ថ្ងៃនេះគឺជាខួប ៤២ ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩- ២៤ កុម្ភៈ ២០២១)។
កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការជួបហើយព្រាត់ និងព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវ បន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា ”ការឈឺចាប់ដែលមិនអាចបំភ្លេចបាន”។
ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់ និងនៅថែទាំភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ(ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាក និងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។
ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ។ តែសំណើដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើអោយខ្ញុំស្ទើរតែទ្រាំលែងបាន បម្រុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះ ប៉ុន្តែការអត់ធ្មត់គឺជារឿងចាំបាច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។
ម៉ោងប្រមាណជាង ៤ ល្ងាច ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរទៅបន្ទប់ដែលភរិយាខ្ញុំសម្រាក ពិនិត្យឃើញ រ៉ានី ហើមខ្លួន។ ដោយសារ រ៉ានី ជាគ្រូពេទ្យឆ្មបស្រាប់ គាត់បានប្រាប់ខ្ញុំថាអាចនៅសល់សុកដែលពេទ្យទម្លាក់មិនអស់។
ពីរនាក់ប្តីប្រពន្ធយើងពុំមានអ្វីក្រៅពីមើលមុខគ្នាដោយទឹកភ្នែកនោះទេ គឺទឹកភ្នែកអាណិត និងស្តាយកូនដែលស្លាប់ទៅ ទឹកភ្នែកដែលមិនបាននៅថែទាំភរិយាដែលទើបឆ្លងទន្លេ តែ រ៉ានី ហាក់ដូចរឹងប៉ឹងជាងខ្ញុំ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើទោះជាខ្ញុំមិនដែលប្រាប់នាងក៏ដោយ។
ខ្ញុំចាកចេញទាំងទឹកភ្នែក ហើយក៏មិនបានសួររកទីកន្លែងដែលគេកប់សាកសពកូនខ្ញុំដែរ។ ពេលត្រឡប់ទៅដល់អង្គភាពវិញ ខ្ញុំក៏បានយករឿងនេះជំរាបទៅប្រធាននយោបាយនៃអង្គភាពដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់។ គាត់បានអនុញ្ញាតអោយខ្ញុំយក រ៉ានី ទៅព្យាបាលនៅអង្គភាពដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់(ពេលនោះគេបង្កើតជាស្រុកត្រមូង)។ ព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ខ្ញុំខិតខំទៅកាន់មន្ទីរពេទ្យតាំងពីមេឃមិនទាន់ភ្លឺ ដើម្បីនាំយក រ៉ានី មកកាន់អង្គភាព។ ពិតជាសំណាងសម្រាប់ រ៉ានី ដែលខ្ញុំបាននាំនាងមកអោយឆ្មបបុរាណកាយទម្លាក់សុកចេញទាន់ពេល បើពុំនោះទេនឹងទៅជាក្រឡាភ្លើង និងឈានដល់ស្លាប់មិនខាន។
