សេចក្ដីអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥
ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលមានវត្តមាននៅទីនេះ។ មុនចូលដល់របៀបវារៈតាមទម្លាប់ ប្រសិនបើមានអ្វីត្រូវថ្លែង ប្រធានថ្លែងមុន។ ខ្ញុំគួរតែយកឱកាសនេះ និយាយបន្តិច ជូនពរសារជាថ្មីម្តងទៀតដល់ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មីកន្លងទៅនេះ។ ឆ្នាំនេះហាក់ដូចជាមានភាពចម្លែកបន្តិច ត្រង់ថាប្រជាពលរដ្ឋចូលរួមសប្បាយរីករាយ ប្លែកពី(ខុស)ធម្មតា។ កាលពីឆ្នាំ ២០២២ ក្រោយកូវីដ-១៩ ដែលយើងអាក់ខានចូលឆ្នាំក្នុងឆ្នាំ ២០២០ និង ២០២១, ប្រជាពលរដ្ឋក៏ក្លាំងក្លាណាស់ដែរក្នុងការចូលរួមចូលឆ្នាំ ដែលធ្វើឲ្យទូលបង្គំ ខ្ញុំមានការកង្វល់យ៉ាងខ្លាំងថា តើការសម្រេចចិត្តឲ្យប្រជាពលរដ្ឋជួបជុំក្នុងឱកាសចូលឆ្នាំនេះខុសឬត្រូវ។ ប៉ុន្តែជាកុសលល្អ បន្ទាប់ពីការចូលឆ្នាំហើយ អត្រាឆ្លងនៃកូវីដ-១៩ គឺពុំមានថែមទេ។ សម្រាប់ឆ្នាំនេះ ប្រជាពលរដ្ឋយើងសប្បាយគ្រប់ទីកន្លែង តាមរយៈការរៀបចំសង្រ្កាន្ត។ ទូលបង្គំខ្ញុំនៅតែបន្តវាយតម្លៃថា មានកត្តា៤ យ៉ាងដែលធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ។ កត្តាទី១ គឺសុខសន្តិភាព។ នេះជាកត្តាចាំបាច់មុនគេ។ យើងបានឃើញហើយថាឆ្នាំ ១៩៧៥ នៅរដូវចូលឆ្នាំ គឺជាពេលវេលាវាយផ្តាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ។ សួរថា តើប្រជាជននៅក្នុងកាលៈទេសៈ មានសង្រ្គាម បានចូលឆ្នាំទេ? ពិតជាមិនអាចទេ។ ជាមួយសុខសន្តិភាពដែលមាន និងការចាត់ចែងការពារសណ្តាប់ធ្នាប់បានយ៉ាងល្អ…