សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ និយោជិត នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ

(១) ការនឹករលឹកប្រៀបបីដូចជាឪពុកនិងកូន ជីតានិងចៅ ទាំងអស់គ្នាសុខសប្បាយទេ? អម្បាញ់មិញមកពីខាងនោះ។ ខាងចុងកុំច្រណែន។ ការពិតគេហាមប៉ះពាល់គ្នា ប៉ុន្ដែអម្បាញ់មិញដូចជាពិបាកហាម ដូចជាការនឹករលឹក​គ្នា រវាងឪពុកនិងកូន ឬជីតានិងចៅ។ សង្ឃឹមថាក្រ​សួងសុខាភិបាលនឹងមិនប្ដឹងយើងអំពី​ការរំលោភលើវិធានសុខាភិបាលទេ។ អម្បាញ់មិញនេះក្លាយទៅជាបុរសថ្ពាល់ផ្អែម។ នាងៗថើបប្រហែលជា ៣ ដង។ ងាកមកខាងនេះអម្បាញ់មិញដើរទៅហួស ខាងអ្នកមានផ្ទៃពោះ ៥៩៦ នាក់ ដែលបានមកចូលរួម​ថ្ងៃនេះ។ មានរឿងចម្លែកមួយ គួរនិយាយឲ្យហើយ។ អម្បាញ់មិញពរចៅម្នាក់ ហើយទើបបាន៣ ខែទេ ក៏បាន​សួរទៅម្ដាយ … បានដឹងរឿង (ខ្ញុំ)បានសួរបញ្ជាក់ កាលដែលឆ្លងទន្លេហ្នឹងគេបានប្រាក់ទៅឲ្យឬអត់? (ថាបាន) ប៉ុន្ដែមានរឿង១ ប្ដីទៅការប្រពន្ធ(ទៀត) នៅថ្ងៃទី១ ខាងមុខនេះ។ កូន៣ ទៅហើយ ប្ដីទៅការប្រពន្ធ។ អញ្ចឹងទេ លោកប្ដីអើយ! អត់ទាន់ការទេ វិលមករកកូនយើង។ វាអត់មានអីច្បាស់លាស់ជាងប្រពន្ធយើងដែលមានកូនបីហើយ​ទេ​។ អញ្ចឹងប្រសិនបើបានលឺពូនិយាយ ក្មួយត្រឡប់មកវិញមក …។ និទានរឿង ទាហានប្រពន្ធបី ឥឡូវ និទានរឿងមួយសិនចុះ។ កាលពីមុននិយាយពីរឿងព្រះរាជាព្រះអង្គចង់ដឹងថា មន្ដ្រីរបស់ព្រះអង្គមានខ្លាច​ប្រពន្ធប៉ុន្មានអ្នក។អ្នកអត់ខ្លាចមានប៉ុន្មានអត់ខ្លាចមានប៉ុន្មាន។ ប៉ុន្ដែឥឡូវចង់និទានពីមេទាហានម្នាក់ដែលជាមេកងតូចទេ មានទាហានប្រហែល…