ការដកស្រង់សេចក្តីអធិប្បាយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងសម័យប្រជុំវិសាមញ្ញ ព្រឹទ្ធសភាជា នីតិកាលទី៥ ផ្តោតលើ ២ចំណុចគឺសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ និងការឆ្លើយតបទៅ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា
(១) ទោះមានសភាពការអីក៏ដោយ រាប់ទាំងកូវីដ១៩ មិនដាក់ជាតិក្នុងគ្រាអាសន្ន ឬច្បាប់អាជ្ញាសឹក ឬកំណែនទូទៅ មុនចូលដល់ការអនុម័ត (សូមអោយ)ខ្ញុំរំលឹកចំណុចនេះបន្តិច។ (ការធ្វើ)វិសោធនកម្ម(មាត្រាខ្លះក្នុងរដ្ឋធម្មនុញ្ញ)ចុងក្រោយ ធ្វើនៅឆ្នាំ២០២២។ ពេលនោះ ខ្ញុំបានប្រគល់ឱ្យ ឯកឧត្តម កើត រិទ្ធ រៀបចំការធ្វើវិសោធនកម្មលើចំណុចខ្វះខាតនានា រាប់ទាំងបញ្ហាទាក់ទងនឹងការរៀបចំ ការតែងតាំងរដ្ឋាភិបាល ការតែងតាំងនាយករដ្ឋមន្ត្រី ដូចជាស្ថានភាពនៅទំនេរជាស្ថាពរនៃតំណែងនាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញជាដើម ដែលសុទ្ធតែជាចំណុចចន្លោះប្រហោង។ ឯកឧត្តម កើត រិទ្ធ បានលើកអំពីចំណុច(ដកសញ្ជាតិ)ហ្នឹងរួចស្រេចទៅហើយ ប៉ុន្តែខ្ញុំស្នើថា “មិនទាន់ដល់ពេលវេលាដែលយើងត្រូវធ្វើទេ”។ ខ្ញុំនៅចាំបានថា ប្រទេសរបស់យើងតាំងពីដើមមក បើទោះជាមានសភាពការអីក៏ដោយ យើងមិនដែលដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ឬក៏ច្បាប់អាជ្ញាសឹក ឬក៏ប្រកាសកំណែនទូទៅទេ។ យើងមិនធ្វើ។ សូម្បីតែពេលមានកូវីដ–១៩ ក៏យើងមិនដែលបានប្រកាសដាក់ប្រទេសជាតិក្នុងគ្រាអាសន្នដែរ ក្នុងពេលដែលប្រទេសនានានៅលើពិភពលោកបានដាក់ប្រទេសក្នុងគ្រាមានអាសន្នក៏ដោយ។ អ្វីដែលយើងកំពុងធ្វើពេលនេះ ព្រោះពេលវេលាបានមកដល់។ យើងបានដឹងហើយថា យើងកំពុង(ស្ថិតក្នុង)សភាពការណ៍ដែលជួបប្រឈមជាមួយបញ្ហាអ្វី?ខ្ញុំគិតថា បើសិនជាគ្មានសភាពការណ៍ព្រំដែនរវាងកម្ពុជានិងថៃទេ យើងក៏ពុំមានការចាំបាច់ដើម្បីធ្វើ(វិសោធនកម្មមាត្រាទី៣៣ នៃច្បាប់រដ្ឋធម្មនុញ្ញ)នេះដែរ។ (២) ទង្វើទាំងឡាយឃុបឃិតជាមួយបរទេស បំផ្លាញជាតិរបស់ខ្លួនទើបជាគោលដៅ(ច្បាប់ដកសញ្ជាតិ) ស្តីពីចំណុចនេះ ខ្ញុំនៅចាំច្បាស់ថា ថ្ងៃទី២៧ ខែមិថុនា កន្លងទៅ នៅទីរួមខេត្តព្រះវិហារ ខ្ញុំបានស្នើឱ្យធ្វើ(ការរៀបចំវិសោធនកម្មនេះ)ឡើង។…