សុន្ទរកថា ក្នុងពិធីមីទ្ទីងរំឭកខួបទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៩)

សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃរាជ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ, ជាទីសក្ការៈ។ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិទាំងអស់ ជាទីមេត្រី។ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គមីទ្ទីង និង​ បង​ប្អូន​ជន​រួម​ជាតិ​ជា​ទីស្នេហា ! កាលពី ៤០ ឆ្នាំមុន នៅថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួល​រំលំ ដោយ​កម្លាំងមហាសាមគ្គីជាតិនៃប្រជាជនយើង ដែលបានក្រោកឈរប្រយុទ្ធយ៉ាងអង់ឤចបំផុត ដើម្បីសេរីភាព និងការរស់រានមានជីវិតរបស់ខ្លួន ក្រោមការដឹកនាំនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ មហាជ័យជម្នះជា​ប្រវត្តិ​សាស្ត្រនេះ បានបើកឡើងនូវទំព័រសករាជថ្មីនៃប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលធ្វើឱ្យយើង​មានអ្វីៗគ្រប់យ៉ាង​នៅ​ថ្ងៃ​នេះនិងមាននូវការជឿ​ជាក់ចំពោះអនាគតដ៏រុងរឿងរបស់ខ្លួន។ ទិវាជាប្រវត្តិសាស្ត្រនេះ ត្រូវបានកត់ត្រាទុកជារៀងរហូត នៅក្នុងការចងចាំ​របស់​ប្រជាជន​​កម្ពុជា​គ្រប់​ៗ​រូប គ្រប់ៗជំនាន់ ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ ថ្ងៃនេះ យើងប្រារព្ធពិធីដ៏មហោឡារិកនេះឡើង ដើម្បីរំឭកនូវការចងចាំមិនឤចបំភ្លេច​បាន ចំពោះមហា​ឧក្រិដ្ឋ​កម្មដ៏សាហាវព្រៃផ្សៃបំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត ដែលបានប្រព្រឹត្តមកលើមាតុភូមិ និង​ប្រជាជនកម្ពុជា ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ​ទាំងឡាយ ​ដែលបានធ្វើពលិកម្មប្រកបដោយវីរភាព ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការ​ពារមិនឱ្យរបប​នេះ​ឤច​​វិលត្រឡប់មកកម្ពុជាជាថ្មីវិញបាន។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱន​កាយ វាចាចិត្ត គោរពដល់វិញ្ញាណក្ខន្ធ​របស់​ជនរួម​​ជាតិរាប់លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត…