សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយ​មាស៥ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធី​បិទ​មហាសន្និបាត​វិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនអតីតយុទ្ធជន ជាទីស្នេហា! [ផ្ដើមសេចក្ដីអធិប្បាយ១] ថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន និងការចូលរួមយ៉ាងសកម្មរបស់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា នៃអង្គ​មហា​សន្និបាតដែលបានចែករំលែក​នូវទស្សនៈ [ក្នុងមហាសន្និបាត «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ហៅកាត់ថា «អ.ន.ក.»] ពិតមែនតែយើងមិនបានពិភាក្សាគ្នាច្រើន ប៉ុន្តែ តាមរយៈរបាយការណ៍របស់ឯកឧត្ដម គន់ គីម មានចរិតជារបាយការណ៍ផង និងជាការពិភាក្សាផង បន្ថែមទៅដោយមតិរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលធ្វើឲ្យអង្គប្រជុំយើងបង្ហាញពីការឯកភាពទៅលើទស្សនៈទាំងនោះ។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ មហាសន្និបាតបានពិភាក្សាយ៉ាងផុលផុស និងសម្រេចអនុម័តលើរបាយការណ៍ បូកសរុបលទ្ធផលការងារ ១០ ឆ្នាំ និងទិសដៅអនុវត្តបន្ត និងលក្ខន្តិកៈថ្មីរបស់សមាគម ព្រមទាំងសេចក្តីសម្រេចចិត្តមហាសន្និបាត។ ក្នុង ន័យនេះ មហាសន្និបាតបានសម្រេចកែសម្រួលឈ្មោះ របស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា»…