សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

(១) ចែកសញ្ញាបត្រនៅ RULE លើកទី២២ ខ្ញុំព្រះករុណាខ្ញុំមានការរីករាយ ដែលបានជួបជុំនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួន ៥ ៦១០ នាក់ ដែលនឹងទទួលសញ្ញាបត្រនៅថ្ងៃនេះ បន្ទាប់ពីការខកខានក្នុងរយៈពេលកន្លងទៅដោយសារកូវីដ-១៩។ គិតពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦ មកដល់ពេលនេះ ខ្ញុំបានចូលរួមចែកសញ្ញាបត្រសំរាប់និស្សិតនៅសាលានេះ ចំនួន ២២លើក គឺជាសាលាដែលនាយករដ្ឋមន្រ្តីទៅច្រើនជាងគេ មិនទាន់គិតពីការធ្វើជាគ្រូឧទ្ទេសនាមនៅសាលានេះ កាលជំនាន់វគ្គខ្លីៗ ដែលពេលនោះគ្រប់គ្រងដោយឯកឧត្តម ស៊ិន សុង ក្រសួងមហាផ្ទៃផងនោះទេ។ ខ្ញុំបានមកបង្រៀននៅសាលានេះ មុនពេលសាលានេះត្រូវបានប្រគល់មកឱ្យក្រសួងអប់រំ យុវជន និងកីឡា។ (២) ការអភិវឌ្ឍធនធានមនុស្ស ដើរដល់ចំណុចគួរជាទីមោទនៈ យើងរីករាយជាមួយសមិទ្ធផលថ្មី ជាផ្នែកសំខាន់ដែលយើងយកចិត្តទុកដាក់តាំងពីដើមទីរហូតមកដល់ពេលនេះ។ យើងបានផ្ដោតការយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សជាអាទិភាព ដើម្បីកសាងប្រទេស។ ដូចដែលខ្ញុំធ្លាប់បានបញ្ជាក់ យើងបានចាប់ផ្ដើមពីការ “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ”។ ជាបណ្ដើរៗ ចលនាជាតិរបស់យើង បានជម្រុញតម្រូវការនៃការអភិវឌ្ឍធនធានមនុស្ស មកដល់ចំណុចមួយដែលយើងគួរមានមោទនភាព​។ បើទោះបីជានៅមានតម្រូវការច្រើននៅឡើយក្តី ក៏ប៉ុន្តែ យើងបានដើរចេញឆ្ងាយពីចំណុចដែលយើងបានចេញដំណើរក្រោយរំដោះឆ្នាំ១៩៧៩។ (៣) អភិវឌ្ឍទាំងផ្នែករឹងនិងទន់ ស្រាយតម្រូវការជំរុញកំណើនសេដ្ឋកិច្ច ទាក់ទាញវិនិយោគក្រៅប្រទេស…