ក្រសួងយុត្តិធម៌ កំពុងពិនិត្យលើសំណើសុំបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិតជិត៤០០នាក់ សម្រាប់បុណ្យចូលឆ្នាំថ្មី

FN ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ គណៈកម្មការថ្នាក់ជាតិនៃក្រសួងយុត្តិធម៌ បានទទួលសំណើពីគណៈកម្មការថ្នាក់ខេត្តចំនួន១៧ និងមណ្ឌលអប់រំកែប្រែចំនួន៤ ដើម្បីពិនិត្យលើការស្នើបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ៣៩១នាក់។ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមទណ្ឌិត ៣៩១នាក់ ដែលក្រសួងកំពុងពិនិត្យស្នើលើកលែង​ទោសនោះ មានស្រ្តី២៤នាក់ ហើយក្នុងនោះមានស្នើបន្ធូរបន្ថយទោសចំនួន៣១៤នាក់ និងស្នើលើកលែងទោសចំនួន៧៧នាក់។ លោក គឹម សន្តិភាព បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពិនិត្យសំណើថ្នាក់ខេត្ត ចំពោះការបន្ធូរបន្ថយ និងលើកលែង​ទោសដល់ទណ្ឌិត នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ នៅមិនទាន់សម្រេចទាំងស្រុងនៅឡើយទេ ហើយគណៈកម្មការថ្នាក់ជាតិនៃក្រសួងយុត្តិធម៌ នឹងបន្តពិនិត្យថែមទៀត នៅថ្ងៃស្អែក។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា សម្រាប់ថ្ងៃនេះ ក្រសួងបានពិនិត្យតែសំណើរពីគណៈកម្មការថ្នាក់ខេត្តចំនួន១៣ប៉ុណ្ណោះ ដោយឡែក​សំណើ​របស់គណៈកម្មការថ្នាក់ខេត្តចំនួន៥ និងមណ្ឌលអប់រំកែប្រែចំនួន៤ទៀត ដែលនៅសេសសល់ គណៈកម្មការថ្នាក់ជាតិ នឹងបន្តកិច្ចប្រជុំ នារសៀលថ្ងៃស្អែក៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់ថវិកាចំនួន១០៥,០០០ដុល្លារ ខួង-ជួសជុលអណ្តូងទឹកស្អាត៥១អណ្តូង និងជីក-ស្តារស្រះទឹកចំនួន២ ជូនពលរដ្ឋរស់នៅខេត្តចំនួន៣

FN ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០៥,០០០ដុល្លារអាមេរិក (មួយសែនប្រាំពាន់ដុល្លារអាមេរិក) ដើម្បីខួង-ជួសជុលអណ្តូងទឹកស្អាតចំនួន ៥១ អណ្តូង និងជីក-ស្តារស្រះទឹកចំនួន ២ ជូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ចំនួន១,៣០៥គ្រួសារ ស្មើនឹងមនុស្ស៥,៨៦១នាក់ រស់នៅខេត្តពោធិ៍សាត់ ព្រះវិហារ និងខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧ នេះ។ សូមបញ្ជាក់ផងដែរថា ក្នុងចំណោមស្រះ-អណ្តូងដែលបានផ្តល់ជូនខាងលើនេះ ក្នុងនោះរួមមាន ៖ ១/ ខួងអណ្តូងចំនួន ១៥, ស្តារស្រះមួយ និងជីកស្រះទឹកថ្មីមួយ សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកបាកាន ស្រុកកណ្តៀង ស្រុកវាលវែង និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ២/ ខួងអណ្តូងចំនួន ១៥ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំឆែប ២ និងឃុំរតន នៃស្រុករវៀង ខេត្តព្រះវិហារ។ ៣/ ខួងអណ្តូងចំនួន២០ និងជួសជុលអណ្តូងដែលមានស្រាប់ចំនួនមួយ សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកឱរ៉ាល់ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

ក្រសួងវប្បធម៌​ និងធនាគារជាតិ​ ចុះកិច្ចព្រមព្រៀង​ ផ្ទេរសម្បត្តិវប្បធម៌បុរាណ ពីសារមន្ទីរជាតិកម្ពុជា ទៅកាន់សារមន្ទីរ​ «ព្រះស្រីឦសានវរ្ម័ន»

FN ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងស្តីពី ការផ្ទេរបុរាណវត្ថុ និងវត្ថុសិល្បៈមួយចំនួន ពីសារមន្ទីរជាតិ​កម្ពុជា ទៅកាន់សារៈមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ័្មន ហៅកាត់ថា «សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ» ក្រោមអធិបតីភាព​របស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។​ ពិធីចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងនេះ ត្រូវបានប្រារព្ធឡើងក្រោមបរិយាកាស ប្រកបដោយកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងធនាគារជាតិកម្ពុជា និងក្រសួងវប្បធម៌វិចិត្រសិល្បៈ ក្នុងកិច្ចដំណើរការរៀបចំ កសាងសារៈមន្ទីរមួយ ដើម្បីឲ្យសាធារណជន ជាតិនិងអន្តរជាតិបានចូលរួមទស្សនា និងសិក្សាស្វែងយល់ពីប្រវិត្ត រូបិយវត្ថុនៅកម្ពុជា សារៈសំខាន់នៃរូបិយវត្ថុ ប្រព័ន្ធរូបិយវត្ថុ និងតួនាទីរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកន្លងមក ក៏ដូចជាធ្វើជាមជ្ឈមណ្ឌល ឯកសាររូបិយវត្ថុ មួយសម្រាប់សាធារណជនទូទៅ គ្រប់មជ្ឈដ្ឋាន។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនាឱកាសនោះថា…