សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសន្និសីទ៖ “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការការពារ និងការឆ្លើយតប តាមរយៈការអប់រំនិងការថែទាំសុខភាព”

លោកជំទាវ អាលីស វៃរីមូ ឌីរីទូ (Alice Wairimu Nderitu) អគ្គលេខាធិការរង និងជាទីប្រឹក្សាពិសេស នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួម ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួម និងថ្លែងសុន្ទរកថាបិទសន្និសីទ ក្រោមប្រធានបទ «អនាគតនៃប្រទេសកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍៖ ការបង្ការ និងការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព» ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា របស់ទីស្តីការគណៈរដ្ឋមន្ត្រី អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.), កងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ សាលយុត្តិតេជោនេះ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា នៅក្នុងការប្រឈមមុខនឹងអតីតកាលដ៏ខ្មៅងងឹត តាមរយៈការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីអំពើប្រល័យ​ពូជសាសន៍ ដោយមានកិច្ចសហការគាំទ្រពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្ត។ នេះគឺជាទីតាំងដ៏សក្តិសមបំផុតមួយ ដែលប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់វ័យ ក៏ដូចជាសហគមន៍អន្តរជាតិ អាចមករៀបចំសកម្មភាពនិងកម្មវិធីផ្សេងៗ ដើម្បីរៀនសូត្រពីប្រវត្តិសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងការទប់ស្កាត់ការកកើតឡើងវិញនៃអំពើប្រល័យពូជសាសន៍។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) វិធានការការពារ ការគ្រប់គ្រងចរាចរណ៍ ថែមដោយការការពារសុវត្ថិភាពពិរុទ្ធជន ពេលសវនាការម្ដងៗ តម្រូវឱ្យជ្រើសយកទីតាំងបញ្ជាការកងទ័ពជើងគោកធ្វើសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម ដើម្បីយល់ដឹងបន្ដិចអំពីទីតាំងនៃការរៀបចំប្រារព្ធការកាត់ទោសខ្មែរក្រហមនៅទីនេះ។ ខ្ញុំគួរតែត្រូវរំលេចឱ្យ​ឃើញ…

សុន្ទរកថានិងប្រសាសន៍អធិប្បាយ សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាយុត្តិធម៌

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលាយុត្តិធម្ម” ដែលជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ និង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ  ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ដែលជាការរួមចំណែក ក្នុងការធានារក្សាសន្តិសុខ   សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ។ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ១៩៨០ ដោយក្រឹត្យរបស់ក្រុមប្រឹក្សារដ្ឋ។ នៅសម័យនោះ កម្ពុជាបានបង្កើតឱ្យមាន  “តុលាការប្រជាជនបដិវត្តខេត្ត-ក្រុង” ដែលមានតែមួយថ្នាក់ប៉ុណ្ណោះ។ នៅឆ្នាំ ១៩៨២ តុលាការនេះ ត្រូវបានប្តូរឈ្មោះទៅជា “តុលាការប្រជាជនខេត្ត-ក្រុង និង អយ្យការអមតុលាការប្រជាជនខេត្ត-ក្រុង”។ នៅឆ្នាំ ១៩៨៥ “តុលាការប្រជាជនកំពូល” និង “មហាអយ្យការអមតុលាការប្រជាជនកំពូល” ត្រូវបានបង្កើតឡើង ដោយក្រឹត្យឆ្នាំ ១៩៨៥។…