រយៈពេល ៨ ខែ បានមកជួបគ្នាម្ដងទៀត
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ បើទោះបីថាមានការលំបាកដោយសារទឹកជំនន់យាយី ប៉ុន្តែការរីករាយរបស់ខ្ញុំ គឺបានមកជួបជុំជាមួយបងប្អូនជនរួមជាតិកំពុងទទួលរងនូវផលប៉ះពាល់ ដើម្បីបានបំពេញកាតព្វកិច្ចក្នុងឋានៈជាអ្នកទទួលខុសត្រូវ និងក្នុងឋានៈជាអ្នករួមសុខរួមទុក្ខជាមួយនឹងប្រជាជនកម្ពុជារយៈពេលជាង ៤១ ឆ្នាំរួចមកហើយ។ ខ្ញុំសុំអភ័យទោសពីសំណាក់បងប្អូនទាំងអស់ចំពោះការរង់ចាំយូរ ដោយសារមុនពេលដែលខ្ញុំមកដល់ទីនេះ ខ្ញុំត្រូវទៅស្រុកថ្មពួក ដើម្បីចែកជូនប្រជាពលរដ្ឋនៅស្រុកថ្មពួកចំនួន ៥០០០ គ្រួសារ។ ដូច្នេះ ធ្វើឱ្យបងប្អូនដែលរង់ចាំនៅទីនេះមានការលំបាក។ ខ្ញុំគិតថា ការលំបាកនេះប្រហែលជាមិនលំបាកដូចទឹកលិចពេលកន្លងទៅនោះទេ។ ម្ខាងទៀត យើងបានជួបគ្នាឡើងវិញ បន្ទាប់ពីខែកុម្ភៈ កាលពីពេលនោះខ្ញុំមកសម្ពោធផ្លូវលេខ ៥៨ ប្រហែលជាមានបងប្អូនមួយចំនួនក៏បានជួបជុំចូលរួមក្នុងពិធីសម្ពោធផ្លូវនោះដែរ។ អញ្ចឹងពីខែកុម្ភៈ មកដល់ពេលនេះ មានរយៈពេល ៨ ខែ ដែលយើងបានជួបជុំគ្នា។ មុននឹងបន្ត ខ្ញុំសូមឆ្លៀតយកឱកាសនេះ ពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់យើង។
ជំនន់បន្ទាយមានជ័យធំលើសកម្រិតឆ្នាំមុនៗ
នៅក្នុងឱកាសនេះផងដែរ អនុញ្ញាតឱ្យខ្ញុំអាចចូលរួមរំលែកនូវការលំបាក ជាមួយបងប្អូនទាំងឡាយ ដែលទទួលរងនូវគ្រោះទឹកជំនន់នេះ ដែលស្ថានភាពបែបនេះ វាបានតែងកើតជាបន្តបន្ទាប់នៅខេត្តបន្ទាយមានជ័យ។ ក៏ប៉ុន្តែទំហំនៃការកើតមុនៗ នោះវាតូច។ ឆ្នាំនេះវាមានទំហំធំលើសកម្រិត ហើយដែលទាមទារឱ្យមានអន្តរាគមន៍ដល់ថ្នាក់ជាតិ មិនត្រឹមតែថ្នាក់ជាតិជាស្ថាប័នទេ គឺថ្នាក់ជាតិដែលជាអ្នកគេហៅថា ប្រធាននៃអង្គការនីតិប្រតិបត្តិ គឺរូបខ្ញុំនេះតែម្ដង ដើម្បីចូលរួមជាមួយការដោះស្រាយការលំបាករបស់ប្រជាជននៅក្នុងខេត្តបន្ទាយមានជ័យ។ ខេត្ត/ក្រុងមួយចំនួន ជួបនូវគ្រោះទឹកជំនន់ទឹកភ្លៀង ដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិសាត់ កំពង់ស្ពឺ ភ្នំពេញ កណ្ដាល កំពង់ធំ ស្ទឹងត្រែង និងឥឡូវនេះ អាចនឹងមានកន្លែងខ្លះទៀត តែទឹកភ្លៀងប្រហែលជាថមថយ ដូច្នេះ ប្រហែលជាមិនធ្ងន់ធ្ងរសម្រាប់អ្នកកំពង់ធំ និងអ្នកព្រះវិហារនោះទេ។
យ៉ាងណាក៏ដោយ ខេត្តដែលធ្ងន់ធ្ងរជាងគេ គឺខេត្តបន្ទាយមានជ័យរបស់យើង ដែលប្រជាជនទទួលរងផលប៉ះពាល់រហូតមកដល់ពេលនេះ។ របាយការណ៍របស់អភិបាលខេត្តពីព្រឹកមិញនេះ គឺបានឡើងចំនួនរហូតទៅដល់ ៣ ម៉ឺន ៦ ពាន់គ្រួសារ។ អញ្ចឹងទេ ឥវ៉ាន់ដែលយកមកក្រោយ ដែលខ្ញុំបញ្ជាមិញនេះមិនទាន់គ្រប់ទេ … អូ! យើងបានផ្គត់ផ្គង់មកសម្រាប់ ៤ ម៉ឺន។ អញ្ចឹងមិនបានសេចក្ដីថាខ្វះទេ នៅសល់។ ប៉ុន្តែកុំនិយាយរបស់សល់។ តែរបស់សល់យើងយកទៅដាក់ក្នុងឃ្លាំងមិនព្រមស៊ី អាហ្នឹងបានគេហៅរបស់សល់។ យើងយកចែកជូនប្រជាពលរដ្ឋទៅ អាហ្នឹងបានវាអត់សល់។ កុំឆ្ងល់ពេក របស់ស៊ីនោះ បើថាដុំថ្មអីគ្រាន់នឹងសល់ ប៉ុន្តែរឿងដូចថា ត្រីខកំប៉ុង ឬមីអីហ្នឹង មិនងាយសល់ទេ សុទ្ធតែប្រដាប់ត្រូវប៉ាន់។
ការលំបាករបស់អ្នកបន្ទាយមានជ័យជាការលំបាករួមក្នុងក្របខណ្ឌទូទាំងប្រទេស
ខ្ញុំសូមយកឱកាសនេះ ដូចដែលបានលើកឡើងហើយ ចែករំលែកការលំបាក ប៉ុន្តែ ការលំបាកនេះជាការលំបាករួមរបស់ប្រទេស មិនគ្រាន់តែក្រុមគ្រួសារនីមួយៗ ភូមិ/ឃុំនីមួយៗ ស្រុក/ខេត្តនីមួយៗទេ តែវាជាការលំបាកនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលយើងបានលំបាករួចស្រេចទៅហើយដោយសារជំងឺCovid-19។ យើងជួបការលំបាក ម្ខាងយើងកំពុងតែប្រយុទ្ធជាមួយនឹងជំងឺ Covid-19 នេះ តែម្ខាងទៀតគ្រោះទឹកជំនន់បានយាយី និងបំផ្លាញយើង។ ពិតមែនតែបើប្រៀបធៀបនឹងជំនន់ឆ្នាំ ២០០០ និងបន្ទាប់មក ២០១១ គឺមានកម្រិតតូចជាង ក៏ប៉ុន្តែដោយឡែកតែខេត្តបន្ទាយមានជ័យគឺវាធំជាង នៅពេលណាបើប្រៀបធៀបនឹងជំនន់មុនៗ។ ដូច្នេះទាមទារឱ្យមានអន្តរាគមន៍បន្ទាន់ ហើយតាមរយៈអន្តរាគមន៍នោះ ដែលធ្វើឱ្យបងប្អូនចេញមកទីទួលសុវត្ថិភាពនៅក្នុងខេត្តបន្ទាយមានជ័យរបស់យើងនេះ។
