អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រំលឹកអំពីស្នាដៃធំៗមួយចំនួនរបស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងការបម្រើជាតិ

FN ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានរំលឹកអំពីស្នាដៃធំៗមួយចំនួនរបស់ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការបម្រើជាតិមាតុភូមិ។ លោក ផៃ ស៊ីផាន បានរំលឹកយ៉ាងដូច្នេះថា៖ «ជាងដប់ឆ្នាំ ដែលមានឱកាសការងារ ជាមួយ សម្តេចវិបុលបញ្ញា សុខ អាន ខ្ញុំជាមួយមន្ត្រីដទៃទៀត គឺយល់ប្រាកដថា ទទួលចំណេះដឹង ទូលំទូលាយនូវនយោបាយ គោលការណ៏ យុទ្ធសាស្រ្ត និង ជំហានយកប្រៀប និងការគ្រប់ គ្រងស្ថានភាពជាដៃគូរ នោះរាប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ នៅក្នុងវិវាទការដាក់ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក សម្តេចវិបុលបញ្ញា សុខ អាន មិនត្រឹមតែទទួលបាន ជោគជ័យប៉ុណ្ណោះទេ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានផ្តល់ងារដល់សម្តេចថា «ជាអ្នកការទូតប្រកបដោយវិជ្ជាជីវៈខ្ពស់» នៅក្នុងវិស័យចរចា បញ្ហាព្រំដែនសមុទ្រ និងវិស័យសហប្រតិបត្តិការណ៍ជាមួយនិងរាជរដ្ឋាភិបាលថៃ សម្តេចទទួលបាននូវការទទួលស្គាល់ និងកោតសសើរពីភាគីថៃថា «ជាអ្នកប៉ិនប្រសព្វជាមួយនិងវិជ្ជាជីវៈខ្ពស់ប្រកបដោយភាពថ្លៃថ្នូរ» នោះមិនគិតដល់ភាគីបរទេសដទៃទៀតនោះឡើយ ។…

គ.ជ.ប បង្ហាញឈ្មោះ និងស្លាកសញ្ញាសម្គាល់បក្សនយោបាយ​ទាំង១២ ត្រូវដាក់លើ​សន្លឹកឆ្នោត សម្រាប់ការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់

​FN​ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញឈ្មោះ ស្លាកសញ្ញាគណបក្ស និងអក្សរកាត់គណបក្ស សម្រាប់ដាក់លើសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ គណបក្សទាំង១២នោះ រួមមាន៖ ១៖ គណបក្សប្រជាជនកម្ពុជា, ២៖ គណបក្សសង្គ្រោះជាតិ​, ៣៖ គណបក្សហ៊្វុស៊ិនប៉ិច, ៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, ៥៖ គណបក្សខ្មែររួបរួមជាតិ, ៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ៧៖ គណបក្សសញ្ជាតិកម្ពុជា, ៨៖ គណបក្សអំណាចខ្មែរ, ៩៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន,១០៖ គណបក្សយុវជនកម្ពុជា, ១១៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, ១២៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕

​សាររំលែកមរណទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកជំទាវ អានី សុខអាន

FN ៖ នៅមុននេះបន្តិចនាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកមរណភាពទុក្ខជូនលោកជំទាវ អានី សុខអាន ចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ​នៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។ នៅលិខិតរំលែកមរណទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា៖ «សូមសម្តែងនូវសមានទុក្ខ ស្តាយស្រណោះអាឡោះអាល័យ និងក្តីសង្វេគអនេកប្បការ ព្រោះថាមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់ឧត្តមស្វាមីប្រកបដោយភក្តីភាពបំផុត ចំពោះភរិយា ហើយក៏ជាការបាត់បង់លោកឪពុក និងជីតាពោរពេញដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួតចំពោះ បុត្រាបុត្រី បុត្រាបុត្រីប្រសា និងចៅៗទាំងអស់ជាស្រឡាញ់ លើសពីនេះទៀត នេះក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនដ៏ឆ្នើម របស់ជាតិមួយរូប ដែលបានបំរើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានធ្វើពលិកម្ម​សព្វបែបយ៉ាង»។