សម្តេចតេជោ៖ “ពេជ្រកំពុងឆ្នៃ ពេជ្រកែឆ្នៃរួចនិងកំពុងរក្សាទុក ឬនិយាយមួយបែបគឺដាវកំពុងផលិត ដាវកំពុងប្រើ និងកំពុងសំលៀង”
រូបថតប៉ុន្មានសន្លឹកនេះបង្ហាញពីជោគជ័យ នៃការអប់រំបណ្តុះបណ្តាលកូនៗ ដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។ ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូឬឡានជិះទេ។ ពួកកូនត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ(សាលាចតុមុខ)។ សំណាងជាងគេម៉ាណែតបានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះស៊ីសុវត្តិដែលឆ្ងាយជាងគេបន្តិច។ ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡានឬម៉ូតូឲ្យកូនជិះ តែពុកចង់ឲ្យពួកកូនស្គាល់នូវជីវភាពប្រជាជនធម្មតាដូចកាលពុកនៅពីក្មេង។ ពេលកូនណាមួយមានកំហុសពួកកូនត្រូវជាប់វិន័យទាំងអស់គ្នា ដោយអង្គុយអានសៀវភៅទាំងអស់គ្នាព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នា ដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នា។ ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេស ពុកទៅសរសេរវិន័យបិទក្នុងបន្ទប់គេង បន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំងសម្រាប់ម៉ានិត ម៉ានី ម៉ាលី គឺ(ចេញពីផ្ទះ៥០០ម៉ែត្រត្រូវប្រាប់បង ណាហ្រ្គា និងសុខហ៊ា និងចាយលុយ លើស100 France ត្រូវសុំការអនុញ្ញាតពីសុខហ៊ា)។ ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមានម៉ាណា ម៉ានិត ម៉ានីម៉ាលី លើកលែងតែម៉ាណែត ពុកបានសរេសរវិន័យ (ដើរឃ្លាតពីផ្ទះ៥០០ ម៉ែត្រត្រូវសុំអ៊ំ ចាយលុយលើស ៥០ ដុល្លារត្រូវសុំពីអ៊ំ)។ ទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការកំណត់ម៉ោងត្រូវចូលគេងនិងត្រូវបិទភ្លើងបិទម៉ាសុីនកំដៅ ម៉ាស៊ីនត្រជាក់ដើម្បីសន្សំសំចៃភ្លើង។ ពុកម៉ែសូមអរគុណកូនៗដែលជាង ២០ឆ្នាំ មុនបាននិយាយជាមួយគ្នាដែលពុកបានលួចស្តាប់ឮម៉ានិតនិយាយប្រាប់ទាំងអស់គ្នាថា(ពុកម៉ែតឹងតែងចំពោះពួកយើងគឺចង់ឲ្យយើងល្អ)។ ពិតមែនតែពេលនេះពួកកូនមានប្រពន្ធមានប្តីនិងមានកូនព្រមទាំងចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារបំរើជាតិក្នុងឋានៈខ្ពង់ខ្ពស់តែពុកនៅរង់ចាំធ្វើជាថ្មសំលៀងសម្រាប់ពួកកូនតទៅ ទៀត។ ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះបណ្តាលអប់រំកូនៗដែលជាចៅរបស់ពុកម៉ែតាមរបៀបពុកម៉ែតទៅទៀត ពិសេសផ្តោត លើគុណធម៍ ចរិយាធម៍ សិលធម៍ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរព ចាស់ ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។ ចៅរបស់ពុកម៉ែជាចៅល្អហើយតែត្រូវ តែតាមតម្រង់ទិសពួកគេតទៅទៀត៕