ដោយឡែកក្រុងប៉ោយប៉ែត គឺជាក្រុងមួយដែលទឹកបុកក្រោយគេ ហើយលឺថាមានលិចទូកផង … មកពីអី? មកពីពស់លោតចូលក្នុងទូក ដល់នាំគ្នាខ្លាចទៅជាន់គែមទូកៗ ក៏វាក្រឡាប់។ វាទៅអញ្ចឹងទៅទៀត ព្រោះពស់វាក៏លិចដែរ វាឡើងដើមឈើ ហើយវាធ្លាក់ចូលក្នុងទូកយើងទៅ។ ហើយយើងភ្ញាក់ប្រុច អាហ្នឹងរឿងវាអញ្ចឹង។ ប៉ុន្តែ យ៉ាងណាក៏ដោយ នេះជាស្មារតីសង្គ្រោះ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមយុវជន ដែលបានចូលរួមដោះស្រាយបញ្ហានេះ សង្គ្រោះប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់។ ពិតមែនហើយ ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់រហូតទៅដល់ ១៩ នាក់ ក្នុងចំណោម ៣៦ នាក់ ដែលស្លាប់នៅទូទាំងប្រទេស ជាចំនួនមួយច្រើន ដែលយើងមានការសោកស្ដាយ ហើយចូលរួមមរណទុក្ខ … (អ្នកប៉ោយប៉ែតមាន ២ នាក់ តែស្លាប់នៅស្រុកផ្សេង) … ថវិកាប្រគល់ជូនសព ប្រគល់ឬនៅ? នៅមួយ? ចាំមកជួបជាមួយខ្ញុំ។
យើងបានខិតខំណាស់ដើម្បីឱ្យជីវិតប្រជាជនយើងរស់
ដំបូងយើងខិតខំរំដោះប្រជាជនយើងចេញពីរបប ប៉ុល ពត កុំឱ្យពួក ប៉ុល ពត សម្លាប់ប្រជាជនតទៅទៀត។ បន្ទាប់ទៅ យើងខំពន្លត់ភ្លើងសង្គ្រាម ដើម្បីកុំឱ្យប្រជាពលរដ្ឋយើងស្លាប់របួសពិការដោយសារសង្គ្រាម។ បញ្ចប់សង្គ្រាមនេះតាមរយៈនៃនយោបាយឈ្នះឈ្នះ នោះជាការប្រឹងបញ្ចៀសការស្លាប់របស់ប្រជាជនយើង ប៉ុន្តែគ្រោះទឹកជំនន់ ឬគ្រោះថ្នាក់ផ្សេងៗទៀត រាប់ទាំងគ្រោះថ្នាក់ចរាចរណ៍ ក៏បានធ្វើឱ្យមានការស្លាប់សម្រាប់ប្រជាជនយើង។ ក្នុងព្រឹត្តិការណ៍នៃទឹកជំនន់នេះ ក៏បានធ្វើឱ្យប្រជាពលរដ្ឋរបស់យើង ៣៦ នាក់ បានបាត់បង់ជីវិតដោយការលង់ទឹក ប៉ុន្តែម្សិលមិញនេះ ក៏បានទទួលព័ត៌មាន (តែ)មិនដឹងថាតើបានបញ្ចូលក្នុងតួលេខ(ឬនៅ)។ ហេតុអ្វីនៅខេត្តព្រះសីហនុ នាំគ្នាទៅលេងក្បាលឆាយ ហើយបែរជាធ្លាក់ក្នុងទឹកប្រហែលជារកមិនទាន់ឃើញផងក៏មិនដឹង។ ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ ទៅជាដំណាក់កាលហ្នឹង ដំណាក់កាលនាំគ្នាដើរលេងទៅវិញ។ ស្ថានភាពនោះគឺជាស្ថានភាពមួយផ្សេងទៀត តែនេះក៏ស្ថិតក្នុងករណីនៃការលង់ទឹកស្លាប់ផងដែរ។
ក្រោយជំនន់ គ្រួសារនីមួយៗប្រឹងប្រែង រាជរដ្ឋាភិបាលរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ
យើងមានការបាត់បង់ ប៉ុន្តែអ្វីដែលយើងសេសសល់គឺជីវិតរបស់យើងរស់នៅ។ បន្ទាប់ពីទឹកជំនន់ឆ្លងផុតទៅ ការស្តារជីវភាពឡើងវិញត្រូវបន្ត ដោយក្រុមគ្រួសារនីមួយៗ។ ជំនួយឧបត្ថម្ភដែលចែកនៅថ្ងៃនេះគ្រាន់ជាការសម្រាលការលំបាកក្នុងមួយគ្រាតែប៉ុណ្ណោះ តែអ្វីដែលជាជំហានរឹងមាំទៅមុខនោះ គឺកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រួសារនីមួយៗ។ នៅទីនេះអាចមានមនុស្សមួយចំនួនជាកសិករ មនុស្សមួយចំនួនជាកម្មករ មនុស្សមួយចំនួនជាអាជីវករ នៅក្នុងតំបន់នេះ។ បើខាងថ្មពួក អម្បាញ់មិញនេះភាគច្រើនជាកសិករ។ នៅតំបន់នេះគឺមានស្ថានភាពមិនដូចគ្នាទេ ដោយសារជាតំបន់ក្រុង ដែលមានទាំងកម្មករផង មានទាំងអាជីវករផង ហើយអាចមានកសិករនៅតំបន់ហ្នឹងផងដែរ។ អញ្ចឹងទេ មុខរបរដែលយើងធ្លាប់ធ្វើត្រូវខិតខំស្តារឡើងវិញ។ គ្រួសារនីមួយៗត្រូវប្រឹងប្រែងនៅក្នុងគ្រួសារនោះ ក្នុងពេលដំណាលគ្នានៃការប្រឹងប្រែងក្នុងគ្រួសារ។