ពេលនោះ ទោះបីជាលំបាក តែខ្ញុំបានមើលថែទាំ រ៉ានី ដោយផ្ទាល់ដៃ។ ខ្ញុំមើលថែទាំ និងបំរើ រ៉ានី ដូចថែទាំម្តាយចាស់ មិនត្រឹមតែបាយទឹកទេ សូម្បីតែសម្លៀកបំពាក់ក៏ខ្ញុំត្រូវបោកគក់ជូនគាត់ដែរ។ ខ្ញុំបានបំពេញមុខងារជាប្តីយ៉ាងពិតប្រាកដ។ ខ្លុំក្លាយជាអ្នកចេះផ្សំថ្នាំខ្មែរ ដើម្បីសុខភាពរបស់ភរិយា។ អ្វីៗគ្រប់យ៉ាងខ្ញុំត្រូវធ្វើដោយផ្ទាល់ដៃប្រហែលជាងកន្លះខែ។ ខ្ញុំតែងលួចយំអាណិតប្រពន្ធដែលខំមកតាមប្តីដោយលំបាកវេទនាតែខ្ញុំមិនចង់ឃើញទឹកភ្នែក រ៉ានី ទេ ដូចនេះបានជាខ្ញុំមិននាំគាត់និយាយឬរំលឹកពីរឿងកូនស្លាប់ឬរឿងណាដែលមិនសប្បាយចិត្តនោះឡើយ។
ទោះបីជាជួបការលំបាក តែនេះជាលើកដំបូង ដែលខ្ញុំបានរស់នៅជាមួយ រ៉ានី លើសពីមួយសប្តាហ៍ បន្ទាប់ពីរៀបការហើយ។ មកដល់ ខែមករា ឆ្នាំ ១៩៧៧ រ៉ានី មានផ្ទៃពោះសាជាថ្មីម្តងទៀត ដែលខុសជាមួយបំណងប្រាថ្នារបស់ខ្ញុំ ព្រោះមិនគួរមានកូនក្នុងកាលៈទេសៈបែបនេះទេ។ ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីវាយពួក ប៉ុលពត ក្នុងពេលដែលភរិយាមានផ្ទៃពោះ ប្រសិនជាការប្រយុទ្ធកើតឡើង តើប្រពន្ធ និងកូនរបស់ខ្ញុំទៅជាយ៉ាងណា? ខ្ញុំចង់រស់នៅជាមួយភរិយាខ្ញុំ តែខ្ញុំមិនចង់ឃើញភរិយានិងកូនខ្ញុំមានគ្រោះថ្នាក់នៅពេលមានការប្រយុទ្ធកើតឡើង។ ខ្ញុំបានទៅសុំប្រធាននយោបាយអង្គភាព ដើម្បីបញ្ជូន រ៉ានី ទៅធ្វើការនៅមន្ទីរពេទ្យកងទ័ពដែលមានទីតាំងនៅភូមិសំរោង ឃុំដារ ស្រុកមេមត់ ឃ្លាតពីអង្គភាពខ្ញុំជាង ៣០ គីឡូម៉ែត្រ។
បែកគ្នាលើកមុនៗត្រូវបានអង្គការជាអ្នកបំបែក តែបែកគ្នាលើកនេះខ្ញុំជាអ្នករៀបចំដោយខ្លួនឯង ដើម្បីត្រៀមលក្ខណៈសម្បត្តិវាយពួកបនប្រល័យពូជសាសន៍ប៉ុល ពត។ ខ្ញុំជួប រ៉ានី ចុងក្រោយគឺថ្ងៃ ១៨ ខែ មិថុនា ឆ្នាំ ១៩៧៧ គឺមុន ២ ថ្ងៃដែលខ្ញុំចាកចេញដើម្បីដឹកនាំចលនាតស៊ូវាយពួក ប៉ុល ពត។ ខ្ញុំបានសម្រេចចិត្តច្បាស់លាស់ហើយ តែខ្ញុំមិននិយាយប្រាប់ រ៉ានី នោះទេ។ ការមិននិយាយប្រាប់ មិនមានន័យថាខ្ញុំមិនទុកចិត្តភរិយាខ្ញុំនោះឡើយ តែបញ្ហាសំខាន់ គឺខ្ញុំមិនចង់ឃើញទឹកភ្នែកភរិយាខ្ញុំហូរស្រក់មក មិនចង់អោយភរិយាខ្ញុំទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តភ្លាមៗសម្រាប់រឿងមួយដែលមិនទាន់បានកើតឡើងនៅឡើយនោះទេ។
មុនពេលចាកចេញ ខ្ញុំមិនសម្រក់ទឹកភ្នែកអោយ រ៉ានី ឃើញនោះដែរ។ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ជាថ្ងៃដែលលំបាកបំផុតសម្រាប់ខ្ញុំ ហើយក៏ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជីវិតប្រជាជនកម្ពុជា។ ម៉ោងប្រហែល ២ រសៀល បន្ទាប់ពីបញ្ជាអោយកងទ័ពបើកជង្រុកស្រូវ ដើម្បីដាំបាយទទួលទាន ខ្ញុំបានអង្គុយសរសេរលិខិតផ្ញើឱ្យ រ៉ានី។ ការចាប់ផ្តើមនៃលិខិតពិតជាលំបាករកពាក្យសរសេរដែលទីបំផុតខ្ញុំបានប្រើពាក្យថា “មកដល់ រ៉ានី ប្រពន្ធដ៏កំសត់របស់បង នៅពេលដែលអូនអានលិខិតនេះ រូបបងនៅសែនឆ្ងាយ ឆ្ងាយរហូតដល់រូបបងមិនដឹងថាខ្លួននៅកន្លែងណាផងទេ”។ រឿងដែលពិបាក តើត្រូវប្រាប់ រ៉ានី ថាខ្ញុំនៅទីណា? ព្រោះគ្មានអ្វីច្បាស់ទេសម្រាប់ជីវិតខ្ញុំនាពេលនោះ។ សរសេរលិខិតរួច ត្រូវគេបាញ់សម្លាប់? ឬសរសេរលិខិតរួច ត្រូវធ្វើការប្រយុទ្ធ? យើងចង់ទៅទិសខាងកើត តែសភាពការណ៍បង្ខំអោយមកទិសខាងលិចវិញ។ ខ្ញុំសរសេរផងយំផង រហូតស្រវាំងភ្នែក ទម្រាំបានលិខិតមួយច្បាប់ចំណាយពេលប្រមាណ ២ ម៉ោង។
ខ្ញុំចង់រំលឹកដល់អភូតហេតុមួយ ដែលបានកើតឡើងនាល្ងាចថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ នោះ។ ម៉ោងប្រហែល ៤ ល្ងាច បន្ទាប់ពីប្រគល់លិខិត និងសំភារៈមួយចំនួនតាមរយៈនិរសារខ្ញុំឈ្មោះ នឿន (ពេលនេះជាឧត្តមសេនីយត្រីនៃបញ្ជាការដ្ឋានអង្គរក្ស)ដើម្បីបញ្ជូនទៅអោយភរិយាខ្ញុំ។ ខ្ញុំក៏សម្រាកលង់លក់ដើម្បីរង់ចាំមិត្តខ្ញុំ ៤ នាក់ទៀត។ ខ្ញុំភ្ញាក់ឡើងម៉ោង ៨ យប់ទៅហើយ ខ្ញុំក្រោកអង្គុយយកដែកកេះដុតចង្កៀងប្រេងកាត ពេលចង្កៀងឆេះ ស្រាប់តែឮសម្លេងមនុស្សស្រែកចេញពីដើមជ្រៃ ដែលមានខ្ទមអ្នកតានៅនឹងគល់ហ្នឹង គឺនៅឃ្លាតពីផ្ទះខ្ញុំប្រហែល ៣០ ម៉ែត្រ។
សម្លេងមនុស្សប្រុសវ័យចំណាស់ស្រែកខ្លាំងៗថា “ចេញភ្លាមទៅ ចេញអោយឆាប់” ស្រែកច្រើនដង និងខ្លាំងៗស្ទើរបែកក្រដាសត្រចៀក។ បន្ទាប់ពីសម្លេងស្រែកចប់ភ្លើងចម្រុះពណ៌មករុំខ្លួនខ្ញុំជុំជិត ខ្ញុំស្រែកស្ទើរភ្លាត់សម្លេងឱ្យអ្នកនៅខាងក្រៅផ្ទះចូលមកជួយ។ នៅពេលយុទ្ធជន ៣ នាក់ចូលមក ខ្ញុំសួរពួកគេថាអ្នកណាស្រែក? ហើយមានឃើញភ្លើងក្នុងផ្ទះឬទេ?ពួកគេទាំង ៣ នាក់ឆ្លើយស្រុះគ្នាថា មិនឮ និងមិនឃើញអ្វីទាំងអស់។ ខ្ញុំព្រឺក្បាល ហើយគិតក្នុងចិត្តថា បារមីតាមថែទាំខ្ញុំ ប្រាប់អោយខ្ញុំចាកចេញហើយ។
ខ្ញុំសូមជំរាបថា ដើមជ្រៃដ៏ធំដែលមានខ្ទមអ្នកតានៅនឹងគល់ ធ្លាប់អោយខ្ញុំឃើញ ២ លើករួចមកហើយ។ លើកទី ១ នៅចុងឆ្នាំ ១៩៧៥ ខ្ញុំដេកយល់សប្តិឃើញបុរសចំណាស់ម្នាក់ យកសារុងសូត្រថ្មីយ៉ាងស្អាតមកអោយខ្ញុំ(ជំនឿមនុស្សខ្លះយល់សប្តិបានសារុងសូត្រ គឺនឹងមានប្រពន្ធ) មិនបានប៉ុន្មានថ្ងៃផង ខ្ញុំរៀបការជាមួយ រ៉ានី។ លើកទី ២ ភ្លើងហោះចេញពីដើមជ្រៃកាត់ដំបូលផ្ទះខ្ញុំជះពន្លឺចូលក្នុងផ្ទះ ពេលយប់នោះហើយដែល រ៉ានី ក្អូតចង្អោរចាញ់កូននៅខែមករា ឆ្នាំ ១៩៧៧ គឺកំណើតម៉ាណែតនេះហើយ។
ការព្រាត់គ្នានាថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ គឺជាការព្រាត់គ្នាដោយមានសង្ឃឹមតិចតួចណាស់ថានឹងបានជួបវិញ។ ទឹកភ្នែករាប់ម៉ឺនសែនលានដំណក់ហូរមកជាមួយការឈឺចាប់ដែលមិនអាចរៀបរាប់បាន តែទឹកភ្នែកនេះហើយដែលជួយពង្រឹងស្មារតីខ្ញុំឱ្យប្រឹងតស៊ូដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។ (ប្រវត្តិទាក់ទងនឹងការតស៊ូរំដោះជាតិមានឯកសារច្រើនហើយ មិនមានការចាំបាច់ដើម្បីខ្ញុំសរសេរនៅក្នុងអត្ថបទទាក់ទងនឹងការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំនោះទេ)។
