូលរួមក្នុងពិធីសម្ពោធផ្លូវនោះដែរ។ អញ្ចឹងពីខែកុម្ភៈ មកដល់ពេលនេះ មានរយៈពេល ៨ ខែ ដែលយើងបានជួបជុំគ្នា។ មុននឹងបន្ត ខ្ញុំសូមឆ្លៀតយកឱកាសនេះ ពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់យើង។ ជំនន់បន្ទាយមានជ័យធំលើសកម្រិតឆ្នាំមុនៗ នៅក្នុងឱកាសនេះផងដែរ អនុញ្ញាតឱ្យខ្ញុំអាចចូលរួមរំលែកនូវការលំបាក ជាមួយបងប្អូនទាំងឡាយ ដែលទទួលរងនូវគ្រោះទឹកជំនន់នេះ ដែលស្ថានភាពបែបនេះ វាបានតែងកើតជាបន្តបន្ទាប់នៅខេត្តបន្ទាយមានជ័យ។ ក៏ប៉ុន្តែទំហំនៃការកើតមុនៗ នោះវាតូច។ ឆ្នាំនេះវាមានទំហំធំលើសកម្រិត ហើយដែលទាមទារឱ្យមានអន្តរាគមន៍ដល់ថ្នាក់ជាតិ មិនត្រឹមតែថ្នាក់ជាតិជាស្ថាប័នទេ គឺថ្នាក់ជាតិដែលជាអ្នកគេហៅថា ប្រធាននៃអង្គការនីតិប្រតិបត្តិ…