ខាងផ្នែករាជរដ្ឋាភិបាលក៏ត្រូវមានការទទួលខុសត្រូវ ទៅលើការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយជំនន់នេះ ជាផ្លូវថ្នល់ ជាប្រឡាយទឹក ជាសាលារៀន ជាមន្ទីរពេទ្យ ហើយក៏ត្រូវមានការចូលរួមជាមួយនឹងការស្តារឡើងវិញទៅលើការខូតខាត នូវក្រុមគ្រួសារខ្លះជាផ្ទះសម្បែងដែលមានការខូតខាត ដែលចាំបាច់ត្រូវមានកម្លាំងជួយ ដែលខ្ញុំសូមអំពាវនាវចំពោះអាជ្ញាធរ ក៏ដូចជាកម្លាំងប្រដាប់អាវុធ បន្តការរួមចំណែកដើម្បីប្រជាជនក្រោយគ្រោះទឹកជំនន់នេះតទៅទៀត។ កន្លងទៅយើងបានធ្វើល្អហើយទៅលើកិច្ចការសង្គ្រោះនេះ នៅគ្រប់ទីកន្លែងទាំងអស់ មិនថាតែតំបន់ប៉ោយប៉ែតទេ ទាំងនៅបណ្តាខេត្តដែលមានទឹកជំនន់គឺសុទ្ធតែមានការទទួលខុសត្រូវល្អណាស់ បានយកប្រជាជនចេញទៅទីទួលសុវត្ថិភាព ចេញពីតំបន់គ្រោះថ្នាក់ ដែលនេះជាកិច្ចការអាទិភាពសំខាន់បំផុតដែលរាជរដ្ឋាភិបាលចង្អុលទិសឱ្យថ្នាក់ក្រោមទទួលខុសត្រូវ។ កម្លាំងយើងពិតជាស្រុះគ្នានៅក្នុងពេលប្រតិបត្តិការរយៈពេលកន្លងទៅនេះ ហើយខ្ញុំសង្ឃឹមថា យើងនឹងស្រុះគ្នាបន្តទៀតនៅពេលខាងមុន ដើម្បីស្តារឡើងវិញនូវជីវភាពបន្ទាប់ពីជំនន់បានកន្លងផុត។
Covid-19 បានបំផ្លាញទំនៀមទម្លាប់ចាស់ៗ
ប៉ុន្តែយ៉ាងណាក៏ដោយ យើងត្រូវចងចាំជាមួយនឹងកិច្ចការដែលយើងបានប្រយុទ្ធក្នុងរយៈពេល ១០ ខែកន្លងទៅ គឺជំងឺ Covid-19 ដែលថ្ងៃនេះជាសក្ខីភាពបង្ហាញនូវអ្វីដែលបាន និងកំពុងកើត នោះនៅត្រង់ថាមុនៗនៅពេលដែលយើងជួបគ្នា គឺយើងមិនដែលពាក់ម៉ាសទេ ហើយយើងតែងតែចាប់ដៃគ្នា តែឥឡូវនេះគឺការចាប់ដៃគ្នាវាអាចមើលទៅហាក់ដូចជាឆ្គង។ ថាយើងខ្វះការគួរសមជាមួយគ្នា ក៏ប៉ុន្តែនេះជាវិធីសាស្រ្តដែលល្អបំផុតសម្រាប់ការពារនៃជំងឺ Covid-19 កុំឱ្យមានការឆ្លងពីគ្នាទៅវិញទៅមក។ នៅកន្លែងនីមួយៗ ខ្ញុំតែងតែប្រាប់ថាសូមកុំទុកចិត្តខ្ញុំខ្លាំងពេក ថាខ្ញុំគ្មានជំងឺ Covid-19 នោះ មិនប្រាកដថានាយករដ្ឋមន្ត្រីគ្មានជំងឺ Covid-19 ទេណា ព្រោះសូម្បីតែប្រធានាធិបតីអាមេរិក និងភរិយារបស់គាត់ក៏ឆ្លង Covid-19 ដែរ ក៏ប៉ុន្តែឥឡូវគាត់ជាហើយប្រធានាធិបតីអាមេរិក។ នៅមានថ្នាក់ដឹកនាំប្រទេសជាច្រើនទៀតដែលបានឆ្លង Covid-19 រាប់ទាំងព្រះមហាក្សត្រីយានី នៃប្រទេសអង់គ្លេសក៏ឆ្លង នាយករដ្ឋមន្ត្រីអង់គ្លេសក៏ឆ្លង …។
ប្រើប្រាស់ការមិនសូវទុកចិត្តគ្នានេះដើម្បីការពារខ្លួន។ មិនមែនយើងមិនស្រឡាញ់គ្នាទេ យើងស្រឡាញ់គ្នា ក៏ប៉ុន្តែការមិនទុកចិត្តគ្នាក៏អាចជាមធ្យោបាយមួយដើម្បីឱ្យយើងការពារខ្លួន ដើម្បីចៀសវាងនូវការឆ្លងនៃ Covid-19 នេះ។ Covid-19 បានបំផ្លាញយើង ទំនៀមទម្លាប់ដែលបន្សល់ទុកដោយដូនតាយើងរាប់រយរាបពាន់ឆ្នាំមកហើយ បំផ្លាញទំនៀមទម្លាប់ហ្នឹងអស់ ដែលមុននេះយើងជួបគ្នា យើងអង្គុយជិតគ្នា ប៉ុន្តែ ឥឡូវគេអត់ឱ្យអង្គុយជិតគ្នាទេ ដូចជាការរៀបចំនេះទុកមួយចន្លោះៗ ទៅតាមវិធាននៃផ្នែកសុខាភិបាល។ អញ្ចឹងទេ យើងពិតជាកំពុងឆ្លងកាត់នូវដំណាក់កាលលំបាកជាមួយនឹង Covid-19។ សូម្បីតែអ្នកទៅរកស៊ីនៅរុងក្លឿនោះ ក៏ជួបការលំបាក ដែលឆ្លងកាត់ទៅរកស៊ីនៅខាងនោះ ក្នុងពេលនៃវិធានការនៃប្រទេសនីមួយៗ ត្រូវបានធ្វើដើម្បីការពារប្រទេសរៀងខ្លួន។ យើងក៏ត្រូវការពារប្រទេសរបស់យើង។ ជាមួយនឹងការលំបាកទាំងអស់នេះ ទឹកជំនន់បានវាយលុកយើងម្តងហើយម្តងទៀត នៅបន្ទាយមានជ័យ ប៉ុន្តែវាយលើកចុងក្រោយនេះ គឺវាយធ្ងន់តែម្តង។ តាមការសិក្សា ៧០ ឆ្នាំមុន មានស្ថានភាពបែបនេះ (នៅទីនេះ) … ។
ប្រទេសមហាអំណាចក៏មិនអាចហាមឃាត់គ្រោះធម្មជាតិបាន