តាំងពីបែកគ្នានាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ រហូតដល់ថ្ងៃទី២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំមិនដែលទទួលព័ត៌មានអំពីភរិយាខ្ញុំទេ ហើយប្រសិនបើបានទទួលវិញគឺសុទ្ធតែបញ្ជាក់ថា ភរិយាខ្ញុំបានស្លាប់បាត់ទៅហើយ។ តាំងពីថ្ងៃបែកគ្នាមក ខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយកាន់តែជឿថាភរិយាខ្ញុំស្លាប់បាត់ទៅហើយ នោះគឺក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រយៈពេលជាង ១ ខែ ខ្ញុំមិនអាចស្វែងរកឃើញ ឬមានព័ត៌មានពីប្រពន្ធ ឬឪពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង។
មានរឿងមួយដែលខ្ញុំគួររំលឹកនោះគឺ នៅប្រហែលពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំយល់សប្តិឃើញ រ៉ានីភរិយាខ្ញុំនៅម្ខាងព្រែកដែលមានទឹកជ្រៅមិនអាចដើរមករកគ្នាបាន ខ្ញុំកំពុងតែទៅរកទូកដើម្បីអុំទៅយក រ៉ានី ស្រាប់តែនាឡិការោទិ៍ឡើងនៅម៉ោង ៥ ភ្លឺ ធ្វើអោយខ្ញុំភ្ញាក់ពីដេកដាច់យល់សប្តិអស់។ ខ្ញុំភ្ញាក់ឡើង ខ្ញុំអង្គុយយំ ហើយក៏មិនអាចរកការពន្យល់ពីការយល់សប្តិនេះថា រ៉ានី នៅរស់ ឬស្លាប់។
ការសប្បាយរីករាយសំរាប់ការរំដោះប្រជាជនចេញពីរបប ប៉ុល ពត មិនទាន់បានបញ្ចប់ទឹកភ្នែកខ្ញុំនៅឡើយ។ ប្រសិនបើប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់នៅទីណា? ស្លាប់ដោយជំងឺ ឬស្លាប់ដោយគេសម្លាប់? ហើយតើកូនរបស់ខ្ញុំគេកើតមុនពេលភរិយាខ្ញុំស្លាប់? ឬស្លាប់ទាំងមានផ្ទៃពោះ? ប្រសិនកូនខ្ញុំកើតហើយ តើគេប្រុស ឬស្រី? តើគេនៅរស់ ឬស្លាប់?ប្រសិនបើកូនខ្ញុំនៅរស់ តើគេនៅទីណា? សំណួរជាច្រើនបានធ្វើអោយខ្ញុំហូរទឹកភ្នែកដោយការឈឺចាប់។
ល្ងាចថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេសនៅមាត់ទន្លេ ស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានទៅប្រាប់ខ្ញុំថា ប្រពន្ធ និងកូន ព្រមទាំងប្អូនស្រីខ្ញុំមកដល់ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះ ព្រោះករណីបែបនេះមាន ២ លើករួចមកហើយ។ លើកទី ១ មានស្ត្រីអាយុប្រហែលម្តាយខ្ញុំបានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា គាត់ជាប្រពន្ធតារដ្ឋមន្ត្រីការបរទេស។ គាត់ប្រើខ្ញុំឱ្យទៅហៅប្តីគាត់មកជួបគាត់។ តាមពិតគាត់ច្រឡំ ព្រោះប្តីគាត់មានឈ្មោះដូចខ្ញុំដែរ។ លើកទី ២ នៅក្រសួងការបរទេស ស្ត្រីម្នាក់ទៀតក៏ទៅរកប្តីគាត់ដែរ។ ខ្ញុំមកជួបគាត់ គាត់ហៅខ្ញុំថាក្មួយ ហើយសុំចូលទៅជួបរដ្ឋមន្ត្រី។ ពេលនោះខ្ញុំប្រាប់គាត់ថាខ្ញុំហ្នឹងហើយជារដ្ឋមន្ត្រី គាត់ខឹងខ្ញុំយ៉ាងខ្លាំង ហើយស្រែកឡូឡាទាល់តែខ្ញុំបើកឡានចេញពីក្រសួង មិនដឹងថាគាត់ទៅណាទៀតទេ។ ដោយសារមានរឿងមិនពិត រួមផ្សំថាមានទាំងកូន និងប្អូនទៀត ខ្ញុំអត់ជឿតែម្តង។ តែយ៉ាងណា នៅម៉ោងប្រមាណ ៥ ល្ងាច ហើយ ខ្ញុំក៏មកផ្ទះ។
