សេចក្តីដកស្រង់ ប្រសាសន៍សំណេះសំណាល សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានគណបក្សប្រជាជន សួរសុខទុក្ខប្រជាពលរដ្ឋជនភៀសសឹកក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បងប្អូនជនរួមជាតិ ជាទីគោរពស្រលាញ់! ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកជួបជុំបងប្អូនទាំងអស់។ ដំបូងនេះ អនុញ្ញាតឲ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ ជាទីសក្ការៈរបស់យើង ក៏ដូចជាសម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ផ្ញើជូនបងប្អូនជនភៀសសឹកទាំងអស់។ ព្រះអង្គ(តែងបាន)យកចិត្តទុកដាក់ចណពោះបងប្អូនជនភៀសសឹក។ ខ្ញុំក៏សូមបញ្ជាក់ជូនថា ព្រះមហាក្សត្ររបស់យើង រួមជាមួយនឹងសម្ដេចម៉ែ មានព្រះទ័យយកចិត្តទុកដាក់ជាខ្លាំង។ ពេលមួយ សភាពការណ៍កំពុងតែតានតឹង ព្រះមហាក្សត្របានស្នើសុំឲ្យរៀបចំ ដើម្បីព្រះអង្គអាចមកសួរសុខទុក្ខផ្ទាល់ចំពោះជនភៀសសឹក។ ក៏ប៉ុន្តែពេលនោះ ស្ថានភាពតឹងតែងខ្លាំង។ ខ្ញុំក៏បានទូលថ្វាយទៅព្រះមហាក្សត្រ ក្នុងឋានៈខ្ញុំជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថា ព្រះអង្គមិនគួរយាងចេញទេនៅពេលនេះ ដោយសារតែអ្នកឈ្លានពានមិនគិតថាទីកន្លែងណាដែលគេត្រូវវាយទេ។ ដូច្នេះ ព្រះអង្គក៏អាក់ខាន។ មិនមែនបានសេចក្ដីថា ព្រះអង្គមិនបានគិតគូរនិងយកចិត្តទុកដាក់ទៅលើជនភៀសសឹកទេ។ ជាបន្តបន្ទាប់ ព្រះមហាក្សត្ររបស់យើង ក៏ដូចជាសម្ដេចម៉ែ ព្រះអង្គតែងតែមានព្រះរាជតំណាងយកជំនួយមកចែកជូនចំពោះជនភៀសសឹក ក៏ដូចជាជូនកងកម្លាំងប្រដាប់អាវុធរបស់យើងផងដែរ។ នេះបង្ហាញអំពីការយកព្រះទ័យទុកដាក់របស់ព្រះមហាក្សត្រ ក៏ដូចជាសម្ដេចម៉ែចំពោះសុខទុក្ខរបស់យុទ្ធជនយុទ្ធនារី នៅសមរភូមិមុខ ក៏ដូចជាបងប្អូនជនភៀសសឹកនៅទូទាំងព្រំដែនកម្ពុជា-ថៃ។ បន្តទៅនេះ អនុញ្ញាតឲ្យខ្ញុំសំដែងការវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានចាត់តាំងរៀបចំកិច្ចការ(សាងសង់ជំរកបណ្តោះអាសន្ន)នេះដ៏រហ័ស។ ជាអតីតនាយករដ្ឋមន្ត្រី ហើយពេលនេះជាប្រ​ធានព្រឹទ្ធសភា និងកំពុងតែធ្វើជាប្រមុខរដ្ឋស្ដីទីក្នុងពេលដែលអវត្តមានព្រះមហាក្សត្រ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ដែលរាជរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្វើសកម្មភាពបានឆាប់រហ័ស តាមរយៈគណៈកម្មការចំពោះកិច្ច ដែលមានឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម ធ្វើជាប្រធាន និងក្រុមការងារដឹកនាំដោយឯកឧត្ដម…

អបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា

ខ្ញុំព្រះករុណាសូមចូលរួមអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា។ ខ្ញុំសូមអរគុណនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុង នាមជាជនជាតិខ្មែរ។ ខ្ញុំសង្ឃឹមថា រឿងលោកឪស៊ុច មិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ។ ម្យ៉ាងទៀតរឿងលោកឪស៊ុច ក៏មិនជារឿងថ្មីនោះដែរ ព្រោះខ្លួនខ្ញុំក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត ម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ។ នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការយើងមានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃ អ៊ុងអ៊ីន និងស្វាមីបានមកទទួលទានអាហារនៅផ្ទះខ្ញុំ។ មុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់ខ្ញុំបានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយខ្ញុំដាក់ឈ្មោះថា បន្ទប់ ថាក់ស៊ីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ។ មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រីកម្ពុជាថាគ្មានវិជ្ជាជីវៈ៕