ពីមុនខេត្តបាត់ដំបងទេ ខេត្តបន្ទាយមានជ័យទើបបង្កើតនៅឆ្នាំ ១៩៨៨ ក៏ជាដំណាក់កាលដែលខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៅពេលនោះ បង្កើតទៅជាខេត្តបន្ទាយមានជ័យ ដែលកាត់ចេញពីខេត្តបាត់ដំបង។ ប៉ុន្តែសម័យដើម ៧០ ឆ្នាំមុនគឺខេត្តបាត់ដំបង ដែលមានជំនន់ដូចនេះ។ អញ្ចឹងគឺជាការលំបាកណាស់។ យើងពិបាកត្រួតត្រាទៅលើអ្វីដែលគេហៅថាគ្រោះធម្មជាតិ ជារញ្ជួយដីក៏យើងមិនអាចត្រួតត្រាវាបាន ជាខ្យល់ព្យុះយើងក៏មិនអាចត្រួតត្រាវាបាន ជាភ្លៀងក៏យើងមិនអាចត្រួតត្រាវាបាន អត់ភ្លៀងយើងក៏មិនអាចត្រួតត្រាវាបាន មិនថាប្រទេសយើងដែលមិនអាចត្រួតត្រាបានទេ មហាអំណាចធំៗ ប្រទេសដែលមានវិទ្យាស្ថានជឿនលឿនក៏មិនអាចត្រួតត្រាបានដែរ ដែលហៅថាគ្រោះមហន្តរាយធម្មជាតិនោះ។ ប៉ុន្តែ អ្វីដែលយើងត្រួតត្រាបានគឺនៅត្រង់ថា យើងចេញសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីសេចក្តីស្លាប់ បើសិនជាគ្មានអន្តរាគមន៍ទាន់ពេលដោយរាជរដ្ឋាភិបាល ដោយរដ្ឋបាលមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធទេនោះ ច្បាស់ណាស់ថាប្រជាពលរដ្ឋរបស់យើងនឹងរងគ្រោះធ្ងន់ធ្ងរជាងនេះ។ ដូច្នេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំតែងតែកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមដោះស្រាយបញ្ហានេះ។
ការផ្តល់ជំនួយមិនមានការរើសអើងបក្សនយោបាយទេ
សុំថ្លែងអំណរគុណចំពោះសប្បុរសជននានា មានបងប្អូនមួយចំនួននៅទីនេះ បានទទួលជំនួយមួយចំនួនពីមុនហើយ ថ្ងៃនេះក៏នឹងទទួលជំនួយបន្ថែមទៀត។ ខ្ញុំបានបញ្ជាក់ហើយថា ទោះបីទទួលជំនួយប៉ុន្មានដងក៏ដោយ ក៏នៅតែហៅមកទទួលជំនួយពីខ្ញុំដដែល ព្រោះយើងអត់មានការរើសអើងទេ។ បក្សនយោបាយណាអីណា ខ្ញុំអត់ដឹងទេ រឿងបោះឆ្នោតឱ្យអ្នកណារឿងអីផ្សេង តែរឿងប្រជាជនត្រូវការរស់ គឺរឿងផ្សឹង ដែលខ្ញុំត្រូវធ្វើក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អញ្ចឹងទេបានជាអាជ្ញាធរត្រូវពិនិត្យមើល បណ្តាស្ថិតិ កន្លែងអ្នកមិនទាន់បានទទួលត្រូវបានទទួល ដើម្បីកុំឱ្យមានការរើសអើងខាងនយោបាយណាមួយកើតឡើង ព្រោះនេះជាបញ្ហាជាតិរបស់យើង មិនមែនជាបញ្ហាបក្សនយោបាយទេ។ យើងបន្តការខិតខំរួមគ្នា ដើម្បីឈានឆ្ពោះទៅមុខ ម្ខាងប្រយុទ្ធជាមួយ Covid-19 ម្ខាងទៀតខិតខំស្តារ ប្រយុទ្ធជាមួយនឹងគ្រោះទឹកជំនន់ ស្តារឡើងវិញនូវជីវភាពរបស់យើង ក្រោយទឹកជំនន់ និងក្រោយ Covid-19។ ប៉ុន្តែ Covid-19 មិនដឹងថាពេលណាត្រូវចប់ទេ។ ជំនន់អាចនិយាយបានថាឥឡូវគឺទឹកធ្លាក់ហើយ ការទស្សន៍ទាយទឹកជំនន់ រាប់ទាំងឥឡូវទឹកទន្លេមេគង្គអាចនឹងមិនមានការឡើងទៀតទេ។
ឆ្នាំនេះទឹកទន្លេមេគង្គនៅទាប
ទឹកទន្លេមេគង្គ ថ្ងៃនេះនៅស្ទឹងត្រែងនៅសល់ជាង ៨ ម៉ែត្រ ថ្ងៃនេះ ៨,៧៩ ម៉ែត្រនៅឯស្ទឹងត្រែង ក្រចេះ ១៩,៥ ម៉ែត្រ កំពង់ចាម ១២,៥១ ម៉ែត្រ ភ្នំពេញ ៧,៧០ ម៉ែត្រ។ អញ្ចឹងទេឆ្នាំនេះសម្រាប់ទន្លេមេគង្គគឺនៅ ទាបជាង ២ ម៉ែត្រ ទៅ ៣ ម៉ែត្រ តាមអ្វីដែលយើងចង់បាន។ បើនៅភ្នំពេញយើងចង់បាន ៩,៣០ ម៉ែត្រ ប៉ុន្តែ ឆ្នាំនេះគឺទឹកអាចនឹងឡើងមួយថ្ងៃទៀតនៅភ្នំពេញ អាចនៅឡើងបន្តិចទៀត ព្រោះស្រកនៅលើមែន តែនៅខាងក្រោមអាចឡើងបានបន្តិច។ ប៉ុន្តែយើងចាត់ទុកថាឆ្នាំនេះបានក្រោម ៨ ម៉ែត្រ អត់បានឡើងលើដល់ ៨ ម៉ែត្រទេ ទឹកតូចណាស់ ទឹកទន្លេមេគង្គ។ វាទៅជាជំនន់នៅកន្លែងដែលមិនធ្លាប់លិច ហើយអ្នកដែលមិនធ្លាប់លិច មិនដែលមានទូកទេ។ ហ្នឹងហើយដែលជារឿងលំបាក។ ត្រូវដឹកទូកពីកន្លែងផ្សេងមកសង្រ្គោះ។ អញ្ចឹងបានឥឡូវត្រូវទិញទូកទុក ដើម្បីប្រចាំការ។ ពេលមានការទាញទូក ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។ នេះជាបញ្ហាកើតឡើងនូវរឿងម្តង យើងដកពិសោធន៍ម្តង អំពីរបៀបប្រតិបត្តិការធ្វើយ៉ាងម៉េចឱ្យមានប្រសិទ្ធិភាព។
សុំយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព
