ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារី យុវតី និងបុគ្គលិក នៃមជ្ឈមណ្ឌលបណ្ដុះវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារីអាហ្វេស៊ីប (AFESIP)

បន្ទាប់ពីបានផ្លាស់ប្តូរការសន្ទនាសួរសុខទុក្ខនិងសំណេះសំណាល ជាមួយកុមារី យុវតី និងបុគ្គលិកនៃមជ្ឈ​មណ្ឌលបណ្ដុះវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារីអាហ្វេស៊ីប (AFESIP) សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជន និងជាប្រធានព្រឹទ្ធសភា បានថ្លែងការណ៍ ដែលមានការដកស្រង់សេចក្តីដូចតទៅ៖ […] ថ្ងៃនេះ មុនពេលភ្ជុំ តាយាយបានមកជួបជាមួយចៅៗ។ តាមពិត ទម្រាំរកកម្មវិធីដែលអាចមកបាន គឺវាលំបាកសម្រាប់មជ្ឈមណ្ឌលបន្តិច ​ដោយសារតែម្សិលមិញនេះ យាយមានកម្មវិធីជាមួយសមាគមស៊ីក្លូ ដែលឯកឧត្តម ឃួង ស្រេង ចាត់ចែង។ យើងមានមូលនិធិស៊ីក្លូមួយ សម្រាប់ជួយពួកគាត់។ នៅសល់តែថ្ងៃនេះ។ ថ្ងៃស្អែកយាយទៅវត្ត។ ខានស្អែក ត្រូវដង្ហែព្រះករុណាព្រះមហាក្សត្រយាងទៅប្រទេសបារាំង។ ដូចនេះ មានតែមកថ្ងៃនេះ។ អញ្ចឹង ចៅៗខ្លះបានទៅដល់មូលដ្ឋានហើយត្រូវត្រឡប់មកវិញដើម្បីជួបជុំគ្នាមុនបុណ្យភ្ជុំបិណ្ឌរបស់យើងថ្ងៃនេះ។ (១) ប្រែក្លាយស្ថានភាពលំបាក ជាសសហគមន៍សុខសាន្ត ខ្ញុំអរគុណចំពោះការគ្រប់គ្រងដ៏ពិសេសរបស់កូន សុម៉ាលី ទៅលើមជ្ឈមណ្ឌលនេះ។ អរគុណដល់ចៅៗដែលជាគ្រូៗ នៅទីនេះ ចំនួន២៧នាក់ ហើយថែម៤នាក់នៅថ្ងៃនេះទៀត សម្រាប់(ការបញ្ចូល)ក្របខ័ណ្ឌ។ តាមកនេះ ទី១ គឺចង់សួរសុខទុក្ខចៅៗ។ ទី២ ​គឺចង់ដឹងអំពីស្ថានភាពរបស់ចៅៗ។ ដូចតាធ្លាប់និយាយពីមុនមកហើយ រឿងបង្កើតឱ្យមានវាពិបាកទៅហើយ តែរឿងធ្វើឱ្យមាននិរន្តរភាព ដែលហៅថាឱ្យដំណើរការទៅបានល្អ ជារឿង​​​មួយទៀត។…

សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាល និងពិសាបាយជាមួយសមាគមអ្នកឧកញ៉ា/ឧកញ៉ា

សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី! ជាដំបូង​ អនុញ្ញាតឱ្យខ្ញុំបានប្រសិទ្ធពរជូនសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រីទាំងអស់នូវពរសម្រាប់ការចូលឆ្នាំកន្លងទៅ សូមឱ្យអ្នកទាំងអស់គ្នាជូនប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជា​មួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមអរគុណសមាគមឧកញ៉ា ដែលបានអញ្ជើញខ្ញុំចូលរួមនៅក្នុងពិធីបិទសន្និបាត ជួបជុំទទួលទានអាហារសាមគ្គី។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរជាមួយនឹងការរៀបចំសន្និបាតលើកទី១ របស់សមាគមឧកញ៉ា បន្ទាប់ពីត្រូវបានបង្កើតកាលពីឆ្នាំទៅ។ ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះការរៀបចំទាំងឡាយ ដើម្បីធ្វើឱ្យសមាគមឧកញ៉ារបស់យើង មានលក្ខន្តិក មានបទបញ្ជាផ្ទៃក្នុង និងការពង្រឹងសមត្ថកិច្ច/កិច្ចការពាក់ព័ន្ធ ជាមួយនឹងសមាគមឧកញ៉ា។ ថ្ងៃនេះ យើងក៏បានឃើញការរៀបរយនូវឯកសណ្ឋានប្រកបដោយកិត្តិយស សក្ដិសមជា​សមាគមមួយដែលបានចូលរួមចំណែកធំធេង ជាមួយនឹងរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍប្រទេសជាតិ។ (១) ការផ្តល់តួនាទីប្រធានកិត្តិយសនៃសមាគមឧកញ៉ា គឺជាការជឿជាក់ទៅលើសមត្ថភាពនិងការដឹកនាំ ខ្ញុំមានសេចក្តីរីករាយដែលបានទទួលការអញ្ជើញឱ្យធ្វើជាប្រធានកិត្តិយស។ ខ្ញុំគួរតែបញ្ជាក់ថា ហេតុអ្វីបានជាខ្ញុំទទួលយកនូវតួនាទីជាប្រធានកិត្តិយសនៃសមាគមឧកញ៉ា។ ច្បាស់ណាស់ថា អ្នកទាំងអស់គ្នាបានផ្ដល់កិត្តិយសឱ្យខ្ញុំ ជាមួយនឹងការជឿជាក់ទៅលើសមត្ថភាព និងការដឹកនាំរបស់ខ្ញុំ ហើយដែលយើងរស់នៅជាមួយគ្នាអស់រយៈពេលជាង ៤៥ឆ្នាំ។…

នឹងទិញវ៉ាក់សាំងសំរាប់ ១០ លាននាក់ បន្ថែមលើ ១ លានដូស នៃដំណាក់កាលទីមួយ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ស្មារតីសាមគ្គីភាព (និង)វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយ កូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើង មាន(ទំហំ)ធំមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។ មកដល់ពេលនេះ ថវិកាដែលសប្បុរសជន(បាន)ចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០ លានដុល្លារ។ ដោយមានសំណូមពរពីប្រជាជនយើង​  ខ្ញុំព្រះករុណាខ្ញុំ​ សុំបន្ថែមគណនី ​២ ទៀត នៅធនាគារ អេស៊ីលីដា ​និងភ្នាក់ងារវីង​ដែលអាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ​ 9992,  ប្រាក់ដុល្លារគឺ​ 9991។ ចំពោះ អេស៉ីលីដា ប្រាក់រៀលគឺ​ 00010556999989 (និង) ចំពោះប្រាក់ដុល្លារគឺ​ 00010556999999។ សូមជនរួមជាតិយើងដែលចង់ចូលរួម ផ្ញើប្រាក់តាមរយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណាខ្ញុំ មានបំណងចាក់ជូនប្រជាជនឱ្យបាន ១០ លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត(ដល់) ២០ លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយចំនួន ១ លានដូសសម្រាប់ចាក់ជូន ៥០ ម៉ឺននាក់ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យ និងកំពុងមានហានិភ័យ។ (ក្នុងនោះ ជា)អាទិភាព (យើង)ផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរ​បាល​យុត្តិធម៍គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថាកម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គី និងការចូលរួមដូចសព្វថ្ងៃនេះ៕