សេចក្តីដកស្រង់ប្រសាសន៍ និងសុន្ទរកថា ប្រជុំគណៈរដ្ឋមន្ត្រី លើកទី ១ នៃរាជរដ្ឋាភិបាល នីតិកាល​ទី ៦

[ចាប់ផ្តើមសេចក្តីអធិប្បាយ] ថ្ងៃនេះ គណៈរដ្ឋមន្ត្រីរបស់យើង​បើកការប្រជុំពេញអង្គដំបូង ដែលខ្ញុំសូមបញ្ជាក់ថា ថ្ងៃនេះ យើងប្រជុំបែងចែកជាពីរផ្នែក។ មួយផ្នែក គឺយើងមានការផ្សាយបន្តផ្ទាល់ ដើម្បីថ្លែងជូនទៅកាន់ប្រជាពលរដ្ឋអំពីកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណដោយសង្ខេប។ បន្ទាប់ពីកាប្រជុំនោះចប់ យើងសម្រាកបន្តិច ហើយយើងទៅថតរូបជុំគ្នា។ បន្ទាប់ទៅយើងចូលមក ដើម្បីនិយាយ​គ្នាពីបញ្ហាកិច្ចការមួយចំនួន ដែលទាក់នឹងការបែងចែកភារកិច្ចផ្សេងៗ។ សមាជិករាជរដ្ឋាភិបាល ៤៦ នាក់  ទទួលខុសត្រូវចំពោះសភា មុនចូលដល់ខ្លឹមសារនៃការប្រជុំថ្ងៃនេះ ខ្ញុំគួរតែបញ្ជាក់ជូនបន្តិច។ បើយោងទៅលើចំនួនពិតប្រាកដ នៃសមាជិករាជរដ្ឋាភិបាលនៅពេលនេះ ប្រៀបធៀបជាមួយអាណត្តិមុន ពេលដែលរដ្ឋធម្មនុញ្ញបានកំណត់អោយរដ្ឋលេខាធិការជាសមាជិករបស់រាជរដ្ឋាភិបាល ពេលនោះគណៈរដ្ឋមន្ត្រីរបស់យើង មានទៅដល់ជាង ៣០០ (នាក់) និងទៅដល់ ៤០០ (នាក់) ឯណោះ។ ប៉ុន្តែ យោងទៅតាមទម្លាប់ រដ្ឋលេខាធិការមិនទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងសភាទេ។ រដ្ឋមន្ត្រីទេ ដែលជាអ្នកទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្រី្ត និងចំពោះមុខសភា។ ដូច្នេះ យើងក៏បានកែរដ្ឋធម្មនុញ្ញរបស់យើង ដោយដករដ្ឋលេខាធិការចេញពីសមាជិកនៃរដ្ឋាភិបាល។ យោងទៅលើចំនួន​ជាក់ស្ដែង យើងមាន ២៨ ក្រសួង និងរដ្ឋលេខាធិការមួយ​។ ដូច្នេះ បើបូកនឹងអ្នកដែលកាន់កាប់ប្រអប់នៃស្ថាប័ន គឺបូកទាំងនាយករដ្ឋមន្ត្រីផង យើងមានតែ ៣០ នាក់…

សុន្ទរកថា និងសេចក្ដីដកស្រង់ប្រសាសន៍ ថ្លែងក្នុងសម័យប្រជុំទី ១ នីតិកាលទី ៦ នៃសភាជាតិ

  សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា លោកជំទាវ ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន គណៈកម្មការជំនាញទាំង ១០ នៃរដ្ឋសភា សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា ថ្ងៃនេះ គឺជាទិវាប្រវត្តិសាស្រ្តដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី ៦ បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តនូវសមាសភាពនៃថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពនៃរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា។ ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបាននូវសេចក្ដីទុកចិត្តពីសំណាក់រដ្ឋសភានៅពេលនេះ ទូលព្រះបង្គំជាខ្ញុំ សូមសំដែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដែលជានិច្ចកាល ព្រះអង្គទ្រង់បានព្រះរាជទាននូវការគាំទ្រ និងការលើកទឹកចិត្តដ៏កក់ក្ដៅបំផុត ចំពោះរាល់សកម្មភាពរបស់រាជរដ្ឋាភិបាលតាមគន្លងប្រកបដោយគតិបណ្ឌិត និងសុភវិនិច្ឆ័យរបស់ព្រះបរមរតនកោដ្ឋ ព្រះ​បាទសម្ដេច…