សុំបងប្អូនយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព។ អញ្ចឹងបានជាត្រូវប្រើប្រាស់ទឹកបរិសុទ្ធទទួលទាន …។ បន្ទាប់ពីទឹកជំនន់ទៅជាភ័ព្វសំណាងហើយ។ តាំងពីក្រោយឆ្នាំ ២០០០ យើងមិនមានជំងឺចុកក្អួតទេ ប៉ុន្តែកាលពីមុន ជាធម្មតាក្រោយទឹកទន្លេមេគង្គធ្លាក់ចុះ ជំងឺចុកក្អួត ច្រើនកើត ដោយសារតែខ្វះអនាម័យ។ ចាប់តាំងពីឆ្នាំ ២០០០, ២០០១ មក យើងមិនដែលឃើញជំងឺចុកក្អួតកើតឡើងទៀត ដោយសារតែវិធានការអនាម័យរបស់យើងបានកើតនៅតាមសហគមន៍ នៅតាមដងទន្លេ នៅតាមដងស្ទឹងនានាផងដែរ។ យកចិត្តទុកដាក់ទៅលើបញ្ហាការពារសុខភាព កុំឱ្យដល់ពេលដែលយើងសង្គ្រោះជីវិតផុតហើយ មករងគ្រោះដោយសារតែការខ្វះអនាម័យ និងការខ្វះការថែទាំសុខភាព។ ពិតមែនតែយើងមានពេទ្យ ក៏ប៉ុន្តែគេប្រើពាក្យថា ការពារប្រសើរជាងព្យាបាល។ ដូច្នេះយកចិត្តទុកដាក់ការពារ ហើយការពារបានគឺចាប់ផ្តើមពីមនុស្សម្នាក់ៗ មិនមែនចាប់ផ្តើមពីគ្រួសារតែមួយទេ ចាប់ផ្តើមពីមនុស្សម្នាក់ៗនៅក្នុងគ្រួសារមួយ។ ឧទាហរណ៍ ដើម្បីចៀសវាងរឿងឆ្លង Covid-19 ម្នាក់ៗ ត្រូវមានការទទួលខុសត្រូវខ្លួនឯង លាងដៃជាមួយនឹងសាប៊ូ លាងដៃជាមួយនឹងអាល់កុល ឬជែល ប្រើវិធីអនាម័យតាមការ ណែនាំរបស់ក្រសួងសុខាភិបាល អាហ្នឹងទើបយើងទៅមុខបាន។
ការរួមចំណែកដោយទឹកចិត្តនៃសប្បុរសជន ទទួលដើម្បីជួយប្រជាជន
ខ្ញុំអរគុណជាមួយសប្បុរសជននានា ដែលបានរួមចំណែកចូលរួមជួយដល់ប្រជាជនរងគ្រោះ តាមរយៈមកចែកដោយផ្ទាល់ក្តី និងតាមរយៈនៃការចូលរួមតាមរយៈអាជ្ញាធរ និងតាមរយៈស្ថាប័នថ្នាក់ជាតិ ឬក៏រាជរដ្ឋាភិបាល។ មកតាមផ្លូវមិញ ឃើញគេបញ្ជូនរូបមក ឃើញមានម្នាក់ណាបង្ហោះហ្វេសប៊ុក ថាបក្សដ៏អស្ចារ្យនេះ ជំនន់ក៏រៃលុយ បាក់អគារក៏រៃលុយ។ សុំផ្តាំទៅពួកឯងវិញ បើឯងចង់ធ្វើសត្រូវជាមួយលុយ ឯងធ្វើខ្លួន ឯងទៅ អញមិនធ្វើសត្រូវជាមួយលុយទេ ហើយពេលដែលសប្បុរសជនចូលរួម ជាទឹកចិត្តរបស់គេ។ យើង ទទួល។ នេះជាទឹកចិត្តរបស់គេ គេចង់ចូលរួម។ គេថាពេលទិញឡានក៏រៃលុយ ពេល Covid-19 ក៏រៃលុយ ពេលទឹកជំនន់ក៏រៃលុយ ពេលធ្វើអីក៏រៃលុយ។ សុំផ្តាំទៅហ្អែងវិញ និយាយអ្ហែងចឹងតែម្តង បើអ្ហែងចង់ធ្វើ សត្រូវជាមួយលុយ អ្ហែងធ្វើខ្លួនឯងទៅ អញអត់ធ្វើសត្រូវជាមួយលុយទេ។ សប្បុរសជនគេចង់ចូល ចូល ប៉ុន្មានទទួលប៉ុណ្ណឹង។ មួយរៀល មួយរយ មួយពាន់ មួយលាន ដប់លានក៏យក បើគេឱ្យហើយ យកមក ជួយប្រជាជន … នេះជាទឹកចិត្តសប្បុរសរបស់គេ។ តែពួកអ្ហែងទេដែលរៃលុយ ពួកស្រោមសំបុត្រ រួចហើយយកញាត់ហោប៉ៅខ្លូនឯងនោះ។ ឆ្ងាញ់ត្រង់គេថតបាន ទាញយកមកញាត់ហោប៉ៅខ្លួនឯង។ ឱ្យតែចាប់ផ្ដើមកម្មវិធីមួយៗ សុទ្ធតែទិញសំបុត្រចូល រួចហើយទាល់តែមានស្រោមសំបុត្រជូនមេទៀតនោះ វាមានអារឿងហ្នឹងទៀត។ បើពួកអ្ហែងភ្លើៗតែពួកអ្ហែងទៅ អញមិនភ្លើទេ។ នេះមានមួយផ្នែកណាទេ ដែលជាស្តុករបស់រាជរដ្ឋាភិបាល ក្រៅពីនោះគឺទឹកចិត្តរបស់សប្បុរសជនទេ ដែលយើងមកដល់ពេលនេះសប្បុរសជនចូលផ្នែកទឹកជំនន់នេះ ជិត ៨ លានដុល្លារ។ ថ្ងៃនេះ ក៏មានម្ចាស់ជំនួយឧបត្ថម្ភក៏បានមកចូលរួមដែរ។
ពេលដែលកូវីដ-១៩ ខ្ញុំអត់បានអំពាវនាវសុំប្រជាពលរដ្ឋឯណា? ព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រះអង្គបានចូលថវិកា។ គ្រាន់តែប្រកាសចូលថវិកាហ្នឹងគ្រឹប យើងត្រូវតែថ្លែងអំណរគុណព្រះមហាក្សត្រ និងហ្លួងម៉ែ (ស្រាប់តែ)ឧកញ៉ាៗដទៃទៀតចាប់ផ្ដើមចូលព្រឹបៗ ឡើងបានជិត ២០ លាន … គេនៅតែបន្តចូល … ហើយបើអ្ហែងធ្វើសត្រូវនឹងលុយ អ្ហែងធ្វើខ្លួនឯងទៅ មិនបាច់មកប្រដៅអញទេ។ អញគ្រប់គ្រងប្រទេសរហូតដល់ជាង ៤ ទសវត្សរ៍ហើយ។ ជិតកន្លះសតវត្សរ៍។ (ឯងគិតតែពីការ)គ្រប់គ្រងតែគ្នាអ្ហែងនោះបានហើយ។ ឥឡូវអញក៏ដឹងដែរ អាអ្នកជាប់គុកម្នាក់តម្រូវឱ្យ ៣០០ ដុល្លារ ក្នុងពេលដែលកន្លងទៅនេះឧបត្ថម្ភបាន ៥០ ឥឡូវទម្លាក់លុយពិតប្រាកដបានតែ ៤០។ ដល់ឥឡូវដាក់បញ្ជាមក។ អញ្ចឹងអាអ្នកនៅខាងក្នុងប្រឹងទៅជាប់គុកបន្តិចទៅ ដើម្បីយកលុយពីក្រៅ។ អ្ហែងបានទិសដៅដល់ទៅ ២។ ទី ១ បានជាប់គុក ចាត់ទុកថារដ្ឋាភិបាល ហ៊ុន សែន ផ្ដាច់ការ ហើយទី ២ បានគេផ្ញើលុយមកចាយដែរ ប្រឹងមកជាប់គុកបន្តិចទៅ … បើសិនជាចង់ណាស់។
