សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និង វិបុលភាពក្នុងអាស៊ាន»

បណ្ឌិត ឆាង ដេ វ៉ាន់ (CHANG Dae-whan), ប្រធានសាជីវកម្ម​សារព័ត៌មានមេហ្គីយ៉ុង​ (Maekyung) និងស្ថាបនិកនៃ​វេទិកា​ចំណេះដឹងពិភពលោក​, ឯកឧត្តម, លោកជំទាវ, លោក លោកស្រី, និងភ្ញៀវកិត្តិយសទាំងអស់​ ជាទីមេត្រី! ជាបឋម, ខ្ញុំសូមចូលរួមអបអរសាទរដល់ ​វេទិកា​ចំណេះដឹងពិភពលោក ក្នុងឱកាស​ខួបលើកទី ២៥ នៃការបង្កើតវេទិកាដ៏មាន​សារៈសំខាន់នេះ ក្រោម​ការដឹកនាំប្រកបដោយ​បញ្ញាញាណ​របស់​ស្ថាបនិក បណ្ឌិត ឆាង ដេ វ៉ាន់ ដែល​វេទិកានេះ តែងតែប្រមូលផ្តុំ​មេដឹកនាំនៃគំនិតនៅលើពិភពលោក ទាំង​ក្នុង​វិស័យរដ្ឋាភិបាល, ឯកជន, សិក្សាធិការ និងវិទ្យាសាស្ត្រ ដើម្បី​ពិភាក្សា​លើបញ្ហា​ដែល​កំពុងលេចឡើងថ្មី និងបញ្ហា​ប្រឈមនានា ដែល​ជះឥទ្ធិពល​ដល់​អភិបាលកិច្ច​សកល ក្នុងបរិបទនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។​ ថ្ងៃនេះ, ខ្ញុំ​មាន​ក្តីរីករាយ​នឹង​ចែករំលែកនៅក្នុងវេទិកាដ៏ឧត្តុង្គឧត្តម​នេះ លើ​ប្រធានបទស្តីពី «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ដែលខ្ញុំ​គិតថា មានសារៈ​សំខាន់ ខណៈពេល​ដែល​ពិភពលោក​យើង​កំពុង​ជួបប្រឈមនឹងនិន្នាការ​ ដែលជំរុញ​​ការបែកបាក់, ការបែងចែក, ការរើសអើង, ការមិន​ឱ្យ​តម្លៃទៅលើ​គោលការណ៍ពហុភាគីនិយម និងបញ្ហាប្រឈមជាច្រើន ដែលជះឥទ្ធិពលដល់​សន្តិភាព, សន្តិសុខ និងអាច​បង្ក​ជាឧបសគ្គ​ដល់​ការ​អភិវឌ្ឍប្រកបដោយចីរភាព​។​ បើយើងក្រឡេកមើលថយក្រោយ, នៅពេលដែលកម្ពុជា…