សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបិទកញ្ចក់កា​មេរ៉ាថតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី»

(១) តួសម្ដែងច្រើនជំនាន់ខុសគ្នា សម្ដែងក្នុងរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” ថ្ងៃនេះ ជាការបង្ហាញមុខដំបូង បន្ទាប់ពីថ្ងៃទី ២២ ខែសីហា កន្លងទៅ ដែលពេលនោះ​ ខ្ញុំធ្វើសន្និសីទសារព័ត៌​មាន​មួយ បន្ទាប់ពីការចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់ឲ្យអ្នកជំនាន់ក្រោយបន្តវេន គ្រប់គ្រងដឹកនាំនីតិប្រតិបត្តិ។ ខ្ញុំសូមអរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីបិទកញ្ចក់កាម៉េរ៉ាថតខ្សែភាពយន្ត រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី»។ អម្បាញ់មិញ ឯកឧត្តម ហ៊ុយ វាសនា បានធ្វើរបាយការណ៍ទាក់ទង នឹងដំណើរការថតរឿងនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះអ្នកដឹកនាំរឿង ក៏ដូចជាកោតសរសើរចំពោះអ្នកបច្ចេកទេស កោតសរសើរចំពោះតួសម្ដែងទាំងអស់។ យើងមានតួសម្ដែងច្រើន ដែលខ្ញុំសូមបញ្ជាក់ថាគ្របដណ្ដប់ត្រឹមតែប្រមាណជាមិនដល់ ៣០% នោះទេ។ បើយោងទៅលើកត្តាប្រវត្តិសាស្ត្រពិត រឿងនេះមានតួអង្គច្រើនទៀតដែលយើងមិនបានរំលឹក ហើយប្រសិនបើត្រូវថតឱ្យអស់សាច់រឿង រឿងនេះអាចឈានដល់ ៣០០ ភាគ ក៏ថាបាន។ ប៉ុន្តែយើងមិនមានលទ្ធភាពធ្វើបែបនោះទេ។ យើងបានប្រមូលតួសម្ដែងតាំងពីសម័យសង្គមរាស្ត្រនិយម​ និងបន្តបន្ទាប់ទៀតច្រើនជំនាន់ខុសគ្នា ដើម្បីសម្ដែងរឿងនេះ។ ខ្ញុំយល់ពីការលំបាកនៃការថតរឿងនេះ។ ដែលលំបាកជាងគេ ដូចដែលខ្ញុំនិយាយពេលដែលយើងចាប់ផ្ដើមក្រុងពាលីដើម្បីរៀបចំថតខ្សែភាពយន្តនេះគឺតួសម្ដែងរបស់យើង មិនដូចតួអង្គជាក់ស្តែងកាលពីសម័យនោះទេ។ ខ្ញុំបាននិយាយថា ត្រូវយកតួសម្ដែងទៅលុតដំ…