… អញប្រាប់ឯង។ អញនៅតែទទួល។ ប្រជាជនចូលរួម មិនថាតិច ឬច្រើន គឺទទួល ព្រោះនេះជាទឹកចិត្តរបស់គេ សម្រាប់ជួយដល់ប្រជាពលរដ្ឋនេះ។ តែពួកឯងទេ អ្នករត់ទៅក្រៅប្រទេស វាប្រមូលលុយយកមកចិញ្ចឹម។ អាខ្លះនៅបាងកក ខ្លះនៅនេះ/នោះ។ ទៅប្រឹងទៅ។ នៅនោះ ខ្លះបាត់បង់ការងារធ្វើ ឥឡូវហ្នឹងចាំតែរកលុយថែមទៀតទៅ។ ខ្ញុំមិនឆ្លើយឆ្លងអីទេ ប៉ុន្តែវាបង្ហោះអញ្ចឹងហើយ និយាយរុញទូកបណ្តោយទឹក ហើយផ្ដាំផ្ញើទៅថា បើឯងចង់ធ្វើសត្រូវនឹងលុយ ធ្វើខ្លួនឯងទៅ ព្រោះដូច លោក ជេម សុខ និយាយ ខ្ញុំស្ដាប់ឃ្លីបគាត់ពីម្សិល។ គាត់ថា នៅអាមេរិកអត់មានព្រះទេ ព្រោះមានតែលុយ។ គាត់និយាយម្យ៉ាងដែរ យើងចាក់ស្ដាប់ទាំងអស់គ្នាពីម្សិលនោះ។ គាត់ថា នៅអាមេរិកអត់មានព្រះទេ ព្រោះមានលុយ ហើយគាត់បកស្រាយមួយ គាត់ថា បើអត់មានលុយ ព្រះសង្ឃក៏អត់បាយដែរ ក៏អត់សាសនាដែរ។ ការពិត ពេលដែលយើងក្រ ព្រះសង្ឃអត់ចង្ហាន់ ដោយសារយើងអត់លុយ ដល់ទៅយើងមានលុយ ព្រះសង្ឃមានចង្ហាន់ឆ្ងាញ់ហើយ មានទៅកសាងសេនាសនៈ ព្រះវិហារ កុដិ ហើយកុដិសុទ្ធតែវីឡាកុដិ។
អានេះទៅជាឡប់។ ដល់ឃើញគេបានលុយ វាចង់ច្រណែនគេ។ អ្ហែងទៅរកលុយ មុខអាហ្នឹងគេមិនឱ្យ បើគ្រាន់តែលុយគេចូលធ្វើនេះ/នោះ យកលុយគេទៅបាត់។ អាខ្លះលុយគេចូលធ្វើចេតិយ្យ យកលុយគេទៅបាត់ ហើយនរណាគេចូល? ប៉ុន្តែ នេះគេទុកចិត្តរាជរដ្ឋាភិបាល គេស្រឡាញ់ប្រជាពលរដ្ឋ ហើយគេចង់ចូលរួម។ អ្នកខ្លះគេយកជំនួយមកចែកផ្ទាល់ អ្នកខ្លះគេចូលតាមខេត្ត អ្នកខ្លះគេចូលតាមស្ថាប័ន អ្នកខ្លះគេចូលតាមរាជរដ្ឋាភិបាលតាមរយៈខ្ញុំ។ អញ្ចឹង យើងអរគុណចំពោះសប្បុរសជន។ វាថា កូវីដ-១៩ ក៏រៃលុយ។ គ្រាន់តែព្រះករុណា និងហ្លួងម៉ែ ទ្រង់ចូលដល់ទៅ ២ ដង ចូលលើកទីមួយពីរព្រះអង្គមួយលាន ដល់ចូលលើកទីពីរ ២ លាន ជាការស្ម័គ្រចិត្តជាព្រះរាជហឫទ័យរបស់ព្រះអង្គព្រះមហាក្សត្រ ជាការស្ម័គ្រព្រះទ័យរបស់ព្រះមាតាជាតិ ដើម្បីជួយដល់កូនចៅរបស់ព្រះអង្គ។ និយាយបែបនេះជាការប្រមាថមួយរហូតថាបក្សយើងរៃ ដល់ព្រះមហាក្សត្រហើយដោយទៅទាំងអស់ហើយ។ ចរិតពាលរបស់វាខ្ញុំមិនចង់ឆ្លើយតបអីទេ ប៉ុន្តែដោយសារតែវាបង្ហោះអញ្ចឹង យើងក៏ពន្យល់ប្រជាពលរដ្ឋ ឱ្យយល់ថាកុំធ្វើសត្រូវជាមួយលុយ ព្រោះរាល់ថ្ងៃធ្វើការដើម្បីអី ក្រែងដើម្បីលុយឬ? រួចហើយមានអ្នកថាសង្គមស៊ីផឹក បើអ្ហែងមិនស៊ីមិនផឹក កុំស៊ីតែម្ដងទៅ។ ប៉ុន្តែពួកអាចង្រៃអស់នេះ ស៊ីហើយមិនឱ្យលុយគេទៀត។ ចុះក្រែងរករាល់ថ្ងៃរកលុយដើម្បីស៊ីផឹក មិនមែនរកដើម្បីដុតចោលឯណា … វាជាធម្មជាតិរបស់មនុស្ស។ សេចក្ដីត្រូវការទិញសម្លៀកបំពាក់ដល់ឃើញគេស្លៀកពាក់ស្អាត ថាពួកហ្នឹងឡូយឆាយ។ អ្ហែងចង់ធ្វើអាពតធ្វើខ្លួនអ្ហែងទៅ។ អញបណ្ដោយឱ្យប្រជាជនមានលុយទិញឡាន លើកទឹកចិត្តទិញឡានទិញជិះទៅ មានលុយទិញម៉ូតូទិញជិះទៅ ប៉ុន្តែអាណិតសូមកុំបើកលឿនពេក ជំនាន់សង្គ្រាមមនុស្សស្លាប់តិចជាង រាល់ថ្ងៃ រាល់ថ្ងៃគ្រោះថ្នាក់ចរាចរណ៍ ទោះបីកាត់បន្ថយបានជិតពាក់កណ្ដាលក៏នៅតែច្រើន បើប្រៀបធៀបជាមួយពេលមានសង្គ្រាម។
សូមប្រជាពលរដ្ឋរកការងារធ្វើក្នុងស្រុក មានសុវត្ថិភាព មិនបំពានច្បាប់ប្រទេសជិតខាង
ឥឡូវយើងបានរស់រានមានជីវិតបន្ទាប់ពីការដែលយើងជម្លៀសខ្លួនចេញពីទឹកជំនន់ ហើយបន្តរួមគ្នាបន្តទៅទៀត ហើយខ្ញុំអរគុណណាស់ចំពោះប្រជាពលរដ្ឋ ទទួលយកការគាំពារពីសំណាក់អាជ្ញាធរនៅក្នុងកិច្ចការដ៏លំបាក ហើយយើងធ្វើកិច្ចការស្រុះគ្នាណាស់ បន្តការផ្ដាំផ្ញើទៅលើសុខភាពជាទូទៅ និងនិយាយជារួមបញ្ហាសុខភាពជាទូទៅ ប៉ុន្តែនិយាយដោយឡែក Covid-19 ត្រូវតែប្រយ័ត្នកុំឱ្យឆ្លង ហើយយើងនៅជិតថៃ ខាងថៃក៏មានការប្រុងប្រយ័ត្នពីខាងថៃ យើងក៏មានការប្រុងប្រយ័ត្នពីខាងយើង។ ក៏និយាយនៅថ្មពួកដែរ ឥឡូវមានចលនាបោកប្រាស់មនុស្សទៅប្រទេសថៃ ដែលសូម្បី តាស៊ូច ក៏ព្រះអង្គផ្ដាំផ្ញើកុំឱ្យចាញ់បោក ដែលគេយក ១០០ ដុល្លារ ឬ ២០០ ដុល្លារ រួចហើយទៅដល់ថៃ គេចាប់ដាក់គុក ឬចាប់បញ្ជូនមកវិញ។ យើងរកការងារធ្វើនៅក្នុងស្រុករបស់យើង បើទោះបីថាមានចំណូលទាបជាង ក៏ប៉ុន្តែមានសុវត្ថិភាពជាង ហើយយើងមិនបំពានច្បាប់ជាមួយប្រទេសជិតខាងរបស់យើង ដែលគេមានវិធានការប្រុងប្រយ័ត្ន ទៅលើការការពារ Covid-19 នេះផងដែរ។ រដ្ឋបាលរបស់យើងត្រូវបន្តទំនាក់ទំនងជាមួយនឹងរដ្ឋបាលថៃ ដើម្បីថា ឧទាហរណ៍៖ មានអ្នកជំងឺអាចឆ្លងកាត់ទៅវិញទៅទៅមក ទំនាក់ទំនងគ្នាឱ្យបានល្អ ព្រោះពេលខ្លះគេក៏យោគយល់យើងដើម្បីបញ្ជូនអ្នកជំងឺ ទៅសង្គ្រោះនៅថៃដែរ ហើយការរកស៊ីទៅមកនៅតែបន្ត ទំនិញនៅតែឆ្លងកាត់ ប៉ុន្តែដោយសារតែទឹកជំនន់មានបញ្ហាបន្តិច។
ប៉ោយប៉ែត ពីរត់ចោលដី ឥឡូវដណ្ដើមដីគ្នា
ខ្ញុំមិនចង់និយាយច្រំដែល ម្សិលមិញក៏និយាយពីរដង ព្រឹកមិញនិយាយម្ដង ឥឡូវម្ដង ប៉ុន្តែមកដល់ត្រង់នេះជួនគ្នា ជាមួយអាមួយបង្ហោះហ្វេសប៊ុកចេញមក ចង់ធ្វើសត្រូវជាមួយលុយ ផ្ដាំទៅវាថាបើចង់ធ្វើសត្រូវជាមួយលុយ អ្ហែងធ្វើខ្លួនឯងទៅអញមិនធ្វើជាមួយទេ។ មិនត្រឹមតែមិនធ្វើសត្រូវជាមួយលុយទេ ចង់ធ្វើមិត្តភក្តិជាមួយលុយ ពីបាតដៃទទេរហូតដល់បានផ្ទះសុទ្ធតែថ្ម។ តំបន់នេះខ្ញុំឆ្លងទៅជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ … ពីសិរីសោភ័ណរហូតមកដល់ប៉ោយប៉ែត ឆ្លងស្ពានសុទ្ធតែដើមត្រែង។ ឡានកាម៉ង់កា គន្លិកគន្លាក់។ អញ្ចឹងបានអ្នកខ្លះប្ដឹងខ្ញុំថា គ្រប់គ្រងដីធ្លីតាំងពីឆ្នាំ ១៩៧៩-៨០ ខ្ញុំមើលទៅអាហ្នឹងគឺថាភូតតែម្ដង ព្រោះថាកន្លែងហ្នឹងពីដើមមានតែផ្លូវជាតិមួយខ្សែ ផ្លូវជាតិលេខ ៥ រួចហើយគន្លីកគន្លាក់ … ឥឡូវឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង្សសុវណ្ណ គាត់ពាក់ស័ក្តិ ៥ កាលហ្នឹង ខ្ញុំឡើងទៅ អារញ្ញប្រាថេត បានឡើងឧទ្ធម្ភាគចក្រពី អារញ្ញប្រាថេត ទៅ បាងកក ដើម្បីជួបនាយករដ្ឋមន្ត្រី ឆាទីឆៃ ឈុនហាវ៉ាន់ និងអគ្គបញ្ជាការកងទ័ព Chavalit Yongchaiyudh ពេលហ្នឹងគាត់ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ នៅខែ ៩ ឆ្នាំ ១៩៨៩។
ត្រូវមើលឃើញអំពីទិដ្ឋភាពទាំងឡាយដែលបានឆ្លងកាត់។ ប៉ោយប៉ែតពីដើមរត់ចោលដីឥឡូវទៅជាកន្លែងដណ្ដើមដីគ្នា។ ដីតំបន់នេះដីត្រូវប៉ាន់។ ខ្ញុំគិតដើរយកក្បាលកាក់ អ្នកណាលក់ដីបានប៉ុន្មាន ព្រោះហេតុអីនិយាយឱ្យឡូហ្សិច ព្រោះមុនឆ្នាំ ១៩៧០ ដីថ្លៃ មុនពេលឆ្នាំ ១៩៧០ រត់ចោលដីអស់។ នៅតំបន់នេះ ប៉ុល ពត បានដកហូតដីធ្លីប្រជាជនអស់រលីង។ តំបន់នេះតំបន់មានសង្រ្គាម ក្រោយរបប ប៉ុល ពត ហើយគឺអត់ទាន់មានអ្នកណាមកបង្កបង្កើនផលទេ។ ខ្ញុំធ្វើដំណើរតាមហ្នឹងទៅតាមជាយដែននៅឆ្នាំ ១៩៨៦ ឆ្នាំ ១៩៨៩ មកម្ដងទៀតព្រៃត្រែងលើសដើម។ អញ្ចឹងបានសេចក្ដីថា ប្រជាពលរដ្ឋរត់ចោលដីទាំងអស់។ ហ្នឹងហើយសង្គ្រាម។ ដោយមានចំណែកក្នុងការដឹកនាំរបស់ខ្ញុំ ធ្វើឱ្យមានសន្តិភាព។ ដល់មានសន្តិភាព ដីឡើងថ្លៃដល់អញ្ចឹងត្រូវបង់ក្បាលកាក់ឱ្យខ្ញុំ។ សុំតែ ១ ភាគរយទេ ព្រោះអ្នកខ្លះលក់ដីម្ដង ១០០ លាន សុំតែ ១ ភាគរយ បានមួយលាន។ និយាយលេងទេ។ ខ្ញុំត្រូវការតែប៉ុណ្ណេះទេ ខ្ញុំអត់មានត្រូវការអីពីអ្នកលក់ដីបានទេ តែត្រូវការបង់ពន្ធប្រថាប់ត្រាឱ្យបានត្រឹមតែប៉ុណ្ណឹងទេ ព្រោះជាច្បាប់ដើម្បីឱ្យរដ្ឋមានលុយ ហើយរដ្ឋយកមកកសាងផ្លូវថ្នល់ មន្ទីរពេទ្យ ប្រឡាយទឹក សាលារៀន និងតំឡើងប្រាក់ខែឱ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ រាប់ទាំងគ្រូពេទ្យ គ្រូបង្រៀនរបស់យើង។
