លោក ចម ប្រសិទ្ធ ស្វាគមន៍ក្រុមហ៊ុនជប៉ុនសម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា

FN ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួបលោក Fumiaki Takahashi អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបានដឹកនាំប្រតិភូក្រុមហ៊ុនជប៉ុនមួយឈ្មោះ TESNA ENERGY ក្នុងគោលបំណង នាំចូលម៉ាសុីនដុតកាកសំណល់សម្រាមខ្នាតតូចមកលក់នៅទីផ្សារកម្ពុជា នៅរសៀលថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០១៧ នេះ។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន បានធ្វើការពន្យល់ថា ម៉ាសុីនដុតកាកសំណល់សម្រាមខ្នាតតូចនេះ មានអត្ថប្រយោជន៍ក្នុងការចូលរួមការពារបរិស្ថាន សុវត្ថិភាព និងសុខមាលភាពសាធារណៈ ព្រោះវាមានមុខងារច្រើនយ៉ាងក្នុងការសំអាតកាកសំណល់ ដែលមាននៅក្នុងទីកន្លែងជាច្រើនដូចជា មន្ទីរពេទ្យ-សួនឧស្សាហកម្ម-រោងចក្រ -វិទ្យាស្ថានស្រាវ ជ្រាវ-សាលារៀន -ផ្ទះមនុស្សចាស់ និងទីតាំងផ្សេងៗទៀត។ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្វាគមន៍ចំពោះគម្រោងខាងលើនេះ ព្រោះបានចូលរួមសំអាតបរិស្ថាន និងបង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ពីព្រោះបច្ចប្បន្នសម្រាមនៅរាយប៉ាយចម្រុះគ្នា។ តែលោកទេសរដ្ឋមន្ត្រីស្នើសុំឲ្យប្រាកដថា កាកសំណល់ជាផេះនោះ គឺមិនត្រូវមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្សសត្វឡើយ ។ បញ្ហានេះ លោកតម្រូវឲ្យឆ្លងកាត់ មន្ទីរពិសោធន៍វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមន្ទីរពិសោធន៍…

សម្តេចសង្ឃរាជ ទេព វង្ស ស្នើឲ្យអ្នកសារព័ត៌មានកែតម្រូវជាបន្ទាន់ រឿងផ្សាយថា ព្រះអង្គជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ

FN ៖ សម្តេចសង្ឃរាជ ទេព វង្ស ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនប្រកាន់អ្វីទេ ប៉ុន្តែស្នើសុំឲ្យអ្នកសារព័ត៌មានទាំងអស់ធ្វើការកែតម្រូវ ឡើងវិញ ព្រះអង្គមិនបានជាប់ពាក់ព័ន្ធជុំវិញបញ្ហាដឹកឈើនោះឡើយ នេះបើយោងតាមលិខិតរបស់មន្ទីរព័ត៌មាន ខេត្តសៀមរាបនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទ១០ ខែមីនា ឆ្នាំ២០១៧នេះ។ សម្តេចសង្ឃរាជ ទេព វង្ស ព្រះអង្គមានបន្ទូលទៀតថា សូមសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់មុននឹងចុះផ្សាយរឿងអ្វីមួយ ត្រូវស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងចុះផ្សាយទៅខុសប៉ះពាល់កិត្តិយសអ្នកដទៃ។ ការចេញលិខិតបដិសេធនិងបំភ្លឺរបស់មន្ទីរព័ត៌មាន ខេត្តសៀមរាបនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានមួយចំនួនបានចេញផ្សាយថា ឈើចំនួន២រថយន្ត ប្រភេទយីឌុបជារបស់សម្ដេចសង្ឃ ទេព វង្ស ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប រឹបអូសនៅចំណុចភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៩ ខែមីនាម្សិលមិញ៕

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អមដោយអភិបាលរាជធានី-ខេត្តកណ្តាល ចូលរួម​បញ្ចុះ​បឋមសិលា​​សាងសង់ អគារមជ្ឈមណ្ឌល​ទទួលថែទាំ​ និងព្យាបាល​ជនវិកលចរិក

FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​សាងសង់ អគារ​មជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី (ជនវិកលចរិក) នៅមជ្ឈមណ្ឌលកុមារកំព្រា​ «បារាំង​ហុងរី​» មានទីតាំងក្នុងភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង​ ខេត្ត​កណ្តាល​ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ។ មន្រ្តីក្រសួងសង្គមកិច្ចបានឲ្យដឹងថា អគារដែលត្រូវសាងសង់នេះមានទំហំ៩ម៉ែត្រគុណ និង៤៦ម៉ែត្រ កំពស់២ជាន់ និងមានចំនួន១០បន្ទប់។ នៅក្នុងពិធីខាងលើនេះ ក៏មានការសណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារ ព្រមទាំងសិស្សានុសិស្សជាច្រើនរយនាក់ផងដែរ។ នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី វង សូត បានសុំឲ្យការសាងសង់ បានកាន់តែឆាប់កាន់តែល្អ បើរួចរាល់នៅចុងឆ្នាំ២០១៧នេះ រឹតតែល្អដើម្បីស្តារមុខមាត់ នៅមណ្ឌលសំចតព្រៃស្ពឺ៕