បាឋកថា របស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំពេញអង្គសភាអង្គរជាតិដើម្បីភាព អត់ឱន និងសន្តិភាព (IPTP) លើកទី១១

[ចាប់ផ្តើមសេចក្តីអធិប្បាយ១] ថ្ងៃនេះ ដែលខ្ញុំអង្គុយតុមួយម្នាក់ឯង ប្រហែលជាមិនហួសហេតុពេកទេ។ នេះក៏ជាការស្មើភាពដែរ ដោយ​ថាអ្នកទាំងអស់គ្នាអង្គុយស្តាប់ ឯខ្ញុំអ្នកនិយាយ។ បើសិនខ្ញុំទៅនិយាយនៅទីនោះ គឺប្រហែលជាវាត្រឹមត្រូវហើយ ក៏ប៉ុន្តែវាអយុត្តិធម៌បន្តិចសម្រាប់ខ្ញុំ ដោយសារតែខ្ញុំត្រូវនិយាយច្រើន។ គេតម្រូវឱ្យខ្ញុំត្រូវធ្វើបាឋកថាទាក់ទងនឹងបទពិសោធន៍របស់កម្ពុជា។ ដូច្នេះ សូមមានការយោគយល់ដែលខ្ញុំត្រូវអង្គុយនិយាយ ត្រឹមតែ ១ម៉ោង ឬលើស ១ម៉ោងបន្តិច អំពីបញ្ហាដែលមានមកស្ទើរតែកន្លះសតវត្សរ៍ ឬអាចនិយាយថាជាងកន្លះសតវត្សរ៍ផង។ អាចនឹង(មានពេលមិន)មិនគ្រប់គ្រាន់។ ប៉ុន្តែ សូមអធ្យាស្រ័យដោយសារតែបាឋកថាទាក់ទងនឹងបទពិសោធរបស់កម្ពុជាវាវែងបន្តិច បើឱ្យខ្ញុំធ្វើសុន្ទរកថាវាខ្លី។ អញ្ចឹងសូមអធ្យាស្រ័យ។ [ចប់សេចក្តីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមជាគណៈអធិបតី នាឱកាសដ៏វិសេសវិសាលនេះ និងចែករំលែកបទពិសោធដឹកនាំផ្ទាល់របស់ខ្ញុំ ក្នុងការកសាងកម្ពុជាឡើងវិញ ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម ជាពិសេស ក្នុងការរំដោះជាតិ ការផ្សះផ្សាជាតិ ដំណើរការនៃការកសាងជាតិឡើងវិញ និងការកសាងសន្តិភាព ដែលរំដោះប្រទេសដ៏កម្សត់មួយនេះ ឱ្យចាកផុតទាំងស្រុងពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅ និងពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ ដោយសម្រេចបានសន្តិភាពពេញលេញ ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈពេល ៥០០ ឆ្នាំនៅ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ការថែរក្សាបាននូវចីរភាពនៃសន្តិភាព និងវឌ្ឍនភាពសង្គមយ៉ាងឆាប់រហ័ស ដែលប្រជាជនកម្ពុជាទាំងអស់កំពុងក្រេបជញ្ជក់ផ្លែផ្កាសព្វថ្ងៃនេះ។ កាលពីដើមខែកញ្ញាកន្លងទៅនេះ ខ្ញុំបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពី…

ខួប ៤២ ឆ្នាំ នៃការជួបគ្នាឡើងវិញជាមួយភរិយាខ្ញុំ ២៤ កុម្ភៈ ១៩៧៩ – ២៤ កុម្ភៈ ២០២១

ថ្ងៃនេះគឺជាខួប ៤២ ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩- ២៤ កុម្ភៈ ២០២១)។ កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ​ជួបហើយព្រាត់ និង​ព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវ បន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា ”ការឈឺចាប់ដែលមិនអាចបំភ្លេចបាន”។ ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់ និងនៅថែទាំ​ភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ(ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាក និងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ។ តែសំណើដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើអោយខ្ញុំស្ទើរតែទ្រាំលែងបាន បម្រុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះ ប៉ុន្តែការអត់ធ្មត់គឺជារឿងចាំបាច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។ ម៉ោងប្រមាណជាង ៤ ល្ងាច ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់…