សារសម្លេងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើជូនលោកអឹម នី និងអ្នកសារព័ត៌មានដែលមានការភាន់ច្រឡំ

ខ្ញុំសូមផ្ញើជូនចំពោះ លោក អឹម នី ក៏ដូចជាអ្នកសារព័ត៌មាន ព្រមទាំងបងប្អូនទាំងអស់ដែលបានចូលមើលតេឡេក្រាមនេះ។ តាមការរៀបរាប់របស់លោក អឹម នី ដែលខ្ញុំហៅថាប្អូនឬបង ប៉ុន្តែប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ។ ខ្ញុំសូមបញ្ជាក់ថា៖ទីមួយ ខ្ញុំគ្មានប្រវត្តិច្រើនទេគឺមានប្រវត្តិតែមួយគត់ គឺប្រវត្តិដែលបានថតជាខ្សែភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី រួចមកហើយ។ នេះគឺជាប្រវត្តិពិតរបស់ខ្ញុំ ហើយខ្ញុំក៏បានធ្វើបឋកថាថ្ងៃមុនអស់រយៈពេលពីរម៉ោង។ ខ្ញុំបាននិយាយច្រើនហើយ។ រឿងរបៀបនេះកើតឡើងមិនតិចជាង៥០ដងទេ ចាប់តាំងពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ អ្នកនេះអះអាងថាជួយខ្ញុំបែបនេះ ជួយខ្ញុំបែបនោះ មិនមែនជារឿងត្រឹមត្រូវទេ គ្មានអ្នកណាជួយខ្ញុំទេ មានតែខ្ញុំជួយអ្នកដទៃ ខ្ញុំសូមបញ្ជាក់។ ខ្ញុំមិនដឹងថាតើខ្ញុំរកពាក្យពេចន៍ដោះស្រាយយ៉ាងម៉េច សារព័ត៌មានយកមកចុះផ្សាយបែបនេះ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលភ្លេចគុណអ្នកណាទេ ក៏ប៉ុន្តែសូមអោយអ្នកដទៃគោរពគោលការណ៍និយាយត្រង់ និយាយពិត ព្រោះមិនអាចយកភាពកាឡៃ… ហើយរឿងដែលមិនដែលស្គាល់គ្នាមករស់នៅឯខេត្តពោធិសាត់ ហើយខេត្តពោធិសាត់ពេលនោះនៅភូមិភាគពាយព្យ វាឆ្ងាយណាស់ជាមួយនឹងជ្រុងម្ខាងនៃភូមិភាគបូព៌ាទិសដែលនៅស្រុកមេមត់ឯណោះទៅវាមិនរួច។ តែប្អូនបាននិយាយដល់ តាម៉ុក ជាភូមិភាគនិរតី តើប្អូននៅភូមិភាគពាយព្យឬភូមិភាគនិរតី? ហើយបងមិនដែលបានជួបប្អូនទាល់តែសោះ។ អាច(ថា)ប្អូនជួយមនុស្ស ប៉ុន្តែប្អូនប្រហែលជាស្គាល់មនុស្សខុស បងអត់ដែលបានជួបជាមួយប្អូនទេ ហើយក៏មិនមាន​អ្វីដែលត្រូវជួបដែរ។ ប្អូនទៅជួយបងឱ្យបងរត់? អត់មានទេប្អូន។ ពេលនោះបងជាមេបញ្ជាការម្នាក់ បងអាចនឹងបញ្ជាកងទ័ព ឬក៏អាចធ្វើអីមិនចាំអ្នកណាមកប្រាប់បងទេនៅពេលនោះ។ នេះគ្រាន់តែជម្រាបជូនជាដំណឹង។ សូមអ្នកអ្នកព័ត៌មានដកការផ្សព្វផ្សាយនេះចេញទៅ ជាជាងទុកឱ្យមានការភាន់ច្រឡំ…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបិទកញ្ចក់កា​មេរ៉ាថតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី»

(១) តួសម្ដែងច្រើនជំនាន់ខុសគ្នា សម្ដែងក្នុងរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” ថ្ងៃនេះ ជាការបង្ហាញមុខដំបូង បន្ទាប់ពីថ្ងៃទី ២២ ខែសីហា កន្លងទៅ ដែលពេលនោះ​ ខ្ញុំធ្វើសន្និសីទសារព័ត៌​មាន​មួយ បន្ទាប់ពីការចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់ឲ្យអ្នកជំនាន់ក្រោយបន្តវេន គ្រប់គ្រងដឹកនាំនីតិប្រតិបត្តិ។ ខ្ញុំសូមអរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីបិទកញ្ចក់កាម៉េរ៉ាថតខ្សែភាពយន្ត រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី»។ អម្បាញ់មិញ ឯកឧត្តម ហ៊ុយ វាសនា បានធ្វើរបាយការណ៍ទាក់ទង នឹងដំណើរការថតរឿងនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះអ្នកដឹកនាំរឿង ក៏ដូចជាកោតសរសើរចំពោះអ្នកបច្ចេកទេស កោតសរសើរចំពោះតួសម្ដែងទាំងអស់។ យើងមានតួសម្ដែងច្រើន ដែលខ្ញុំសូមបញ្ជាក់ថាគ្របដណ្ដប់ត្រឹមតែប្រមាណជាមិនដល់ ៣០% នោះទេ។ បើយោងទៅលើកត្តាប្រវត្តិសាស្ត្រពិត រឿងនេះមានតួអង្គច្រើនទៀតដែលយើងមិនបានរំលឹក ហើយប្រសិនបើត្រូវថតឱ្យអស់សាច់រឿង រឿងនេះអាចឈានដល់ ៣០០ ភាគ ក៏ថាបាន។ ប៉ុន្តែយើងមិនមានលទ្ធភាពធ្វើបែបនោះទេ។ យើងបានប្រមូលតួសម្ដែងតាំងពីសម័យសង្គមរាស្ត្រនិយម​ និងបន្តបន្ទាប់ទៀតច្រើនជំនាន់ខុសគ្នា ដើម្បីសម្ដែងរឿងនេះ។ ខ្ញុំយល់ពីការលំបាកនៃការថតរឿងនេះ។ ដែលលំបាកជាងគេ ដូចដែលខ្ញុំនិយាយពេលដែលយើងចាប់ផ្ដើមក្រុងពាលីដើម្បីរៀបចំថតខ្សែភាពយន្តនេះគឺតួសម្ដែងរបស់យើង មិនដូចតួអង្គជាក់ស្តែងកាលពីសម័យនោះទេ។ ខ្ញុំបាននិយាយថា ត្រូវយកតួសម្ដែងទៅលុតដំ…