យូរៗទៅអាពួកមុខលុយ វាទៅជាបង្អាប់ឯងថាស្អីក៏មុខលុយ។ បើអ្ហែងចង់ធ្វើសត្រូវជាមួយលុយធ្វើទៅ អញមិនធ្វើទេ។ អញសុំធ្វើមិត្តភក្តិជាមួយលុយ ហើយព្រោះទាល់តែមានលុយបានទិញទឹកបរិសុទ្ធ អង្ករបាន។ ហើយវាក៏ត្រូវការលុយ ម៉េចក៏មកបង្អាប់យើង ពីរឿងលុយ ហើយបង្អាប់ប៉ះពាល់ទៅដល់ព្រះមហាក្សត្រទៀត ព្រោះព្រះអង្គចូល ហើយភាពទៀតទាត់របស់ព្រះមហាក្សត្រព្រះអង្គចូលកាកបាទក្រហមកម្ពុជា ចូលជាខែ ចូលជាត្រីមាស ចូលជាឆ្នាំ។ ព្រះអង្គយកចិត្តទុកទៅលើបញ្ហាមនុស្សធម៌ ប៉ុន្តែពួកវាវិញរៃលុយដើម្បីបំផ្លាញជាតិ។ ខ្ញុំអត់មានរៃលុយផង តែប្រជាជនឱ្យ។ ហើយផ្ដាំទៅអ្ហែងទៀត រថក្រោះដែលអញទិញកន្លងទៅ ឧកញ៉ាមួយចំនួនទិញរថក្រោះ ១០ ឧកញ៉ាមួយចំនួនទិញរថក្រោះ ៥ អញ្ចឹងបានរថក្រោះមកប្រើអត់មានចំណាយលុយជាតិទេ។ ត្រូវការរថក្រោះ កាំភ្លើងធំ លុយជាតិមួយចំណែក ក៏ប៉ុន្តែអ្នកទាំងអស់នោះគេមានសណ្ដានចិត្តជួយ។ បន្ទាយទាហាននៅតាមទល់ដែន ភាគច្រើនគឺសប្បុរសជនធ្វើ។ ខ្លះជួយ ២០ ខ្នង ខ្លះជួយ ៣០ ខ្នង មួយខ្នងប៉ុន្មានម៉ឺន។ អាហ្នឹងហើយដែលហៅថាខឿនការពារជាតិរបស់ប្រជាជន មិនមែនតែរបស់កងទ័ពទេ គឺរបស់ប្រជាជនទាំងអស់ ទើបវាខ្លាំង។ បើអ្ហែងអនុវត្តនយោបាយឯកោខ្លួនឯងធ្វើទៅ អ្ហែងយកអ្នកមានធ្វើសត្រូវធ្វើទៅ។ ខ្ញុំពិបាកនិយាយជាមួយលោកឯង អញ្ចឹងប្រើពាក្យអ្ហែងតែម្ដងទៅ។ ខ្ញុំមិនឆ្លងឆ្លើយទេ។ ការពិតពួកអានេះវាចង់ឱ្យខ្ញុំឆ្លើយ តែខ្ញុំមិនឆ្លើយអាធំទេ ខ្ញុំឆ្លើយអាតូច បង្ហោះហ្វេសប៊ុកព្រឹកមិញ។ អាមេវាដាក់លក្ខខណ្ឌប៉ុន្មានចំណុច គេកំពុងតែសង្កត់ជាប់ក។ ទី ១ ត្រូវដកជើងចេញពីកអញ ទី ២ ត្រូវលើកអញឡើង ទី ៣ ត្រូវសែងអញ យកទៅដល់ផ្ទះ ទី ៤ ត្រូវរៀបបាយឱ្យអញស៊ី ទី ៥ ត្រូវបំរើអញប្រាំខែ ដាក់លក្ខខណ្ឌឱ្យឈ្នះ។ វាមិនដែល(អាចទេ)។ ពួកនេះធ្វើអីក៏ដោយវាចង់ឱ្យតែខ្ញុំឆ្លើយតបដើម្បីកុំឱ្យគេភ្លេច។ អ្នកដទៃកុំរើសដាក់ខ្លួន ហើយកុំនិយាយចំឈ្មោះអាសត្វចង្រៃ។ ខ្ញុំអត់តមាត់ជាមួយវាទេ តែខ្ញុំដឹងថា វាចង់ឱ្យយើងឆ្លើយជាមួយវាតែប៉ុណ្ណឹង។ មិនមែនធម៌នយោបាយអីទេ …។
ជំនួយជូនជនរងគ្រោះ
ថ្ងៃនេះបានទទួលទាំងអស់ហើយ អ្នកដែលរងគ្រោះមាន ៥ ពាន់គ្រួសារគឺក្នុងមួយគ្រួសារ អង្ករ ២៥គីឡូក្រាម មីមួយកេសតូច ទឹកសុទ្ធមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ត្រីខមួយយួរ មុងមួយ ក្រមាមួយ ភួយមួយ សារុងមួយ កន្ទេលមួយ និងថវិកា ៥ ម៉ឺនរៀល ជាការចែកជូនហើយក៏សូមបញ្ជាក់ដែរថាបន្តិចទៀតខ្ញុំឡើង ឧទ្ធម្ភាគចក្រទៅភ្នំពេញ ឡើងទៅយើងមានលទ្ធភាពពីរគឺមួយមានបាយកញ្ចប់ ឯមួយទៀតដេកព្រោះយប់មិញខ្ញុំដេកត្រឹមម៉ោង ៣ ភ្ញាក់ ប្រហែលជាដេកច្រើនជាង ចាំទៅដល់ផ្ទះបានបាយ។ សុំបញ្ជាក់ថា ខ្ញុំទៅប្រជុំស្អែក បន្ទាប់ពីប្រជុំហើយខ្ញុំហោះមកដេកនៅសៀមរាប។ ថ្ងៃសៅរ៍ខ្ញុំត្រឡប់មកបន្ទាយមានជ័យវិញ ដើម្បីចែកប៉ុន្មានកន្លែងទៀត … យើងទៅអូជ្រៅនិងទៅមេឡៃ។ តំបន់មេឡៃ ពីដើម សុខ ភាព គ្រប់គ្រងរហូត មកដល់ផ្ដាច់ខ្លួនតែម្ដង ហើយឧស្សាហ៍បាញ់មកតំបន់របស់យើង។ ប៉ុន្តែនយោបាយឈ្នះឈ្នះចេញអស់ពីព្រៃ។ អញ្ចឹងបានធ្វើឱ្យដីធ្លីឡើងថ្លៃ។ ថ្ងៃនេះ មានគ្រួសារលង់ទឹកមិនទាន់បានផ្ដល់ថវិកា សុំឱ្យក្រុមគ្រួសារមកជួបខ្ញុំបន្តិច។ នេះហើយជា(គ្រួសារដែល)បាត់បង់កូនស្រី ដែលបានស្លាប់ក្នុងពេលដែលធ្វើដំណើរ … ហើយបើគ្មានអន្តរាគមន៍មកទាន់ទេ មនុស្សអាចស្លាប់លើសនេះ។ សប្បុរសជននានាក៏បានទទួលមគ្គផលពីអ្វីដែលយើងផ្ដល់ទៅនេះ។ ជូនគាត់ ១៣ លានរៀល ព្រោះកូនៗ ម្នាក់ ១ លានរៀល។ ប៉ុន្តែជាទូទៅយើងផ្ដល់ ១០ លានរៀល ហើយខាងមូលដ្ឋានគេជួយថែមទៀត។ ចុងបញ្ចប់ខ្ញុំសូមអរគុណចំពោះការចូលរួមហើយសុំអធ្យាស្រ័យចំពោះការនិយាយប៉ប៉ាច់ប៉ប៉ោចរបស់ខ្ញុំផ្នែកចុងក្រោយអម្បាញ់មិញ។ វាអសុរសប៉ុន្តែពួកនេះបើមិននិយាយអញ្ចឹងមិនបានទេ ព្រោះវាអត់ចេះស្ដាប់ ហើយក៏សូមជូនពរចំពោះបងប្អូនទាំងអស់ ដំបូងគឺសុំឱ្យព្រះអាឡោះ ជួយទៅដល់បងប្អូនសាសនិកឥស្លាម ដែលមកទីនេះ ហើយក៏សូមជូនពរទាំងអស់គ្នា អ្នកដែលកាន់សាសនាគ្រីស្ត ក៏ទទួលបានពរជ័យពីព្រះយេស៊ូហើយអ្នកដែលកាន់ព្រះពុទ្ធសាសនា សូមឱ្យជួបប្រទះតែពុទ្ធពរ និងពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