ដកស្រង់ប្រសាសន៍ អញ្ជើញចុះពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយនឹងប្រជាកសិករស្រុកព្រៃកប្បាស ខេត្តតាកែវ

អរគុណឯកឧត្តមរដ្ឋមន្ដ្រី។ មុនខ្ញុំថ្លែងជាមួយនឹងការផ្ដល់អនុសាសន៍ និងសំណេះសំណាល ខ្ញុំចង់សួរសំណួរខ្លះពីកសិកររបស់យើង ព្រោះថ្ងៃមុន (កាល)នៅស្រុកពាមរក៍ ខេត្តព្រៃវែងនោះ គេឆ្ងល់ថាតើមានការរៀបចំមុន ឬអត់ បានជាកសិករឡើងឆ្លើយដូចជាច្បាស់លាស់។ អញ្ចឹង ដើម្បីចៀសវាងគេថា(ជា)ការរៀបចំ (ខ្ញុំ)សុំចង្អុលប្អូនខាងណេះ ហើយប្អូនស្រីនេះ សូមអញ្ជើញឡើងមកវេទិកា ហើយសុំប្អូនស្រីនេះមួយទៀត ប្អូនប្រុសនេះមួយទៀត បានបួននាក់ ដើម្បីខ្ញុំសួរបញ្ហាមួយចំនួន។ ដំបូងបំផុត សំណួររបស់ខ្ញុំ «តើអ្វីជាការងាយស្រួល និងការលំបាក?» សូមបញ្ជាក់។ កសិករ៖ សូមគោរពសម្ដេច និងគណៈប្រតិភូ នៅទីនេះ។ ការងាយស្រួលរបស់ប្រជាកសិករនៅទីនេះ ផ្លូវនេះធ្វើដំណើរមកទីនេះ ត្រូវធ្វើដំណើរមួយម៉ោង ទៅមួយម៉ោងកន្លះ។ សម្ដេចបានជួយនៅស្ថានីយបូមទឹក ប្រព័ន្ធផ្លូវនៅទីនេះ យើងចំណាយពេលតែ ១០ នាទី មកដល់ហើយ។ មួយទៀត មានទឹកបូមគ្រប់គ្រាន់ ឬបង្ហូរបានតាមចិត្ត។ កាលពីពេលមុន ដីមួយហិកតា ត្រូវបូមទឹកដេករហូតមួយយប់ ឬពីរយប់បានពេញ ក៏មានដែរ។ ឥឡូវ បូមតែ ២ ម៉ោង ពេញហើយ និងអាចធ្វើស្រែបានពី ពីរដង ទៅបីដង ក្នុងមួយឆ្នាំ។…