សុន្ទរកថា និងការអត្ថាធិប្បាយបន្ថែម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី​​ “ទំនាក់ទំនង កម្ពុជា-ទីម័រឡេស្តេ និងបេក្ខភាពទីម័រឡេស្តេជាសមាជិកសមាគមប្រជាជាតិអាស៊ាន

លោកជំទាវ ម៉ារៀ ហ្វឺណាន់ដា ឡេ ប្រធានសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! [ផ្ដើមសេចក្ដីអធិប្បាយ១] ជាដំបូង ខ្ញុំសូមពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចប្រធានសភាកម្ពុជា ជូនចំពោះលោកជំទាវប្រធាន។ ហើយខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះតំណាងគណបក្សនយោបាយក្នុងសភាទីម័រឡេស្តេ ដែលបានបង្ហាញពីសមានចិត្តចំពោះខ្ញុំ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា នៅក្នុងការថ្លែងអម្បាញ់មិញនេះ។ នោះបង្ហាញអំពីមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេជាលើកទី២។ ទស្សនកិច្ចផ្លូវការរបស់ខ្ញុំលើកទី១ គឺនៅឆ្នាំ២០១៦  ដែលកាលណោះខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្រ្តី។  ខ្ញុំសូមអរគុណចំពោះការទទួលស្វាគមន៍យ៉ាង​កក់ក្តៅចំពោះរូបខ្ញុំ ព្រមទាំងប្រតិភូអមដំណើរ និងការរៀបកិច្ចប្រជុំជាពិសេសនេះឡើងដើម្បីឱ្យខ្ញុំបានធ្វើបទឧទ្ទេសនាម​ចែករំលែកទស្សនៈស្តីពី ទំនាក់ទំនងកម្ពុជា-ទីម័រឡេស្តេ ព្រមទាំងបទពិសោធរបស់កម្ពុជា ក្នុងការត្រៀមចូលជាសមាជិកអាស៊ានកាលពី ២៦ ឆ្នាំមុន ស្របពេលដែលទីម័រឡេស្តេ កំពុងត្រៀមខ្លួន​ក្លាយជា​សមាជិកអាស៊ានពេញសិទ្ធិ នាពេលដ៏ឆាប់ខាងមុខនេះ។ ក្នុងរយៈពេល ៤៤ ឆ្នាំនៃអាជីពនយោបាយរបស់ខ្ញុំ ពីឆ្នាំ១៩៧៩ (ឬអាចចាត់ទុកថាប្រហែលជាជាងកន្លះសតវត្សរ៍នៃអាជីពបម្រើការងាររបស់ខ្ញុំ មុនកាន់តំណែងនយោបាយ) រហូតដល់ពេលលែងកាន់តំណែងនាយករដ្ឋមន្រ្តីនៅឆ្នាំ២០២៣ សមិទ្ធផលជាប្រវត្តិសាស្ត្រមួយ​សម្រាប់រូបខ្ញុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល នោះគឺការចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និងការដឹកនាំប្រកបដោយជោគជ័យនូវអង្គការ​តំបន់មួយនេះ ក្នុងនាមប្រធាន​ប្តូរវេន​រហូតដល់ ៣លើក។ អ្វីដែលគួរឱ្យ​កត់សម្គាល់នោះ គឺកម្ពុជាហ៊ានទទួល​ធ្វើ​ជាប្រធាន​ លើកទី១…