សុន្ទរកថា ក្នុងសិក្ខាសាលា ស្ដីពីវិនិយោគនៅកម្ពុជា នាទីក្រុងតូក្យូ ប្រទេសជប៉ុន

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងសិក្ខាសាលា ស្ដីពីវិនិយោគនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូដ៏ស្រស់បំព្រងនានិទាឃរដូវនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងធនាគារមីហ្ស៊ូហូរបស់ប្រទេសជប៉ុន ដែលបានសហការរៀបចំឱ្យមានកម្មវិធីនេះឡើង ស្របពេលដែលខ្ញុំនឹងចូលរួមសន្និសីទអន្តរជាតិលើកទី ២៥ «អនាគតរបស់អាស៊ី» នាថ្ងៃស្អែកនេះ។ ទន្ទឹមនឹងនេះ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះធុរជន និងវិនិយោគិនជប៉ុន ដែលបានអញ្ជើញមកចូលរួមក្នុងសិក្ខាសាលានេះ ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គម កាលានុវត្តភាព និងសក្ដានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាជ្រាបពីការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្នសំដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ ២០១៥។ ជាងនេះទៅទៀត នៅក្នុងឆ្នាំ ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើស ពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា ៧,៥% ធៀបនឹងការគ្រោងទុក ៧,១% ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំ នៅក្នុងឆ្នាំ ២០១៩…