ជារឿងរំភើបណាស់ ចុះពីលើឡានភ្លាមខ្ញុំក្រឡេកឃើញ រ៉ានី ប្រពន្ធខ្ញុំមុនគេ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ ប្រពន្ទខ្ញុំប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង ខ្ញុំខំទៅស្រវាពរកូន តែកូននេះបែរជាគេចចេញទៅឱបម្តាយហើយស្រែកយំ។ តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារបានសម្ងំលាក់ខ្លួន មករើសកួរស្រូវនៅស្រុកត្បូងឃ្មុំ ព្រោះសភាពការណ៍ពេលនោះច្របូកច្របល់ពេក មិនទាន់ហ៊ានចេញមុខនៅឡើយ។ ភរិយាខ្ញុំបានទទួលដំណឹងថាខ្ញុំនៅរស់ជារៀងរហូតមក តែដើម្បីសេចក្តីសុខ នាងសុខចិត្តលាក់ខ្លួនទ្រាំទ្រជាមួយការលំបាកមួយរយៈទៀត។ ការជួបជុំឡើងវិញរវាងខ្ញុំ និងភរិយាខ្ញុំបានបញ្ចប់ស្ថានភាពពោះម៉ាយ និងមេម៉ាយ ដែលរូបខ្ញុំមានឈ្មោះជាបុរសពោះម៉ាយ ឯ រ៉ានី មានឈ្មោះថាជាមេម៉ាយកូន ១។
ម៉ាណែត កូនប្រុសខ្ញុំហៅខ្ញុំថាពូរយៈពេល ២ ខែដោយសារតែគេមិនដែលមានឪពុកសម្រាប់ហៅ។ នៅពេល ម៉ាណែត ព្រមហៅខ្ញុំថាពុកបានប៉ុន្មានថ្ងៃ ខ្ញុំ និងភរិយាមានរឿងអកុសលកើតឡើងម្តងទៀត គឺភរិយាខ្ញុំរលូតកូន។ នេះជាកំហុសរបស់ខ្ញុំដែលមិនបានរែកទឹកដាក់ពាង។ នៅភ្នំពេញពេលនោះពុំមានទឹកម៉ាស៊ីនប្រើប្រាស់ទេ។ យើងត្រូវរកធុងទៅអូសទឹកនៅទន្លេមេគង្គ ហើយយកមករក្សាទុកនៅពាងខាងក្រោមផ្ទះ និងត្រូវរកប៉ោតរែក ឬយួរមកចាក់ក្នុងពាងនៅបន្ទប់ទឹក។ ខ្ញុំតែងធ្វើកិច្ចការនេះជាប្រចាំ តែថ្ងៃមួយប្រញាប់ទៅធ្វើការមិនបានដងទឹកដាក់ពាង ប្រពន្ធខ្ញុំទៅខំយូរទឹកមកចាក់បំពេញពាង ទើបធ្វើឱ្យកូនជិត ២ ខែនេះរលូត។ សោកនាដកម្មគ្រួសារខ្ញុំគ្រាន់តែជាផ្នែកតូចមួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស ដែលក្រុមគ្រួសារភាគច្រើនលំបាកវេទនានិរាសព្រាត់ប្រាស់លើសគ្រួសារខ្ញុំច្រើនដងទៅទៀត។ សូមកុំអោយរឿងឈឺចាប់កើតឡើងលើទឹកដីកម្ពុជាតទៅទៀត។
ការជួបគ្នាកាលពី ៤២ ឆ្នាំមុនគ្រួសារខ្ញុំមានមនុស្សតែ ៣ នាក់ គឺខ្ញុំ និងភរិយា និងកូនប្រុសមួយគឺ ហ៊ុន ម៉ាណែតតែប៉ុណ្ណោះ។ ៤២ ឆ្នាំក្រោយគ្រួសារនេះមានមនុស្សរហូត ៣៤ នាក់ គឺខ្ញុំ និងភរិយា កូនបង្កើត៥ នាក់ កូនប្រសា ៥ នាក់ និងចៅ ២២ នាក់ ដែលនេះក៏ឆ្លុះបញ្ចាំងពីការកើនឡើងនៃចំនួនប្រជាជនពីប្រមាណ ៥ លាននាក់នាឆ្នាំ ១៩៧៩ ហើយមកដល់ពេលនេះមានប្រមាណ ១៦ លាននាក់៕