សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត នៃសាកលវិទ្យាល័យ ធនធាន​មនុស្ស ចំនួន ១ ៩៤៦ នាក់

(នៅ)សល់ ៧៤ ថ្ងៃទៀត កម្ពុជានឹងឈានទៅដល់ការធ្វើ(ជា)ម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម។ សូមអបអរសាទរទាំងអស់គ្នា! សូមក្រាបថ្វាយបង្គំព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះ អង្គជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក៏ដូចជា ជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីស្រឡាញ់! (១) លើកទី ១៧ មកចូលរួមចែកសញ្ញានៅសាកលវិទ្យាល័យនេះ/គោលដៅឆ្ពោះទៅរកសេដ្ឋកិច្ចពឹងផ្អែកលើចំណេះដឹង កំពុងត្រូវបានអនុវត្ត តាមរយៈការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀតជាមួយនឹងការចែកវិញ្ញាបនបត្រ/សញ្ញាបត្រ សម្រាប់សិស្សថ្នាក់វិជ្ជាជីវៈ/និស្សិត នៃសាកលវិទ្យាល័យ ធនធានមនុស្ស ចំនួន ១ ៩៤៦ នាក់។ បើយោងទៅលើកាលបរិច្ឆេទដែលខ្ញុំមកទីនេះ មកដល់ពេលនេះ គឺមានចំនួន ១៧ លើក ដែលបានមកចូលរួមក្នុងការចែកសញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្ស។ ខ្ញុំពិតជាមានការរីករាយ ដោយសង្កេតឃើញថា គោលដៅរបស់យើងដែលឆ្ពោះទៅរកសេដ្ឋកិច្ច(ពឹង)ផ្អែកលើចំណេះដឹង កំពុងត្រូវបានអនុវត្តយ៉ាងល្អបប្រសើរ តាមរយៈនៃការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស។ ថ្ងៃនេះ យើងក៏ទទួលបានធនធានមនុស្ស ដែលទទួលសញ្ញាបត្រ (ចំនួន ១ ៩៤៦ នាក់ បន្ថែមទៀត) ហើយក៏មានអ្នកដែលបានធ្វើការរួចហើយ ជិត ២ ពាន់នាក់…