DAP ៖ អ្នកនំាពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានឲ្យដឹងថា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខ គ.ជ.ប នឹងចំណាយថវិកាចំនួន ៧៥ម៉ឺនដុល្លារ សម្រាប់ទិញទឹកខ្មៅជ្រលក់ចង្អុលដៃ សម្រាប់ដំណើរការបោះឆ្នោត។
លោក ហង្ស ពុទ្ធា ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សា ជាមួយតំណាងឯកអគ្គរាជទូតជប៉ុន សហគមន៍អឺរ៉ុប (EU) និងស្ថានទូតអាមេរិក នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ថា «គ.ជ.បនឹងចំណាយថវិកា៧៥ម៉ឺដុល្លារ លើការទិញទឹកខ្មៅ សម្រាប់ប្រើប្រាស់ការបោះឆ្នោត ឃុំ-សង្កាត់នាពេលខាងមុខ »។
លោកក៏បានឲ្យដឹងទៀតថា សម្រាប់ការបោះឆ្នោតខាងមុខ ខាងសហគមន៍អឺរ៉ុប ក៏បញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា ។ ជាងនេះទៀត អ្នកសង្កេតការណ៍នោះ នឹងបន្តតាមដានការបោះឆ្នោត រហូតដល់ការបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្ត្រផងដែរ។
លោកបញ្ជាក់ថា « ខ្ញុំសូមជម្រាបថា អ្នកសង្កេតការណ៍អន្តរជាតិបច្ចុប្បន្នមាន៤១រូប ក្នុងនោះស្ត្រី១៨រូប។ ចំពោះមុខនេះ មានអ្នកសង្កេតការណ៍ មកពីតាមស្ថានទូត និងអង្គការសង្គមស៊ីវិលនានា »។
សម្រាប់ទឹកខ្មៅវិញ អ្នកនំាពាក្យគ.ជ.បថា ទិញមកពីក្រុមហ៊ុន មួយនៅក្នុងប្រទេសឥណ្ឌា ហើយនឹងមកដល់កម្ពុជា ក្នុងរយៈពេលខាងមុខ មុនការបោះឆ្នោតកន្លះខែ ។
ជាមួយគ្នានោះដែរ លោក ហង្ស ពុទ្ធា ក៏បានឲ្យដឹងថា ក្នុងជំនួបនោះ ខាងសហគមន៍អឺរ៉ុប បានកោតសរសើរគ.ជ.ប បានធ្វើការច្រើន និងសង្ឃឹមថា ការបោះឆ្នោតខាងមុខ នឹងមានភាពល្អប្រសើរដែរ ។ ប៉ុន្តែក្នុងជំនួបនោះ ខាងសហគមន៍អឺរ៉ុប ក៏បានលើកបង្ហាញទឹកខ្មៅ ដែលលុបមិនជ្រះផងដែរ។ ដោយបានលើកឡើងថា ប្រសិនបើមានករណីលុបមិនជ្រះ ត្រូវប្រកាសជាសាធារណៈ និងទំនាក់ទំនងជាមួយក្រុមហ៊ុនទិញទឹកខ្មៅ ឲ្យច្បាស់ ហើយក្រុមហ៊ុនត្រូវទទួលខុសត្រូវ ប្រសិនបើកម្រិត ណេត្រាស៊ីវ័រដាក់ក្នុងទឹកខ្មៅលុបជ្រះ មិនគ្រប់កម្រិត ២៥% ឬងប់ហើយ បានបញ្ជូនមកកម្ពុជា ។
ចំណែកភាគី ជប៉ុន វិញ ក៏បានកើតសរសើរ ចំពោះដំណើរការរបស់គ.ជ.ប និងបានជំរុញឲ្យគ.ជ.បផ្សព្វផ្សាយ ឲ្យពលរដ្ឋជឿទុកចិត្ត លើស្ថាប័នខ្លួន។ ដោយឡែងខាងស្ថានទូតអាមេរិក ក៏បានកោតសរសើរដល់ គ.ជ.បផងដែរ សម្រាប់ដំណើរបោះឆ្នោតខាងមុខនេះ ៕