សេចក្តីដកស្រង់ប្រសាសន៍ សារស្តីពីការដាក់បទបញ្ជាទប់ស្កាត់កុំឱ្យមានការនាំចូល កូវីដ​-១៩ ពីវៀតណាម និងថៃ ទៅក្នុងសហគមន៍

ការធ្វើចត្តាឡីស័កនៅតែចាំបាច់ដើម្បីទប់ស្កាត់ការរីករាលដាល កូវីដ​-១៩ ខ្ញុំសូមផ្ញើជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងក្នុងគណបក្ស ក្នុងរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធ​សភា ជាពិសេស អាជ្ញាធរតាមខេត្ត ទាំងកងកម្លាំងប្រដាប់អាវុធដែលនៅតាមខេត្ត ទាំងខេត្តជាប់ព្រំដែនកម្ពុជា- ថៃ និងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ឲ្យបានជ្រាប(ថា) កន្លងទៅនេះ យើងបានខិតខំទប់ស្កាត់ការរីករាលដាលនៃ កូវីដ​-១៩ ពីប្រទេសថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយរឹតបន្ដឹងការធ្វើចរាចរមនុស្ស តាមរយៈបងប្អូនពលករកម្ពុជារបស់យើងត្រឡប់ចូលមកក្នុងផ្ទៃប្រទេស។ ឥឡូវនេះ គឺទិសខាងលិច និងក្នុងប្រទេសថៃការឆ្លង កូវីដ​-១៩ នៅមានសភាពធ្ងន់ធ្ងរនៅឡើយ ដែលតម្រូវឲ្យយើងរៀប​ចំ​ទីកន្លែងសម្រាប់ធ្វើចត្តាឡីស័កបន្ថែមទៀត។ រហូតមកដល់ពេលនេះ (អ្នកនៅក្នុងមណ្ឌលចត្តាឡីស័ក)មានជាង ៨ ពាន់នាក់ហើយៗនឹងមកជាបន្ដបន្ទាប់ទៀត ដោយសារតែការមិនទាន់ធូរស្រាលនៃផ្នែកខ្លះនៃប្រទេសថៃដែល(មានការ)ឆ្លងក្នុងសហគមន៍។ យើងមិនអាចបោះបង់ការធ្វើចត្តាឡីស័ក ១៤ ថ្ងៃបានទេ។ ទិសខាងលិចនៃមាតុប្រទេសរបស់យើងដែលជាប់ជាមួយប្រទេសថៃ រៀបចំបានល្អ ជាមួយនឹងការខិតខំរបស់អាជ្ញាធរខេត្តទាំងអស់ ដែលនៅជាប់ព្រំដែនកម្ពុជាថៃ ដោយមានការគាំទ្រពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ជាផ្នែកសុខាភិបាល។ កង្វល់ពីការផ្ទុះនិងរីករាលដាល កូវីដ​-១៩ ក្នុងសហគមន៍នៃប្រទេសវៀតណាម ប៉ុន្ដែឥឡូវនេះ ការព្រួយបារម្ភធំបំផុតរបស់យើង គឺការផ្ទុះឡើងនូវការឆ្លងក្នុងសហគមន៍ក្នុងប្រទេសវៀតណាម ដែលបានចាប់ផ្ដើមពីភាគខាងជើង ភាគកណ្ដាល និងភាគខាងត្បូង ដែលមេរោគនេះ តាមព័ត៌​មានដែលយើងទទួលបាន មានការក្លែងភេទទៀតផង។ នេះជាកង្វល់ដ៏ធំ ដែលខ្ញុំសូមប្រកាសឲ្យបណ្ដាខេត្តនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ទាំងអស់ចាប់តាំងពីខេត្តកំពត ដល់ខេត្តរតនគិរី…